Thursday, January 23, 2025
Homeព័ត៌មានជាតិប្រធានទីផ្សារ ស៊ីដាច់លុយក្រុមហ៊ុន១៥ម៉ឺនដុល្លារ 

ប្រធានទីផ្សារ ស៊ីដាច់លុយក្រុមហ៊ុន១៥ម៉ឺនដុល្លារ 

ភ្នំពេញ ៖ បុរសជាប្រធានគ្រប់គ្រងទីផ្សារ និងផ្នែកលក់ប្រចាំក្រុមហ៊ុនហ្គ្រេតវ៉ាយក្លូបបល ត្រេឌីង ដែលលក់ប្រេងរំអិលម៉ាកជឺលូ ព្រោះតែវក់នឹងល្បែងស៊ីសងខ្លាំងពេក ក៏បែកគំនិតកិបកេង ស៊ីដាច់លុយរបស់ក្រុមហ៊ុន រហូតដល់ទៅ១៥ម៉ឺនដុល្លារ យកទៅចាយវាយ និងលេងល្បែង ចាញ់សល់គូទខោ ទីបំផុតក្រុមហ៊ុនស៊ើបដឹង ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ជនសង្ស័យដែលស៊ីដាច់ប្រាក់ក្រុមហ៊ុនយ៉ាងសន្ធឹកសន្ធាប់រហូតដល់ទៅជាង១៥ម៉ឺនដុល្លារ មានឈ្មោះស៊ិន តារាវុធ អាយុ៣០ឆ្នាំ មានលំនៅបច្ចុប្បន្នផ្ទះជួលល្វែងលេខ៥ ភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកខាំសុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងឹថា ក្រោយពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនរួចហើយក៏បានបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តតាមរូបភាពស៊ីដាច់ប្រាក់ក្រុមហ៊ុនចំនួន១៥ម៉ឺនដុល្លារអាមេរិក។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១២កន្លងទៅ ឈ្មោះស៊ិន តារាវុធ បានចូលបម្រើការងារក្នុងក្រុមហ៊ុនហ្គ្រេត វ៉ាយក្លូបបលត្រេឌីង។ រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនបានប្រគល់តួនាទីឱ្យឈ្មោះ ស៊ិន តារាវុធ ជាប្រធានទីផ្សារ និងផ្នែកលក់ ប្រចាំតំបន់២ ដែលកាន់កាប់ខេត្តចំនួនបី គឺខេត្តកំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ចាប់តាំងពីពេលនោះ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០១៧ ឈ្មោះស៊ិន តារាវុធ បានកិបកេង ប្រាក់ក្រុមហ៊ុនជាបន្តបន្ទាប់ រហូតដល់ជាង១៥ ម៉ឺនដុល្លារ ទើបខាងក្រុមហ៊ុនមានការសង្ស័យ បើកការស្រាវជ្រាវ រកឃើញថា ឈ្មោះស៊ិន តារាវុធ បានប្រមូលប្រាក់ពីអតិថិជនរួចហើយ តែពុំបានយកមកបង់ឱ្យក្រុមហ៊ុនគ្រប់ចំនួនទេ ពោលគឺបង់ខ្លះ និងកិបកេងខ្លះ។

ចំពោះមុខសមត្ថកិច្ច ឈ្មោះស៊ិន តារាវុធ បានសារភាពថា ខ្លួនពិតជាកិបកេងប្រាក់ក្រុមហ៊ុន ដូចអ្វីដែលបានចោទប្រកាន់ខាងលើប្រាកដមែន ដោយយកទៅចាយវាយខ្លះ និងយកទៅលេងល្បែងស៊ីសងខ្លះ៕

RELATED ARTICLES