ប្រជានេសាទលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមក្រពះនៅតំបន់បឹងទន្លេសាប ស្ថិតក្នុងទឹកដីខេត្តកំពង់ធំ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ប្រជានេសាទក្នុងខេត្តកំពង់ធំ កំពុងទទួលរងការឈឺចាប់ឆ្អែតចិត្តចំពោះទង្វើរបស់ក្រុមមន្ត្រីរដ្ឋបាលជលផលដែលស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់លោកប៉ែន វណ្ណរិទ្ធ ដែលតែងធ្វើទុក្ខបុក ម្នេញដល់អ្នកនេសាទចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ តាមរយៈការចាប់ថតបង្ហាញស្នាដៃដល់ថ្នាក់លើ ចំណែកក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទ អាចធ្វើព្យុះភ្លៀងបានតាមចិត្ត។
ប្រជានេសាទតំបន់បឹងទន្លេសាប បានខ្សឹបឱ្យឮថា ពួកគាត់សព្វថ្ងៃសឹងដាច់ពោះស្លាប់ អស់ហើយ ព្រោះតែក្រីក្រពេក គ្មានប្រាក់សម្រាប់ បង់ឱ្យពួកមន្ត្រីជលផល ដែលតែងកោសរូស ធ្វើទុក្ខបុកម្នេញ គំរាមទារប្រាក់ត្រង់ៗ ជាថ្នូរនឹង ការបើកផ្លូវឱ្យចេញនេសាទជាលក្ខណៈគ្រួសារ គ្រាន់ចិញ្ចឹមឆ្នាំង ហើយក្នុងករណីដែលពួកគាត់ ហ៊ានប្រកែកតតាំងច្បាស់ជាត្រូវមន្ត្រីជលផល ចាប់ថតផ្សាយបង្ហាញស្នាដៃចំពោះមុខថ្នាក់លើ មិនខានឡើយ។ ចំណែកក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទ មានលុយកាក់បង់តាមតម្រូវ ការអស់លោកជលផលទាំងនោះ អាចចេញ នេសាទបានដោយសេរី និងអាចប្រើឧបករណ៍ នេសាទដែលច្បាប់បានហាមឃាត់តាមចិត្ត ដោយមិនមានមន្ត្រីជលផលណាឈឺក្បាលវិល មុខជាមួយឡើយ។
ប្រជានេសាទ បានខ្សឹបឱ្យដឹងថា ក្រុមមន្ត្រី ជលផលក្រោមអំណាច លោកប៉ែន វណ្ណរិទ្ធ ដែលតែងបង្កបញ្ហាដល់ក្រុមអ្នកនេសាទក្រីក្រ ត្រូវគេស្គាល់ឈ្មោះយ៉ាន់ វិសាក់ ហៅសែ ជា នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ដែល ជាមេក្លោងធំ និងជាសេនាដៃស្តាំនាយខណ្ឌ ប៉ែន វណ្ណរិទ្ធ ដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ក្នុងការ ចុះប្រមូលប្រាក់ពីបទល្មើសគ្រប់ប្រភេទ។ ក្នុង នោះ ក៏មានលោកហួន ផល លោកប៉ែន សារ៉ាត ក៏ជាមន្ត្រីជំនាញក្នុងការគៀងគរ ណែនាំឱ្យ ពួកឈ្មួញប្រព្រឹត្តល្មើសនេសាទ ដើម្បីពួកខ្លួន បានប្រាក់។ បទល្មើសនេសាទ ដែលពួកមន្ត្រី ជលផលខេត្តកំពង់ធំ អាចប្រមូលប្រាក់បាន ដោយស្រួលនោះ រាប់តាំងពីការរាវរកលៀស ការនេសាទត្រី ក៏ដូចជាការកាប់បំផ្លាញព្រៃ លិចទឹកជាដើម។
ប្រជានេសាទ បានខ្សឹបឱ្យដឹងទៀតថា បច្ចុប្បន្នបទល្មើសធំៗកំពុងកើតឡើងនៅអតីត ឡូត៍លេខ២ និងតំបន់អភិរក្ស ដែលជាកន្លែង រក្សាពូជត្រី ក្នុងនោះ មានអ្នកនេសាទជនជាតិ វៀតណាម ឃុបឃិតជាមួយអាជ្ញាធរ បង់ប្រាក់ ឱ្យពួកមន្ត្រីជលផលជាថ្នូរនឹងការចេញនេសាទ តាមអំពើចិត្ត ដោយប្រើឧបករណ៍ឆក់ក្តៅត្រជាក់ ធ្វើសកម្មភាពជាចំហរសម្រាប់អ្នកបង់ប្រាក់ឱ្យ មន្ត្រីជលផល។ រីឯប្រជាពលរដ្ឋដែលនេសាទ ដើម្បីចិញ្ចឹមក្រពះត្រូវក្រុមលោកប៉ែន វណ្ណរិទ្ធ ចាប់ថតផ្សាយបង្ហាញស្នាដៃ បង្អួតថ្នាក់ដឹកនាំ របស់ខ្លួន។ តាមពិតអ្នកនេសាទជនជាតិវៀតណាម ដែលបង់ប្រាក់ឱ្យពួកមន្ត្រីជលផលទាំង នោះ ប្រសិនបើថ្នាក់លើបញ្ជាឱ្យពួកមន្ត្រីជលផលខេត្តកំពង់ធំ ចុះបង្ក្រាបពួកគេតែងតែជូន ដំណឹងឱ្យពួកអ្នកនេសាទល្មើសច្បាប់ផ្អាកសកម្មភាពជាបន្ទាន់។
ប្រជានេសាទ បានខ្សឹបប្រាប់ថា បទល្មើស យ៉ាងក្តៅគគុកនៅតំបន់ពាមបាង ដោយមាន ការសម្របសម្រួលពីអតីតមេឃុំពាមបាង បាន កើតឡើងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការ ខ្លាចក្រែងអ្វីបន្តិចឡើយ ហើយក្នុងនោះអតីត មេឃុំពាមបាង លោកផាន់ ផាន គឺជាអ្នកសម្របសម្រួល និងវេចលុយជូនពួកមន្ត្រីជលផលខេត្ត កំពង់ធំដោយផ្ទាល់។ ពួកគេទិញបទល្មើសនៅ ក្នុងតំបន់ពាមបាង ដោយមិនអនុញ្ញាតឱ្យប្រជានេសាទខ្មែរណា អាចចូលនេសាទជាលក្ខណៈ គ្រួសារបានឡើយ ដោយពួកមន្ត្រីជលផលក្រោម អំណាចលោកប៉ែន វណ្ណរិទ្ធ បានផ្តល់អំណាចឱ្យ អតីតមេឃុំពាមបាងជាអ្នកចាត់ចែងបទល្មើស នៅតំបន់នោះ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណា នោះទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពី អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញបាននៅ ឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើង រង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ