Saturday, April 27, 2024
Homeតារាខ្មែរហុិន ច័ន្ទនីរ័ត្ន ញញឹមបន្លប់ទុក្ខ ក្រោយសង្សាររៀបការចោល?

ហុិន ច័ន្ទនីរ័ត្ន ញញឹមបន្លប់ទុក្ខ ក្រោយសង្សាររៀបការចោល?

ស្រីស្អាតដាច់គេនៅស្ថានីយទូរទស្សន៍បាយ័ន ហ៊ិន ច័ន្ទនីរ័ត្ន ដែលលេចធ្លោជាងគេក្នុងកម្មវិធីមង្គលការសុគន្ធ និសា នោះ ប្រហែលរីករាយតែនៅលើឆាកទេមើលទៅ ព្រោះតាមប្រភពថា សង្សារតារាតូចច្រឡឹងរូបនេះ បានរៀបការចោលនាងហើយ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដែលធ្វើឱ្យនីរ័ត្ន ដេកឱបទុក្ខស្នេហ៍តែម្នាក់ឯង…។

ហ៊ិន ច័ន្ទនីរ័ត្ន ដែលបែកធ្លាយរូបថតកៀកកើយឱបថើបជាមួយសង្សារជាកូនអ្នកមានទ្រព្យ កាលពីឆ្នាំ2015 នាំឱ្យតារាសិល្បៈរួមអាជីព និងមហាជនជាច្រើនបានភ្ញាក់ផ្អើលគ្រប់គ្នានោះ តាមព័ត៌មានអ្នកដែលស្និទ្ធនឹងសង្សារនីរ័ត្ន បានបង្ហើបឱ្យដឹងថា ពេលនេះបុរសនោះបានចូលរោងការចោលស្រីស្អាតនីរ័ត្ន កាលពីថ្ងៃទី05 ខែធ្នូ ឆ្នាំ2017 ទៅហើយ។

ប្រភពបានឱ្យដឹងថា ភរិយាសង្សារហ៊ិន ច័ន្ទនីរ័ត្ន នោះ គឺជាកូនអ្នកមានទ្រព្យដែរ ហើយនាងមានរូបសម្រស់មិនចាញ់នីរ័ត្ន ឡើយ ហេតុនេះហើយបានជាបុរសនោះសុខចិត្តទៅក្រាបផ្ទឹមចោលពិធីការិនីរូបនេះ ដោយគ្មានអាល័យបន្តិចនោះ។

ទោះយ៉ាងណា តាមរយៈការបង្ហាញខ្លួន កាលពីរាត្រីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017 ក្នុងកម្មវិធីមង្គលការតារាចម្រៀងសុគន្ធ និសា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា នោះ នីរ័ត្ន ហាក់ដូចជាគ្មានទុក្ខព្រួយឡើយ គឺញញឹមបញ្ចោញធ្មេញច្រពើសដ៏មានមន្តស្នេហ៍ ធ្វើឱ្យសម្រស់ស្រីស្រស់រូបបនេះស្អាតដាច់គេទៀត នៅក្នុងកម្មវិធីដែលតារាៗលេងខ្លួនបង្អួតសម្រស់ប្រជែងគ្នានោះ។

ប៉ុន្តែ អ្នកដែលស្និទ្ធនឹងនីរ័ត្ន បានបង្ហើបឱ្យដឹងថា ភាពរីករាយរបស់តារាតូចច្រឡឹងរូបនេះ ប្រហែលជាមិនអស់ពីចិត្តឡើយ ព្រោះគឺគ្រាន់តែជាការបិទបាំងប៉ុណ្ណោះ ព្រោះមិនដែលមាននារីណាដែលសង្សាររបស់ខ្លួនរៀបការចោលហើយ ដើរតែញញឹម ឬកាន់តែមានភាពរីករាយនោះទេ។

ពិធីការិនីម្នាក់ដែលរួមការងារជាមួយហ៊ិន ច័ន្ទនីរ័ត្ន បានឱ្យដឹងថា នីរ័ត្ន មិនដែលប្រាប់រឿងផ្ទាល់ខ្លួនដល់មិត្តភក្តិទេ ពិសេសគឺរឿងសង្សារនោះ នាងប្រឹងលាក់ខ្លាំងណាស់ តែមួយរយៈនេះ គេឃើញនាងមកធ្វើការធម្មតា និងមិនដែលនិយាយថា ពិបាកចិត្តរឿងសង្សារការចោលនោះឡើយ។

ពិធីការិនីរូបនោះ បន្ថែមថា “តែស្រីស្អាតដូចអារ័ត្ន ទោះជាប្រុសម្នាក់ការចោល ក៏មាន100នាក់ទៀត មកស្រលាញ់នាងដែរ អីចឹងដូចជាមិនត្រូវ ពិបាកចិត្តអីយូរទេមើលទៅ?”។

ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានអ្នកសិល្បករ និងមហាជនជាច្រើនបានសរសើរនូវអត្តចរិតស្រីស្អាតរូបនេះថា មិនងាយទោរទន់ទៅតាមឥទ្ធិពលទឹកប្រាក់ ដូចតារាស្រីមួយចំនួនឡើយ ព្រោះថា កន្លងមកមានប្រុសអ្នកធំ អ្នកមានគ្រប់លំដាប់ថ្នាក់តាមស្រលាញ់នាង ជាថ្នូរនឹងអ្វីៗគ្រប់យ៉ាង ឱ្យតែនាងត្រូវការ គឺលុយ ឡាន វីឡា ជាដើម តែនីរ័ត្ន មិនចាប់អារម្មណ៍ឡើយ បើប្រុសនោះជាមនុស្សដែលនាងមិនស្រលាញ់នោះ គឺនាងមិនចូលជិតតែម្តង ហេតុនេះហើយ បានជាធ្វើឱ្យលោកធំផ្កាយ2ម្នាក់ ខកស្នេហ៍ និងរង់ចាំចម្លើយស្នេហ៍ស្រីស្អាតរហូតដល់ពេលនេះ។ ប្រភពបានឱ្យដឹងថា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានលោកធំពាក់ផ្កាយលើស្មារូបនោះ ចង់ឱ្យនាងដេកចាយលុយ ដោយមិនបាច់ប្រឹងថតសិល្បៈទាំងយប់ថ្ងៃទៀត តែនីរ័ត្ន គេចចេញពីអន្ទាក់ស្នេហ៍នោះ ដោយភ្ជាប់ស្នេហ៍ជាមួយបុរសដែលនាងស្រលាញ់ តែចុងក្រោយ បែរជាប្រុសរូបសង្ហានោះ ទៅរៀបការចោលនាងកណ្តាលផ្លូវទៅវិញ។

គួរបញ្ជាក់ថា មុនធ្លាយរឿងស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបណ្តូលចិត្តរៀបការចោលនោះ ពិធីការិនីដែលមានរូបសម្រស់ស៊ីដាច់គេរូបនេះ ធ្លាប់មានព័ត៌មានស្នេហ៍ជាមួយអតីតតារាសម្តែងលោកព្រីង ច័ន្ទបុត្រ ហៅនាយចេក តែបានប្រេះឆា។ គ្រាន់តែបែកស្នេហ៍ចាស់មិនបានប៉ុន្មានម៉ោងផង ក៏លេចឮថា នីរ័ត្ន ភ្ជាប់ស្នេហ៍ជាមួយកូនអ្នកមានទ្រព្យម្នាក់ ឈ្មោះ “សិដ្ឋ” ដោយស្នេហានេះ ធ្វើឱ្យផ្អើលគេឯងពេញចង្កោមអ្នកសិល្បៈ ព្រោះបុរសដែលជិះរថយន្តទំនើបប្តូរដូចខោអាវរូបនោះ ថ្នាក់ថ្នមស្រីស្អាតខ្លាំង ដោយថែមទាំងយកអង្គរក្សមកហែហមការពារតារាធ្មេញច្រពើសនេះទៀតផង។ តែគួរឱ្យស្តាយចំណងស្នេហ៍នេះ បានចែកផ្លូវគ្នាទាំងមិនគួរឱ្យជឿឡើយ ព្រោះថា ឯកឧត្តមក្មេងរូបនោះប្រចណ្ឌខ្លាំងពេក។

ប្រភពបានឱ្យដឹងថា ដោយមិនចង់ឱ្យបេះដូងនៅទំនេរនោះ ទើបច័ន្ទនីរ័ត្ន បានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសសង្ហាជិះរថយន្តទំនើប Range Rover ពណ៌ខ្មៅ ដោយពួកគេបានរួមដំណើរជាមួយគ្នាក្នុងឡានតែមួយនេះ ជាញឹកញាប់ តែចុងក្រោយ ស្រាប់តែបុរសនោះរៀបការចោលនីរ័ត្ន ទៅហើយ កាលពីថ្ងៃទី05 ខែធ្នូ។ សំណួរដែលមហាជនចង់ដឹងខ្លាំងនោះថា តើហេតុអីបានជាហ៊ិន ច័ន្ទនីរ័ត្ន ដែលប្រុសណាក៏ប្រាថ្នាចង់នែបនិត្យកាយានាងនោះ បែរជាសង្សាររៀបការចោលបែបនេះទៅវិញ?

ទោះជាយ៉ាងណា ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងសុំយោបល់ ឬការបំភ្លឺចំពោះព័ត៌មានលេចឮខាងលើនេះបានទេ កាលពីចុងសប្តាហ៍មុននេះ។ ប៉ុន្តែកន្លងមក នាងមិនដែលបកស្រាយរឿងស្នេហារបស់នាងឡើយ ដោយពេលខ្លះ គេឃើញនាងបណ្តើរគូសង្សារនៅមុខអ្នកកាសែតហើយ តែបែរជានាងឆ្លើយថា បុរសនោះជាអ្នកធ្វើការជាមួយគ្នា ក៏មានដែរ។

អ្នកសិល្បៈដែលស្និទ្ធច័ន្ទនីរ័ត្ន បានឱ្យដឹងថា ពិធីការិនីរូបនេះមិនចូលចិត្តប្រុសណាដែលប្រចណ្ឌនាងឡើយ បើទោះជាកូនអ្នកមានក្តី តែឱ្យតែចង់ឱ្យនាងឈប់ពីសិល្បៈ ព្រោះការប្រចណ្ឌនោះ គឺនាងផ្តាច់ខ្លួនចេញភ្លាម។

យ៉ាងណា ហ៊ិន ច័ន្ទនីរ័ត្ន ប្រាកដជាមិនទុកបេះដូងឱ្យនៅទំនេរយូរឡើយ ព្រោះថា មានប្រុសអ្នកមានជាច្រើននាក់ ដែលរង់ចាំចម្លើយស្នេហ៍ពីអតីត Freshie girl លេខ1 ឆ្នា២០០៧ រូបនេះដើម្បីចូលខ្លួនមកស្អំបេះដូងនាង ឱ្យមានកម្តៅសាជាថ្មី៕

RELATED ARTICLES