ឈិន ម៉ានិច្ច សណ្ដោងប្អូនប្រុសចូលច្រៀង

ម្ចាស់ពាន “Cambodian Idol” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស ឈិន ម៉ាស្រីនិច្ច ហៅឈិន ម៉ានិច្ច ដែលបានឡើងច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៦ ខែធ្នូ នោះ បានលើកយកបទចម្រៀងល្បីរបស់ខ្លួនមកច្រៀងអូសទាញការគាំទ្រ គឺបទ ”នារីក្នុងសុបិន្តបងជាអ្នកណា?” ហើយនាងបានច្រៀងបទឱក សុគន្ធកញ្ញា ”Fall in Love” និងបទពីដើម ”ចៀសមិនបាន” ឡើងវិញ។

ឈិន ម៉ានិច្ហ

ទស្សនិកជនជាច្រើនបានសរសើរ និងចាប់អារម្មណ៍ថា ម៉ានិច្ច ពិតជាមានទឹកដមសំឡេងស្រទន់ផ្អែមគួរឲ្យចង់ស្ដាប់​តែពួកគេបែរជាខកចិត្តទៅវិញថា ម្ចាស់ពានរូបនេះមានបទចម្រៀងចេញតិចតួចពេក ទើបបានជានាងច្រៀងបទរបស់គេជំនួសវិញ។ ប៉ុន្ដែរឹតតែធ្វើឲ្យគេចាប់អារម្មណ៍ថែមទៀតនោះ គឺម៉ានិច្ច បានយកប្អូនប្រុសបង្កើតរបស់នាងម្នាក់ទៀតឡើងច្រៀងលើឆាកតន្ដ្រីតែមួយដែរនោះ គឺកុមារាឈិន សីហា អាយុទើប១១ឆ្នាំ ដែលគេថា ប្អូនប្រុសម៉ានិច្ច មានទឹកដមសំឡេងខ្លាំងជាងម្ចាស់ពាន “The Voice kids Cambodia” រដូវកាលទី១ ពេជ្រ ថៃ ទៅទៀត។ ឈិន ម៉ានិច្ច បានឲ្យប្អូនប្រុសរបស់នាងច្រៀង ២បទ គឺបទ ”លំបាកតែឯង” និងបទ ”ខោចែវថ្នេរប្រាំ” ដែលមើលទៅកុមារារូបនេះមានកាយវិការរស់រវើក និងមិនខ្លាចឆាកតន្ដ្រីឡើយ។

ឈិន ម៉ានិច្ច បានឲ្យដឹងថា ”ខ្ញុំមានបងប្អូន៣នាក់ (ស្រី១) ហើយខ្ញុំជាកូនច្បង ចំណែកប្អូនប្រុសរបស់ខ្ញុំ ឈិន សីហា ជាកូនពៅ។ ខ្ញុំឃើញសីហា មានទេពកោសល្យសិល្បៈល្អ ចេះច្រៀង ទោះជានៅក្មេងក្ដី អីចឹងខ្ញុំក៏ជំរុញឲ្យគេឡើងឆាកច្រៀងទៅ។ ឈិន សីហា បានចូលប្រលងកម្មវិធី “The Voice Kids Cambodia” រដូវកាលទី១ ហ្នឹងដែរ តែបានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយលោកចា រិទ្ធី ឃើញក៏ហៅច្រៀងនៅអាស៊ីអាគ្នេយ៍ ហ្នឹងតែម្ដងទៅ”។

ឈិន សីហា ប្អូនប្រុសឈិន ម៉ានិច្ច

ឈិន ម៉ានិច្ច អះអាងដែរថា ពេលនេះដោយសារប្អូនប្រុសរបស់នាងនៅក្មេងខ្ចីពេក អីចឹងនាងមិនទាន់អាចសន្និដ្ឋានពីសមត្ថភាពគេបានទាំងស្រុងទេ តែត្រឹមអាយុ១១ឆ្នាំនេះ នាងសប្បាយចិត្តដែលឃើញប្អូននាងមានភាពក្លាហាន និងមានសំឡេងល្អ តែពេលគេពេញវ័យទៅ សំឡេងប្រែប្រួលយ៉ាងណានោះ នាងមិនអាចថាមុនបានឡើយ។

ចំណែកកុមារាឈិន សីហា បានឲ្យដឹងថា “រូបគេចង់ល្បីដូចបងស្រីគេ (ឈិន ម៉ានិច្ច) ដែរ ទើបគេចូលប្រលងនិងច្រៀង។ តែពេលនេះរូបគេនៅរៀនអនុវិទ្យាល័យអង្គទម្លាប់ ខេត្តកំពង់ស្ពឺ។ គឺរៀនបណ្ដើរ រៀនច្រៀងបណ្ដើរ។

ក្រៅពីឈិន ម៉ានិច្ច កន្លងមកតារាចម្រៀងដែលសណ្ដោងប្អូនឲ្យចូលសិល្បៈ មានដូចជា ខេមរៈ សិរីមន្ដ , ឆាយ វីរៈយុទ្ធ , ហ្សូណូ, នី មុនីនាថ ជាដើម ខណៈដែលតារាល្បីល្បាញ លោកព្រាប សុវត្ថិ, ហួរ ឡាវី, អ្នកនាងម៉េង កែវពេជ្ជតា និងយុគ ចិន្ដា ជាដើម កំពុងតែឲ្យកូនៗពួកគេស្នងតំណែងក្នុងអាជីពសិល្បៈព្រមៗគ្នាតែម្ដង។

ឈិន ម៉ានិច្ច ដែលកាន់ពាន “Cambodian Idol រដូវកាលទី១នេះ មិនទាន់អាចធ្វើព្យុះភ្លៀងនៅហង្សមាស បានឡើយ គឺចូលហង្សមាស ជិត១ឆ្នាំ ល្បីបានតែ១បទគត់ គឺ ”នារីក្នុងបេះដូងបងជាអ្នកណា?” តែប៉ុណ្ណោះ ព្រោះតែពេលនេះមហាជនមើលឃើញថា លោកថៅកែផលិតកម្មហង្សមាស រវល់តែប្រឹងប្រែងលើកស្រីស្អាតសាច់សខ្ចី រ៉េត ស៊ូហ្សាណា ជាងគេ ទើបធ្វើឲ្យម៉ានិច្ច ចង់លិចទៅវិញបាត់។ តែយ៉ាងណា ម៉ានិច្ច ថា នាងទើបបានថតបទចម្រៀងមួយចំនួន ជាមួយនី រតនា និងដួង វីរៈសិទ្ធ ក្រុមហ៊ុនមិនទាន់ចេញនៅឡើយ តែនាងមិនមានការអាក់អន់ចិត្តចំពោះបទចម្រៀងនាងដែលមានការចេញយឺតយ៉ាវបន្ដិចនៅលើទីផ្សារនោះទេ ព្រោះថា ពេលនេះ ហង្សមាស មានតារាច្រើនត្រូវតែបែងចែកបទចម្រៀងអីចឹងហើយ។ ម៉ានិច្ច ថា នៅឆ្នាំ២០១៨ នេះ នាងមានគម្រោងថតភាពយន្ដភាគមួយរបស់ទូរទស្សន៍ហង្សមាស ដោយនាងមិនប្រកាន់ថា ជាតួឯក ឬមិនឯកនោះទេ គឺឲ្យតែក្រុមហ៊ុនឲ្យថត គឺនាងទទួលភ្លាម ខណៈដែលមុននេះ ហង្សមាស ឲ្យនាងត្រៀមខ្លួន ហើយសម្រាប់ការថតរឿងនោះ៕