ផ្ទុះបទល្មើសកាប់ឈើ ជុំវិញទំនប់វារីអគ្គិសនីសេសានក្រោម២

ខេត្តស្ទឹងត្រែង ៖ ប្រភពព័ត៌មានមួយ បានទម្លាយឱ្យដឹងថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើដោយខុសច្បាប់ កំពុងកើតមានយ៉ាងកក្រើក នៅជុំវិញបរិវេណទីតាំងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន ដែលមានចម្ងាយប្រហែលជាង២០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង ដោយក្នុងមួយថ្ងៃៗ មានសកម្មភាពកាប់ អារ ច្រៀក ដឹកជញ្ជូនឈើចេញរាប់រយគូប តាមផ្លូវទឹក និងផ្លូវគោក រហូតធ្វើឱ្យព្រៃឈើនៅតំបន់នោះ កំពុងប្រឈមនឹងការរលាយហិនហោច។

ប្រភពព័ត៌មានបានបង្ហើបប្រាប់ថា សកម្មភាពកាប់ឈើលក់នៅក្នុងទីតាំងទំបន់វារីអគ្គិសនីសេសានក្រោម២នេះ បានកើតមានឡើងយ៉ាងរលូន ដោយជ្រកក្រោមស្លាកអភិវឌ្ឍន៍កសាងទំបន់វារីអគ្គិសនី ប៉ុន្តែស្របនឹងការអភិវឌ្ឍដោយស្របច្បាប់នោះ ក៏មានជនខិលខូចលួចឆ្លៀតឱកាសប្រព្រឹត្តបទល្មើសព្រៃឈើផងដែរ។

 

ប្រភពដដែលបានឱ្យដឹងថា តាមច្បាប់ កំណត់នៅជុំវិញបរិវេណទីតាំងទំនប់វារីអគ្គិសនីនេះ គេអាចអនុញ្ញាតឱ្យកាប់ឈើវាតទីធ្វើជាបាតអាង ត្រឹមរង្វង់កំណត់ ប៉ុន្តែរហូតមកដល់សព្វថ្ងៃ ការកាប់ឈើបានវាតចេញឆ្ងាយពីរង្វង់អនុញ្ញាត រហូតដល់ជិត២០គីឡូម៉ែត្រឯណោះ។ ជាមួយនេះ ច្បាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនដាក់ម៉ាស៊ីនអារច្រៀកឈើ ត្រឹមតែ១០ម៉ាស៊ីនប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមានម៉ាស៊ីនអារច្រៀកឈើ មិនតិចជាង៣០០ម៉ាស៊ីននោះទេ ដើម្បីអារច្រៀកឈើ សម្រាប់នាំចេញយកទៅលក់នៅតាមបណ្តាទីតាំងផ្សេងៗ ពោលគឺកាប់ឈើធ្វើជាអាជីវកម្មតែម្តង។

ប្រភពខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ចំណែកការដឹកជញ្ជូនឈើចេញពីទីតាំងទំនប់វារីអគ្គិសនីសេសានក្រោម២ នេះវិញ គឺធ្វើឡើងតាម២រូបភាពធំៗ ដោយទី១ ដឹកជញ្ជូនតាមផ្លូវទឹក និងទី២ ដឹកជញ្ជូនតាមផ្លូវគោក។ ចំពោះការដឹកឈើចេញតាមផ្លូវទឹក ឃើញមានការដឹកឈើមូលចេញតាមទូក ដោយក្នុង១ទូកៗ ដឹកក្នុងបរិមាណ ចាប់ពី៤០ទៅ៥០គូបឯណោះ  ហើយក្នុងមួយថ្ងៃ ត្រូវបានគេដាក់វេនដឹកចេញចាប់ពី២ទៅ៣ជើង តាមស្ថានភាពជាក់ស្តែង។ រីឯការដឹកជញ្ជូនចេញតាមរថយន្តវិញ ភាគច្រើនជាប្រភេទឈើអារច្រៀករួចរាល់ មានទាំងគ្រឿងឈើធ្វើផ្ទះ ឈើក្រហម ឈើប្រភេទលេខ១ និងប្រភេទលេខ២ ដោយដឹកចេញក្នុង១ថ្ងៃៗ មិនក្រោម៣០រថយន្តនោះទេ ហើយគេតែងឃើញការដឹកឈើតាមរថយន្តនេះ ច្រើនដឹកចេញទៅកាន់ច្រកស្រុកសៀមប៉ាង។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងផងដែរថា អ្នកដែលគ្រប់គ្រងមើលការខុសត្រូវចំពោះ ការកាប់ និងដឹកជញ្ជូនឈើនៅតំបន់ខាងលើ ត្រូវបានស្គាល់ត្រឹមឈ្មោះថា ឧកញ៉ាជ័យ និងជាមនុស្សម្នាក់ ដែលមានឥទ្ធិពលខ្លាំងប្រចាំខេត្ត ស្ទឹងត្រែង…ហេស! ហេ! ផ្កាយរះលើស្មា។

ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកការពារ និងអភិរក្សព្រៃឈើ បានលើកឡើងថា ស្របពេលដែលថ្នាក់ដឹកនាំរវល់ជាប់ដៃ គិតរឿងនយោបាយ ពិសេសក្រោយមានការរំលាយបក្សប្រឆាំង ដែលមានការផ្ទុះការតវ៉ាក្តៅគគុកនៅបរទេសនោះ ធ្វើឱ្យក្រុមឈ្មួញទុច្ចរិតឆ្លៀតឱកាសសម្រុកកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើចេញយកទៅលក់យ៉ាងគគ្រឹកគគ្រេង គ្មានខ្លាចក្រែងរអែងច្បាប់ទម្លាប់អ្វីបន្តិចសោះ។ ជាមួយគ្នានេះ ពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំប្រទេស និងអាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចុះពិនិត្យ និងមានវិធានការតឹងរ៉ឹងច្បាស់លាស់លើបញ្ហាខាងលើនេះផង ព្រោះបើបណ្តែតបណ្តោយបែបនេះ ព្រៃឈើនៅតំបន់នោះ ច្បាស់ជារលាយហិនហោចអស់ ក្នុងពេលដ៏ឆាប់ខាងមុខនេះមិនខាន ចំណែកអាជ្ញាធរដែនដីសម្ងំស៊ីឈើ ស្ងាត់ជ្រាប?

ជុំវិញការទម្លាយចេញនូវព័ត៌មានខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពីខាងតំណាងក្រុមហ៊ុនទទួលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២  កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរដែនដី!។

គួរបញ្ជាក់ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាទំនប់វារីអគ្គិសនីធំជាងគេនៅកម្ពុជា និងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ព្រមទាំងចាប់ដំណើរការសាងសង់ឡើង កាលពីអំឡុងឆ្នាំ២០១៤ ដែលអាចមានលទ្ធភាពផលិតថាមពលអគ្គិសនី បានរហូតដល់ទៅ៤០០មេហ្គាវ៉ាត់។ ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានសាងសង់ឡើងក្រោមទំហំទឹកប្រាក់ប្រមាណជាង៨០០លានដុល្លារ និងមានការសហការវិនិយោគរវាងក្រុមហ៊ុនក្នុងនិងក្រៅស្រុក ចំនួន៣ ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ាគិត ម៉េង មានទុនវិនិយោគ៣៩ភាគរយ ក្រុមហ៊ុន ចិន Hydro Power SeSan 2 Co.,Ltd មានទុនវិនិយោគ៥១ភាគរយ និងក្រុមហ៊ុនអគ្គិសនីវៀតណាម មានទុនវិនិយោគ១០ភាគរយ។ ប៉ុន្តែ ការដាក់ឱ្យដំណើរការទំនប់វារីអគ្គិសនីសេសានក្រោម២នេះ បានធ្វើឡើង ខណៈដែលប្រជាពលរដ្ឋប្រមាណជា១៣៦គ្រួសារ នៅតែអះអាងថា មិនព្រមចាកចេញ ដោយសារតែជាភូមិចាស់ ដែលបង្កប់នូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណី ដូនតា ខណៈដែលប្រជាពលរដ្ឋរាប់រយគ្រួសារទៀត បានយល់ព្រមចាកចេញ ដោយទទួលយកសំណង និងទៅតាំងលំនៅថ្មីរួចអស់ទៅហើយ៕