កែវ កល្យាណ សម្រស់ក្មេងជាងវ័យ មិនមានការកែច្នៃ

អតីតតារាសម្តែងល្បីល្បាញទសវត្សឆ្នាំ១៩៩០ អ្នកនាងកែវ កល្យាណ បានលេចមុខជាថ្មីក្នុងកម្មវិធីមង្គលការតារាចម្រៀងសុគន្ធ និសា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយរូបសម្រស់ហាក់មិនប្រែប្រួលខ្លាំងឡើយ ទើបមានការសង្ស័យថា តារាជើងចាស់រូបនេះកែសម្រស់ ដើម្បីឱ្យនៅក្មេងជាងវ័យ ត្រៀមចូលសិល្បៈជាថ្មីវិញ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ អ្នកនាងកល្យាណ អះអាងថា សម្រស់អ្នកនាងនៅរក្សាធម្មជាតិ ១០០% ដោយគ្មានការកែច្នៃត្រង់ណាបន្តិចឡើយ ហើយពេលនេះ អ្នកនាងមិនមានគម្រោងវិលត្រឡប់ចូលសិល្បៈវិញទេ…។

កែវ កល្យាណ បានទៅចូលរួមកម្មវិធីមង្គលការតារាចម្រៀងសុគន្ធ និសា កាលពីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017 នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ធ្វើឱ្យភ្ញៀវជាច្រើន រួមទាំងតារាសិល្បៈរួមអាជីព ទាំងចាស់ទាំងក្មេងនៅតែចងចាំថា ជាអតីតតារាសម្តែងល្បីល្បាញកាលពីទសវត្សឆ្នាំ1990 អ្នកនាងកែវ កល្យាណ។ ក្រៅពីមានការចងចាំកេរ្តិ៍ឈ្មោះអ្នកនាងកែវ កល្យាណ នោះ ភ្ញៀវទាំងនោះបានសរសើរថា តារាជើងចាស់រូបនេះនៅតែមានរូបសម្រស់ស្អាត សាច់ចាំ មិនចាញ់កាលពីប៉ុន្មានឆ្នាំមុនឡើយ ទើបធ្វើឱ្យពួកគេសង្ស័យថា អ្នកនាងកល្យាណ បានកែសម្រស់ ឬប្រើផលិតផលពន្យារអាយុ ដើម្បីឱ្យនៅក្មេងជាងវ័យ កុំឱ្យចាស់។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ អ្នកនាងកែវ កល្យាណ បានឱ្យដឹងថា អ្នកនាងមិនមានការកែកុនរូបសម្រស់អ្វីទាំងអស់ នៅពេលនេះ គឺ នៅ100% ពីធម្មជាតិ ហើយក៏គ្មានគម្រោងថា នឹងកែសម្រស់ដែរ នាពេលខាងមុខនេះ។

អតីតតារាសម្តែងល្បីឈ្មោះរូបនេះថ្លែងថា “អរគុណហើយអ្នកដែលសរសើរថា ខ្ញុំនៅតែស្អាតហ្នឹង តែមើលទៅ ដូចជាបញ្ជោរខ្ញុំទេដឹង? ស្អាតអីគ្នានៅតែខ្មៅក្រញេសហ្នឹង មានសអីដូចគេទៅ? ខ្ញុំចាស់ហើយ ស្អាតអីទេ? ចំពោះការសង្ស័យថា ខ្ញុំទៅកែរសម្រស់ ឬលេបថ្នាំពន្យារអាយុអី ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើទេ គឺរហូតមកដល់ពេលនេះ សម្រស់ខ្ញុំនៅធម្មជាតិ100% តែម្តង គ្មានការកែច្នៃអីត្រង់ណាទេ ហើយក៏គ្មានប្រើផលិតផលណាពន្យារអាយុអីដែរ គឺពីមុនម៉េច គឺនៅតែអីចឹង។ ចំណែកការទៅចូលរួមកម្មវិធីអ្នកសិល្បៈវិញ ខ្ញុំនៅតែទៅអីចឹង ពេលដែលតារាជិតស្និទ្ធយើងគាត់មានកម្មវិធី ហើយយើងមានពេល គឺទៅហើយ។ ដូចជាសុគន្ធ និសា អីចឹង រាប់អានគ្នាយូរហើយ អីចឹងគាត់ការ គឺត្រូវតែឆ្លៀតទៅ ព្រោះអីកាលពីខែកញ្ញា កូនស្រីខ្ញុំធ្វើខួបកំណើតគម្រប់អាយុ18 ឆ្នាំ សុគន្ធ និសា គាត់ក៏ទៅចូលរួមដែរ អីចឹងគឺទៅវិញទៅមកហ្នឹង”៕