Thursday, April 18, 2024
Homeតារាខ្មែរគួរឲ្យស្ដាយ!!! ឈុតសម្តែង២រឿង របស់សាន ស្រីឡៃ ត្រូវកាត់ចោលទាំងអស់

គួរឲ្យស្ដាយ!!! ឈុតសម្តែង២រឿង របស់សាន ស្រីឡៃ ត្រូវកាត់ចោលទាំងអស់

សាន ស្រីឡៃ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដោយសារអតីតប្ដី លោកគយ ម៉ៅ (ជ័យ រិន) បាញ់ប្រហារកណ្ដាលរាជធានីភ្នំពេញ រួចបានធ្វើអត្តឃាតតាមក្រោយនោះ នាងបានបន្សល់នូវស្នាដៃក្នុងភាពយន្ដរបស់ទូរទស្សន៍ហង្សមាស ដល់ទៅ២រឿង គឺរឿង ”បិសាចគួរឲ្យស្រលាញ់” និងរឿង ”រាជិនីភូមិគ្រឹះ” ដែលកំពុងតែដំណើរការថតមិនទាន់ចប់នៅឡើយ។

តាមប្រភព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រោយពេលដែលស្រីឡៃ ទទួលមរណៈភាពថ្មីៗនោះ ថៅកែផលិតកម្មហង្សមាស រួមទាំងអ្នកដឹកនាំសម្ដែងភាពយន្ដរឿង ”រាជិនីភូមិគ្រឹះ” បានពិភាក្សាគ្នាថាចង់ទុកប្លង់ដែលស្រីឡៃ ថតទាំងប៉ុន្មាន នៅរក្សាទាំងអស់ ដើម្បីកុំឲ្យមហាជនភ្លេចរូបនាងដែលបានលាចាកលោកទៅនោះ ដូចនេះហើយបានជាផលិតកម្មបានស្វះស្វែងរកតារាសម្ដែងថ្មីម្នាក់ដែលមានមុខមាត់ប្រហាក់ប្រហែលទៅនឹងសាន ស្រីឡៃ ដើម្បីឲ្យបានថតតទៅមុខ នូវប្លង់ដែលស្រីឡៃ ត្រូវលេងមិនទាន់បានថត ព្រោះផលិតកម្មមិនចង់កាត់ចេញនូវប្លង់ដែលនាងបានសម្ដែងហើយនោះឡើយ។

ប្រភពបានឲ្យដឹងថា ការសម្រេចចិត្តរបស់ថៅកែហង្សមាស និងអ្នកដឹកនាំសម្ដែងរឿង ”រាជិនីភូមិគ្រឹះ” ចង់រក្សាប្លង់ទាំងប៉ុន្មានដែលស្រីឡៃ សម្ដែង ហើយមិនលុប ឬកាត់ចេញនោះ ត្រូវបានក្រុមគ្រួសារស្រីឡៃ និងអ្នកធ្លាប់គាំទ្រស្រីឡៃ សប្បាយចិត្តខ្លាំងណាស់ ហើយគ្រប់គ្នាទន្ទឹងរង់ចាំភាពយន្ដទាំង២នោះ ដាក់បញ្ចាំង ដើម្បីបានទស្សនាការសម្ដែងរបស់អតីតតារាចម្រៀងហង្សមាស រូបនេះម្ដងទៀត ទោះជានាងអស់ជីវិតទៅហើយក្ដី តែរូបភាពនាងនៅមិនទាន់រលត់នៅឡើយ។ ប៉ុន្ដែគួរឲ្យសា្ដយ តាមព័ត៌មានច្បាស់ការចុងក្រោយ បានឲ្យដឹងថា ថៅកែផលិតកម្មហង្សមាស បានសម្រេចចិត្តលុបចេញទាំងអស់នូវឈុតដែលសាន ស្រីឡៃ បានសម្ដែងក្នុងភាពយន្ដរឿង ”វិញ្ញាណបិសាចគួរឲ្យស្រលាញ់” និងរឿង ”រាជិនីភូមិគ្រឹះ” នោះ ព្រោះថាម្ចាស់ផលិតកម្មធំមួយនេះ រួមទាំងអ្នកដឹកនាំសម្ដែង មិនចង់ឲ្យទស្សនិកជនមើលឃើញតួម្នាក់មានមុខ២ផ្សេងគ្នា ទោះជាជ្រើសតួថ្មីម្នាក់ដែលយកមកជំនួសស្រីឡៃ ដែលមានមុខមាត់ស្រដៀងគ្នាក្ដី តែកាយវិការសម្ដែង និងត្រេមុខ មិនដូចគ្នាឡើយ។

ប្រភពបានបន្តឲ្យដឹងថា លោកថៅកែផលិតកម្មហង្សមាស មិនចង់ឲ្យភាពយន្ដរបស់លោកចេញបើកឆាកទៅ មានបញ្ហា ហេតុនេះហើយត្រូវតែសម្រេចចិត្តលុបចេញនូវឈុតទាំងប៉ុន្មានដែលស្រីឡៃ បានថត មុនពេលដែលនាងត្រូវអតីតប្ដីបាញ់សម្លាប់យ៉ាងព្រៃផ្សៃនោះ។

លោកកៅ សីហា ជាអ្នកដឹកនាំសម្ដែងរឿង ”រាជិនីភូមិគ្រឹះ” ដែលជាអ្នកជ្រើសរើសសាន ស្រីឡៃ ឲ្យថតរឿងភាគនេះដោយផ្ទាល់ ហើយធ្លាប់និយាយក្រោយបុណ្យសពស្រីឡៃ ថា ចង់រក្សាទុកប្លង់ទាំងអស់របស់ស្រីឡៃ ដែលថតរួចនោះ ពេលនេះហាក់និយាយស្ទាក់ស្ទើរចំពោះរឿងនេះទៅវិញ ដោយលោកថា មិនទាន់សម្រេចកាត់ចេញ ឬរក្សាទុកនោះទេ គឺសំខាន់នៅលើថៅកែផលិតកម្មរស្មីហង្សមាស ជាអ្នកសម្រេច។

អតីតចាងហ្វាងទស្សនាវដ្ដីអាថ៌កំបាំង រូបនេះ ថ្លែងថា ”អូ! រឿងហ្នឹង មេ (ថៅកែហង្សមាស) គាត់ជាអ្នកសម្រេច ខ្ញុំធ្វើទៅតាមគាត់ទេ។ តាមពិតពីមុនខ្ញុំធ្លាប់និយាយថា ចង់រក្សាទុកស្នាដៃស្រីឡៃ ក្នុងភាពយន្ដភាគនេះមែន យើងមិនចង់កាត់ចេញទេ។ តែបើយើងទុក ខ្លាចអ្នកទស្សនាថា តួ២ផ្សេងគ្នា មុខមិនដូចគ្នា អីចឹងភាពយន្ដយើងនឹងមានបញ្ហា តែបើយើងទុកអាចទុកប្លង់ដែលស្រីឡៃ ថតពីចម្ងាយៗវិញ បើថតជិតៗ គឺពិបាកដែរ ហើយអ្នកជំនាញភាពយន្ដ ឬទស្សនិកជនអាចដឹងពីបញ្ហានេះជាមិនខាន។ ឥឡូវរឿង ”រាជិនីភូមិគ្រឹះ” គឺពេលហ្នឹងខ្ញុំកំពុងតែដឹកនាំសម្ដែងតើ! តែត្រូវថតប្លង់ផ្សេង ពីប្លង់ស្រីឡៃ សិន ព្រោះនិយាយលាក់បាំងអី សូម្បីតែតួសម្ដែងដែលជ្រើសយកមកជំនួសស្រីឡៃ ហ្នឹង ក៏យើងរកមិនទាន់បានដែរបាទ អីចឹងទាល់តែមានការសម្រេចចិត្តពីមេសិនថា គួរកាត់ចេញប្លង់ទាំងអស់ដែលស្រីឡៃ សម្ដែង ហើយយើងដាក់តួថ្មីតែម្ដង ឬយ៉ាងណា ហើយមើលទៅ ទាល់តែអំឡុងខែកុម្ភៈ ទើបយើងអាចដឹងច្បាស់ពីរឿងហ្នឹង”។

សាន ស្រីឡៃ ជាមយយកូន២នាក់ (កាលនៅរស់)

ទោះជាលោកកៅ សីហា ហាក់ដូចជាចង់លាក់លៀមរឿងដែលប្លង់សាន ស្រីឡៃ ត្រូវកាត់ចេញទាំងអស់នាពេលនេះក្ដី ប៉ុន្តែ ប្រភពពីតារាសម្ដែងក្នុងរឿង ”រាជិនីភូមិគ្រឹះ” បានឲ្យដឹងថា ថៅកែផលិតកម្មហង្សមាស សុខចិត្តចំណាយប្រាក់ខាត ដោយកាត់ចេញប្លង់ទាំងអស់ដែលសាន ស្រីឡៃ បានថត ហើយពេលនេះតារាសម្ដែងថ្មីដែលត្រូវរ៉ាប់រងសម្ដែងជំនួសស្រីឡៃ ដែលលេងជាតួកាចនោះ គឺកញ្ញាដួង លីនដា គឺត្រូវថតទាំងអស់ឡើងវិញជំនួសសពស្រីឡៃ ។

លោកកៅ សីហា (កណ្តាល) ពេលដឹកនាំសម្តែង

ប្រភពបានឲ្យដឹងថា លោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែផលិតកម្មរស្មីហង្សមាស នោះ មិនខ្វល់រឿងខាតលុយកាក់ចំពោះការថតរឿងទាំងស្រុងដែលជាប់ជាមួយឈុតស្រីឡៃ​បានសម្ដែងនោះឡើយ ព្រោះលោកខ្លាចភាពយន្ដរបស់លោកចេញទៅមានបញ្ហា ហេតុនេះហើយ គឺត្រូវតែថតជាថ្មីវិញនូវឈុតទាំងឡាយណាដែលស្រីឡៃ បានសម្ដែង។

សុខ ស្រីនាង

ក្នុងជំនួបផ្ទាល់នៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ជាមួយតួឯកស្រីក្នុងរឿង ”រាជិនីភូមិគ្រឹះ” អ្នកនាងសុខ ស្រីនាង បានឲ្យដឹងថា “ពេលនេះ តួថ្មីជំនួសសាន ស្រីឡៃ គឺហង្សមាស រកបានហើយ ដែលកំពុងថតរាល់ថ្ងៃ ហើយរឿងនេះត្រូវថតឡើងវិញនូវប្លង់ទាំងឡាយណាដែលគាត់បានសម្ដែងមែន។

កញ្ញាដួង លីនដា

សុខ​ស្រីនាង និយាយមួយៗថា ”ខ្ញុំសំណាងដែរបង ប្លង់ដែលខ្ញុំបានលេងជាមួយគាត់ (ស្រីឡៃ) គឺមានតែ៣ឈុតគត់ ហើយត្រូវថតឡើងវិញទាំងអស់។ តែតារាខ្លះ គឺត្រូវប៉ះច្រើនតែម្ដង ហើយត្រូវថតឡើងវិញទាំងអស់ អីចឹងរឿងហ្នឹងអាចថតចប់យឺតតាមការគ្រោងទុក។ តាមដឹង ថៅកែហង្សមាស គាត់ឲ្យថតឡើងវិញ គាត់ចង់ឲ្យរឿងគាត់ល្អ ហើយខ្ញុំនិងតារាផ្សេងទៀតថតរាល់ថ្ងៃហ្នឹង”។

រឿង ”រាជិនីភូមិគ្រឹះ” មានតួឯកស្រី អ្នកនាងសុគន្ធ និសា និង សុខ ស្រីនាង ប៉ះជាមួយតួឯកប្រុស លោកណុប បាយ៉ារិទ្ធ និងលោកហ្សូណូ ព្រមទាំងមានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនដួងទៀតដូចជា អ្នកនាងចន ច័ន្ទលក្ខិណា និងសូដា នីតា ជាដើម។ បើទោះជាមានការបញ្ជាក់ពីសុខ ស្រីនាង ថាប្លង់ដែលជាប់សាន ស្រីឡៃ ត្រូវកាត់ចេញអស់ និងពិតជាត្រូវជំនួសដោយតារាសម្ដែងដួង លីនដា ពិតប្រាកដ ហើយស្រីនាង ថែមទាំងសរសើរថា លីនដា សម្ដែងតួកាចសមក្ដី ក៏លោកកៅ សីហា នៅតែព្យាយាមមិនចង់និយាយរឿងនេះឡើយ ដោយលោកថា ព័ត៌មានលើបណ្ដាញសង្គមខ្លះ យកជាផ្លូវការមិនបាន តែលោកថា បើសិនជាមានការថតឡើងវិញទាំងអស់មែន គឺហង្សមាស ប្រាកដជាចំណាយលុយច្រើនមែន ហើយក្នុងការថតឡើងវិញនោះ ហើយលោកថា បើទុកប្លង់ស្រីឡៃ ថតហើយទាំងអស់ ក៏អាចប្រឈមបញ្ហាពីអ្នកទស្សនា បើកាត់ចេញក៏ត្រូវប្រឈមនឹងទស្សនិកជន អីចឹងទុកឬមិនទុក គឺនៅលើថៅកែហង្សមាស ទេ។

គួរបញ្ជាក់ថា សាន ស្រីឡៃ ត្រូវអតីតប្ដី លោកជ័យ រិន ហៅគយ ម៉ៅ បាញ់ប្រហារ៣គ្រាប់ នៅហាងរក្សាសម្រស់មួយ ក្បែរប៉ុស្ដិ៍អប្សារា ខណ្ឌចំការមន បណ្ដាលឲ្យនាងដេកដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ទើបលោកគយនោះ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងដែរ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ សពរបស់ស្រីឡៃ ត្រូវបានបូជានៅវត្តសែនសុខ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែតុលា និងបានធ្វើបុណ្យគម្រប់៧ថ្ងៃ នៅវត្តទួលទំពូង កាលពីថ្ងៃទី២១ ខែតុលា។ មរណភាពរបស់តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បន្សល់នូវកូនប្រុស២នាក់ គឺកូនទី១. ឈ្មោះជ័យ ច័ន្ទតារា អាយុ៨ឆ្នាំ កូនទី២. ឈ្មោះរិន ច័ន្ទឯករាជ្យ អាយុ៤ឆ្នាំ ដែលត្រូវតារាចម្រៀងពេជ្រ សោភា សុំអាហាររូបករណ៍ ១០០% ពីសាលារៀនអាមេរិកកាំងប្រ៊ីដ  ដោយសិក្សាមិនអស់ប្រាក់ រហូតដល់ថ្នាក់ទី១២។ ពេលនេះរូបភាពរបស់សាន ស្រីឡៃ មានតែនៅលើថាសចម្រៀងរបស់ហង្សមាស មួយចំនួនប៉ុណ្ណោះ ខណៈដែលរឿងភាគទាំង២ដែលនាងសម្ដែងមិនទាន់ចប់ គឺរឿង ”បិសាចគួរឲ្យស្រលាញ់” និងរឿង ”រាជិនីភូមិគ្រឹះ” ត្រូវបានកាត់ចេញទាំងស្រុងនៅពេលដែលរូបកាយនាងត្រូវរលត់បាត់ពីលោកនេះ៕

សាន ស្រីឡៃ និងសូដា នីតា ពេលថតរឿងជាមួយគ្នា (កាលនៅរស់)

RELATED ARTICLES