Friday, April 19, 2024
Homeព័ត៌មានជាតិមេខ្លោងប្រើឈ្មោះថ្នាក់ដឹកនាំ បោកប្រាស់តម្លើងស័ក្តិ ផ្ទេរតំណែង ត្រូវចាប់ខ្លួន

មេខ្លោងប្រើឈ្មោះថ្នាក់ដឹកនាំ បោកប្រាស់តម្លើងស័ក្តិ ផ្ទេរតំណែង ត្រូវចាប់ខ្លួន

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនក្រុមជនខិលខូចចំនួន៣នាក់ ដែលតែងធ្វើសកម្មភាពប្រើឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ដើរបោកប្រាស់ដើម្បីតម្លើងស័ក្តិ ផ្ទេរតំណែង និងរត់ការផ្សេងៗក្នុងជួរមន្ត្រីរាជការ ជាថ្នូរនឹងប្រាក់ថ្លៃរត់ការនោះ សមត្ថកិច្ចក៏ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យជាមេខ្លោងម្នាក់ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទឹកដីខេត្តត្បូងឃ្មុំ។

ជនសង្ស័យជាមេខ្លោងប្រើឈ្មោះថ្នាក់ដឹកនាំដើរបោកប្រាស់គេឯងនោះ មានឈ្មោះ សួន មុនី មុខរបរមិនពិតប្រាកដ មានលំនៅអចិន្ត្រៃយ៍ ផ្ទះលេខ២០៤ ភូមិកោះតូច ឃុំកោះឧកញ៉ាតី ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកក្រុមជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមុននេះ រួមមាន ទី១-ឈ្មោះខន សុម៉ាលី ហៅស្រីទូច ទី២-ឈ្មោះថា សុផាត ត្រូវជាប្តីឈ្មោះស្រីទូច និងទី៣-ឈ្មោះខន សុរិយា ហៅស្រីពៅ ត្រូវជាប្អូនបង្កើតរបស់ឈ្មោះស្រីទូច។

គួរបញ្ជាក់ថា ជនសង្ស័យចំនួនទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការនគរបាលស៊ើបការខាងក្រៅ និងបច្ចេកទេស និងប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ឃាត់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ ក្រោមបទល្មើសប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំរត់ការដំឡើងស័ក្តិ និងផ្ទេរតំណែង។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ជនសង្ស័យខាងលើបានយកឈ្មោះថ្នាក់ដឹកនាំនៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ក្រសួងមុខងារសាធារណៈក្រសួងមហាផ្ទៃ សម្រាប់រត់ការដំឡើងស័ក្តិយស ផ្ទេរតំណែង រកបច្ច័យចូលបុណ្យ ឡើងកាំប្រាក់ និងរត់ការឯកសារ និងការងារផ្សេងៗទៀតជាច្រើន។

ជនសង្ស័យជាមេខ្លោងខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែម មុននឹងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES