ផឹកអស់ស្រាស ថែមស្រាបៀរ ស្រវឹងដេកដី ចោរលួចម៉ូតូបាត់

ភ្នំពេញ ៖ បុរសម្នាក់បានជួបជុំមិត្តភក្តិផឹកស្រាស រហូតស្រវឹងធ្លាក់ភ្នែកទៅហើយ ក៏ទិញស្រាបៀរ៦កំប៉ុងមកផឹកទៀត  រួចក៏ជិះម៉ូតូទៅដេកមុខបន្ទប់ផ្ទាល់ដី លង់លក់យ៉ាងរំភើយមូសខាំលែងឈឺ លុះដឹងខ្លួន ទើបដឹងថា ចោរលួចម៉ូតូយកទៅបាត់ស្រមោល ទើបធ្វើឱ្យមានការផ្អើលឆោឡោ កាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅមុខបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសស្រវឹងស្រាដេកដី ចោរលួចម៉ូតូបាត់នេះ មានឈ្មោះគង់ មុត អាយុ២៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ  មានស្រុកកំណើតភូមិតាម៉ុម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម៉ូតូចោរលួចបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ ១N-៤៧៣៤។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ក្រោយបញ្ចប់ម៉ោងការងារនៅការដ្ឋានសំណង់ នៅផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល រូបគេបានជួបជុំមិត្តភក្តិ៥នាក់ ទិញស្រាស៥លីត្រ នាំគ្នាព័ទ្ធវង់ផឹក រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ស្រវឹងស្រឿងៗ ក៏ជិះម៉ូតូវិលមកផឹកនៅផ្ទះមិត្តភក្តិម្នាក់ទៀត ក្នុងភូមិកប់គង សង្កាត់ចោមចៅ២ អស់ស្រាបៀរ៥កំប៉ុងបន្ថែមទៀត ទើបជិះម៉ូតូទៅផ្ទះជួល តែបិទទ្វារចាក់សោរបងខាងក្រៅ ជាប់ហៅប្រពន្ធក៏មិនឮ ងងុយដេកពេក ម៉្យាងឥទ្ធិពលនៃជាតិស្រវឹងពេញខ្លួន មានតែដេកទ្រោបលើដី លុះរហូតដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ប្រពន្ធបើកទ្វារចេញក្រៅដាស់ឱ្យគាត់ងើបដឹងខ្លួន ស្រាប់តែបាត់ម៉ូតូ ចោរលួចយកទៅបាត់ ទើបឆោឡោរត់ទៅប្តឹងប៉ូលិស ដើម្បីកុំឱ្យគេថាខ្លួនឯងអន់ពេក ផឹកស្រវឹងធ្លាក់ភ្នែក ក៏ប្រាប់ប៉ូលិសថា មានគេដាក់ថ្នាំយកម៉ូតូទៅវិញ។

នៅចំពោះមុខសមត្ថកិច្ច ហើយដោយសមត្ថកិច្ចជជីកសាកសួរខ្លាំង ទើបជនរងគ្រោះប្រាប់ការពិតថា ខ្លួនស្រវឹងជ្រុល ក៏មកដេកនៅមុខបន្ទប់ផ្ទាល់ដី តែដឹងអីពេលប្រពន្ធចេញមកដាស់ឱ្យដឹងខ្លួន ទើបដឹងថា មានចោរមកធ្វើសកម្មភាពលួចម៉ូតូបាត់ទៅហើយ។

ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាម បំណងស្វែងរកម៉ូតូរបស់ជនរងគ្រោះ និងចាប់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕