Wednesday, April 24, 2024
Homeព័ត៌មានជាតិសល់៤ថ្ងៃភ្ជាប់ពាក្យទៅហើយ កូនស្រីបាត់ខ្លួនមិនទាន់រកឃើញ

សល់៤ថ្ងៃភ្ជាប់ពាក្យទៅហើយ កូនស្រីបាត់ខ្លួនមិនទាន់រកឃើញ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវម្តាយអះអាងថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃភ្ជាប់ពាក្យជាមួយគូដណ្តឹងទៅហើយ ស្រាប់តែត្រូវស្ត្រីវ័យក្មេងម្នាក់មានប្តីម្នាក់ លួងលោមបបួលចេញទៅរកទិញខោអាវនៅភ្នំពេញ ដោយសន្យាថានឹងទិញខោអាវថ្មីឱ្យ រួចក៏បបួលទាំងមិត្តភក្តិស្រីម្នាក់ទៀត ជិះម៉ូតូដឹកគ្នា៣នាក់ ចេញពីខេត្តតាកែវ សំដៅចូលក្រុងភ្នំពេញ  ហើយក៏បាត់ដំណឹងសូន្យឈឹងទាំង៣នាក់ អស់រយៈពេល៧ថ្ងៃមកហើយ នៅតែគ្មានដំណឹងអ្វីបន្តិចសោះ ធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភ ក៏ធ្វើដំណើរឡើងមកភ្នំពេញ ស្វែងរកអន្តរាគមន៍ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។

នារីរងគ្រោះដែលជិតដល់ថ្ងៃភ្ជាប់ពាក្យ បែរជាត្រូវស្ត្រីម្នាក់ល្បួងនាំចេញពីផ្ទះ មានឈ្មោះង៉ែត ចាន់ធឿង អាយុ១៨ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ មានម្តាយឈ្មោះតៅ មែ អាយុ៥៣ឆ្នាំ ឪពុកឈ្មោះព្រាប ងន អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិតាំងឬស្សី ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ ចំណែកស្ត្រីដែលជាអ្នកល្បួងនាំកូនក្រមុំគេមកភ្នំពេញ មានឈ្មោះសុង លីដា អាយុជាង២០ឆ្នាំ មានប្តីនិងកូនរួចទៅហើយ និងមានលំនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ស្ត្រីម្នាក់ទៀតដែលត្រូវជាមិត្តភក្តិរបស់ស្ត្រីមានប្តី ឈ្មោះសុង លីដា មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ គ្រាន់តែដឹងថារស់នៅក្នុងខេត្តកំពត។

តាមសម្តីស្ត្រីជាម្តាយរបស់នាងក្រមុំដែលបាត់ខ្លួន ឈ្មោះង៉ែត ចាន់ធឿង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានស្ត្រីឈ្មោះសុង លីដា  បានមកនិយាយល្បួងកូនស្រីរបស់គាត់ ដោយបបួលទៅទិញខោអាវនៅភ្នំពេញ។ ពេលនោះ កូនស្រីគាត់បានប្រាប់ថា នាងគ្មានលុយទេ តែស្ត្រីនោះបាននិយាយលួងលោមថា ចាំនាងទិញឱ្យ (ចេញលុយឱ្យ) ទើបធ្វើឱ្យកូនស្រីរបស់គាត់បានយល់ព្រមទៅជាមួយ។

ស្ត្រីជាម្តាយរូបនេះ បន្តថា ក្រោយមកស្ត្រីឈ្មោះសុង លីដា ក៏បានហៅមិត្តភក្តិរបស់នាងម្នាក់ទៀតនៅខេត្តកំពត ឱ្យទៅជាមួយដែរ លុះនិយាយត្រូវគ្នាហើយ ស្ត្រីឈ្មោះសុង លីដា ក៏បានយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FX-៦៤៧៦ ជិះដឹកកូនស្រីគាត់ និងស្ត្រីជាមិត្តភក្តិរបស់ខ្លួនចេញទៅភ្នំពេញបាត់ទៅ។ លុះដល់វេលាល្ងាចថ្ងៃដដែល ដោយមិនឃើញពួកគេត្រឡប់មកផ្ទះវិញ គាត់ជាម្តាយក៏បានខលទៅសួរនាំកូនស្រី និងត្រូវបានស្ត្រីឈ្មោះសុង លីដា ប្រាប់ថា ជាប់រវល់ចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ និងដេកនៅភ្នំពេញ ១យប់ ព្រឹកបានត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មក នៅយប់ថ្ងៃដដែលគាត់បានព្យាយាមទូរស័ព្ទទៅសួរនាំកូនស្រី តែពេលខលចូល មិនមានអ្នកលើកសោះ។

ស្ត្រីជាម្តាយនារីដែលបាត់ខ្លួន បានឱ្យដឹងទៀតថា លុះដល់ថ្ងៃបន្ទាប់ៗមក ស្រាប់តែបាត់ដំណឹងកូនស្រីរបស់គាត់សូន្យឈឹងតែម្តង សូម្បីទូរស័ព្ទក៏ខលលែងចូលដែរ ទើបធ្វើឱ្យក្រុមគ្រួសារគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែមិនដឹងថាត្រូវទៅរកនៅទីណាឡើយ។ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីកូនស្រីបាត់ខ្លួនអស់៤ថ្ងៃ គាត់និងក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំពុតស និងអធិការដ្ឋាននគរបាលស្រុកបាទី។ បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ ខែធ្នូ គាត់បានបន្តដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីសំណាក់នគរបាលខណ្ឌមានជ័យ និងបន្តទៅប្តឹងនៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបន្តទៀត ព្រោះមិនដឹងថាស្ត្រីឈ្មោះ សុង លីដា យកកូនស្រីគាត់ទៅណាឡើយ គាត់ខ្លាចស្ត្រីនោះយកកូនស្រីគាត់ទៅលក់ ឬបោកបញ្ឆោតឱ្យធ្វើអ្វីមួយមិនគប្បី។

ដោយឡែក បុរសប្តីរបស់ស្ត្រីឈ្មោះសុង លីដា ដែលបានលួងលោមកូនក្រមុំគេចេញពីផ្ទះបាត់ដំណឹងសូន្យឈឹងនោះ ក៏បានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចស្រុកបាទី ជួយតាមស្វែងរកប្រពន្ធ និងម៉ូតូរបស់ខ្លួនមកវិញដែរ។ រីឯស្ត្រីម្នាក់ទៀត មិនមានក្រុមគ្រួសារតាមរកទេ ដោយមិនដឹងថា ក្រុមគ្រួសារមិនបានដឹង ឬក៏បែបណានោះឡើយ។

ស្ត្រីជាម្តាយនារីក្រមុំដែលបាត់ខ្លួនបានអំពាវនាវដល់កូនស្រី បើបានដឹងដំណឹងនេះហើយ សូមត្រឡប់ទៅផ្ទះវិញជាបន្ទាន់ ព្រោះកូនស្រីនឹងត្រូវភ្ជាប់ពាក្យជាមួយគូដណ្តឹងនៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះទៅហើយ ហើយពេលនេះ ក្រុមគ្រួសារកំពុងមានការបារម្ភពីសុវត្ថិភាពកូនស្រីខ្លាំងណាស់៕

RELATED ARTICLES