Friday, March 29, 2024
Homeព័ត៌មានជាតិចាប់ស្ងាត់ ដោះលែងស្ងាត់

ចាប់ស្ងាត់ ដោះលែងស្ងាត់

ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណីតប្រភេទធ្នង់ ដឹកតាមរថយន្តធុនធំភ្លៅ៥ មួយគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទាក់បានកាលពីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ពានស្រះអង្កាម ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ និងបានប្រគល់ឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្ត ចាត់ការតាមផ្លូវច្បាប់នោះ ហាក់កំពុងស្ថិតក្នុងភាពអាថ៍កំបាំង ព្រោះមានប្រភពរាយការណ៍មកថា មានការដោះលែងទៅវិញហើយ បន្ទាប់ពីមានការជំនួបរវាងមន្ត្រីជំនាញ និងក្រុមអ្នកប្រព្រឹត្តបទល្មើសនៅហាងផឹកស៊ី១កន្លែង ។

 

មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌកំពង់ឆ្នាំង ដែលសុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា រថយន្តភ្លៅ៥ ដែលត្រូវអាវុធហត្ថចាប់បាន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិក ពាក់ស្លាកពីមុខភ្នំពេញ ៣B-៨៥១៣ ស្លាកលេខពីក្រោយ ភ្នំពេញ ៤A-២៤២៣ បិទលេខ១៦៨ បន្លំធ្វើជារថយន្តដឹកឈើរបស់លោកឧកញ៉ាទ្រី ភាព និងមានដឹកឈើដុំៗ កំណាត់តូចៗប្រភេទធ្នង់ពេញទ្រង់រថយន្ត ដែលមានទំហំបណ្តោយ១១ម៉ែត្រ ទទឹង២ម៉ែត្រ កម្ពស់២,៥០ម៉ែត្រ ដែលគេប៉ាន់ប្រមាណថា មានចំនួន៥៥ម៉ែត្រគូប ដឹកចេញមកពីខេត្តពោធិ៍សាត់ ឆ្ពោះទៅទីក្រុងភ្នំពេញ តែត្រូវកម្លាំងអាវុធហត្ថខេត្ត ស្ទាក់ចាប់បានពេលយប់ និងប្រគល់ទៅជំនាញរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

ដោយឡែក ប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្ត បានទម្លាយប្រាប់ថា ជាធម្មតាច្បាប់ដឹកឈើ (ពែរមីPC) មេព្រៃគេចេញឱ្យដឹកឈើតាមរថយន្តក្នុង១ជើងៗ មានចំនួនតែ១៨ម៉ែត្រគូបប៉ុណ្ណោះ តែនេះមេឈ្មួញដឹកឈើបានដឹកដល់ជាង៥៥ម៉ែត្រគូបនេះ បើគុណតាមទំហំទ្រុងរថយន្ត ហើយមិនត្រឹមប៉ុណ្ណឹងបានលួចបិតលេខ១៦៨ បន្លំជារថយន្តរបស់ក្រុមហ៊ុនលោកឧកញ៉ាទ្រី ភាព ទៀត ដែលក្រុមហ៊ុននេះ បានបញ្ចប់អាណត្តិដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ទៅហើយ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងដែរថា រហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃទី១២ ខែធ្នូ គេឃើញសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និងមេឈ្មួញដឹកឈើ ដែលជិះរថយន្តឡិចស៊ីស ពណ៌ទឹកប៊ិក បានទៅចរចាស៊ីផឹកជាមួយគ្នាជាសម្ងាត់នៅក្នុងហាងលក់គ្រឿងក្លែមមួយ ឈ្មោះម្លប់ពីងពុង ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ដោយឡែក ក្រោយពីបែកការណ៌រួចមកនោះ លោកងិន ហ៊ុន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ បានបញ្ជាឱ្យជំនាញរើឈើទាំងអស់ក្នុងរថយន្តទម្លាក់មកដី ដើម្បីផ្ទៀងផ្ទាត់ជាមួយពែរមីដឹកឈើ តើដឹកលើសប៉ុន្មានគូប តែក្រោយថ្លឹងបានបន្តិច ក៏ឈប់ថ្លឹង ហើយចាប់វាស់យកតែម្តង។

ចំណែកជំនាញក៏មិនបានប្រាប់អ្នកកាសែតថា គេមានច្បាប់ដឹកឈើនេះប៉ុន្មានម៉ែត្រគូប ហើយក្រោយពេលវាស់ឃើញមានឈើប៉ុន្មានគូបដែរ គឺបិតបាំងរហូត។ ទីបំផុត រថយន្តដឹកឈើល្មើសច្បាប់ខាងលើ ក៏បានបាត់ខ្លួនចេញពីមន្ទីរកសិកម្មខេត្តទាំងយប់ទៅដែរ ពោលគឺចាប់ស្ងាត់ លែងវិញក៏ស្ងាត់ដែរ។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីខាងជំនាញបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES