មហាហង្ស ចេញថតភាពយន្តខ្នាតធំ បែបភ័យរន្ធត់ ប្រជែងទីផ្សារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២១០៧ ផលិតកម្មមហាហង្ស បានក្រុងពលីចេញថតភាពយន្តខ្មាតធំថ្មីមួយទៀត រឿង “ផ្ទះចុងភូមិ” ដែលជាភាពយន្តបែបភ័យរន្ធត់ ខ្មោចលង់ព្រឺព្រួច ដើម្បីប្រជែងទីផ្សារភាពយន្តនាពេលបច្ចុប្បន្ន ​ខណៈដែលមានការរំពឹងថា នឹងទទួលបានការគាំទ្រនៅពេលដាក់បញ្ចាំងនាពេលខាងមុខ។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងឲ្យដឹងនៅក្នុងពិធីក្រុងពលីថា “ក្រោយពេលទទួលបានការគាំទ្រលើការផលិតភាពយន្ត ទាំងខ្សែភាពយន្តភាគ និងភាពយន្តខ្នាតធំ នៅចុងឆ្នាំ២០១៧ នេះ មហាហង្ស បានចេញថតភាពយន្តខ្នាតធំថ្មីមួយទៀត ដែលមានចំណងជើងថា “ផ្ទះចុងភូមិ” ដែលជាភាពយន្តបែបភ័យរន្ធត់ ខ្មោចលងព្រឺព្រួច កំប្លែង ស្នេហាព្រាត់ប្រាស់ អាថ៌កំបាំង និងនិយាយពីការសាងអំពើអាក្រក់ ការសងសឹករបស់ខ្មោចដែលស្លាប់ទៅទាំងមិនអស់ចិត្ត អបិយជំនឿ និងជំនឿលើព្រះពុទ្ធសាសនា ជាដើម។ លោកថា ភាពយន្តនេះជារសជាតិថ្មីសន្លាង ទាំងសាច់រឿង និងតារាសម្ដែង ខណៈដែលសាច់រឿងតម្រូវឲ្យតួឯកស្រី ជួបឈុតលំបាកៗជាច្រើន ជាពិសេស មានឈុតខ្មោចចូលសុីសត្វកណ្ដុរផង ត្រូវគេធាក់ធ្លាក់ពីលើរទេះផង ធ្លាក់ពីលើផ្ទះផង ខណៈដែលតួខ្មោចចូលនេះ ត្រូវសម្ដែងដោយកញ្ញាម៉ៅ គីមធីតា ដែលជាសង្សាររបស់នាយគ្រឿន និងត្រូវជាប្អូនស្រីរបស់លោកជា សុវណ្ណនរាហ៍ ខណៈដែលភាពយន្តនេះ ត្រូវថតនៅក្នុងព្រៃ ដល់យប់អាធ្រាត្រ ដែលតួស្រីមួយចំនួនញញើតក្នុងការសម្ដែង។

លោកអ៊ិន សុភិន បញ្ជាក់ថា “ភាពយន្តបែបភ័យរន្ធត់នេះ ផលិតកម្មបានសម្រិតសម្រាំងយ៉ាងពិសេស ទាំងការតែងនិពន្ធ ការជ្រើសរើសតួសម្ដែង និងទីតាំងថត ជាដើម ខណៈដែលគ្រោងចំណាយចន្លោះពី៤ទៅ៥ម៉ឺនដល្លារ ដើម្បីផលិតឲ្យមានគុណភាពខ្ពស់ប្រជែងទីផ្សារភាពយន្តនាពេលបច្ចុប្បន្ន ហើយលោករំពឹងថា ភាពយន្តថ្មីមួយនេះ នឹងមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ។​

គួរបញ្ជាក់ថា រឿងនេះនិពន្ធដោយលោកអ៊ិន សុភិន ដឹកនាំសម្ដែងដោយ​លោកជុំ វិចិត្រ និងមានការចូលរួមសម្ដែងដោយលោកជា សុវណ្ណនរាហ៍, នាយគ្រឿន, កញ្ញាម៉ៅ គីមធីតា, អ្នកនាងសឿន ផាន់ផាភួង, កញ្ញាធី វ៉ាន់នីវ៉ា, កញ្ញាដានី អារីយ៉ា, លោកយន់ ឬទ្ធីយ៉ាន, នាយពាង និងតារាសម្ដែងល្បីៗជាច្រើនរូបទៀត៕