Friday, April 19, 2024
Homeតារាខ្មែរលោកអែន ឌី ក្ដៅក្រហាយគ្រួសារហង្សមាស ក្លែងក្លាយ 

លោកអែន ឌី ក្ដៅក្រហាយគ្រួសារហង្សមាស ក្លែងក្លាយ 

លោកអែន ឌី ដែលកំពុងតែសប្បាយរីករាយ ព្រោះបទចម្រៀងដែលល្បីកាលពីឆ្នាំ២០០២ នៅផលិតកម្មហង្សមាស គឺបទ ”នឹកបង៥០%ផង” ដែលយកមកធ្វើជា Cover ឡើងវិញ ដោយកែភ្លេងថ្មី រក្សាប៉ារ៉ូលដើម និងថតជា MV ថ្មី ដែលមានតួសម្ដែងស្រីល្បីឈ្មោះ អ្នកនាងសុខ សោម៉ាវត្តី និងកញ្ញាឌុច លីដា រួមគ្នា មានការចាប់អារម្មណ៍ និងអ្នកចូលទៅមើលខារ៉ាអូខេច្រើននោះ ស្រាប់តែពេលនេះ មាន Page មួយឈ្មោះ RHM FAMILY (គ្រួសារហង្សមាស) បានយក MV ថ្មី របស់លោកអែន ឌី ទៅកាត់ចោលសំឡេងបទចម្រៀង ”នឹកបង៥០%ផង” នោះ នៅសល់តែរូបភាពសម្ដែងទាំងស្រុង ហើយដាក់បទចម្រៀងឱក សុគន្ធកញ្ញា ចូល គឺបទ ”មិត្តទ្រូសមិត្ត” ធ្វើឲ្យលោកអែន ឌី ក្ដៅក្រហាយជាខ្លាំង រហូតដល់ទ្រាំលែងបាន។

លោកអែន ឌី ថ្លែងថា “Page RHM FAMILY នោះ មិនមែនជា Page ហ្សុីនរបស់ផលិតកម្មរស្មីហង្សមាស ទេ បើហង្សមាស គឺគេមិនធ្វើអីចឹងទេ តែនេះជា Page ក្លែងក្លាយទេ ហើយគេធ្វើអាជីវកម្មលើយើងសុទ្ធសាធតែម្ដង ព្រោះមិនបាច់ចាំប្រឹងប្រែងចំណាយលុយអីទេ គឺគេចាំតែកាត់តយកស្រាប់ៗ យកលុយតែម្ដង។

លោកអែន ឌី ថ្លែងត្អូញត្អែរ និងមួម៉ៅថា ”ខ្ញុំខំធ្វើ MV បទ ”នឹកបង៥០%ផង” នេះ ដោយចំណាយអស់ជិត២ពាន់ដុល្លារ ទើបចេញជារូបរាងបាន ហើយសា្រប់តែត្រូវគេយកទៅកាត់តតាមចិត្តដាក់បទថ្មី បទយើងកាត់ចេញបាត់ អ្នកណាដែលថាមិនក្ដៅក្រហាយនោះ? ខ្ញុំបានឆាតទៅសួរ page ហ្នឹងដែរ តែគ្មានអ្នកណាឆ្លើយតបទេ ពិបាកណាស់បង បើគេនៅតែបំពានយើងអីចឹងទៀត គឺមានតែចាត់ការតាមផ្លូវច្បាប់ហើយមើលទៅ ព្រោះនេះជាកម្មសិទ្ធិបញ្ញា គេមិនមានការសុំអនុញ្ញាតពីយើងអីបន្ដិច គឺធ្វើតាមចិត្តគេចង់ធ្វើតែម្ដង”។

លោកអែន ឌី ដែលកំពុងតែត្រៀបថតបទថ្មីទៀត បន្ទាប់ពីមានកំលាំងចិត្តដោយសារតែបទទី១របស់ខ្លួន មានការគាំទ្រនោះ ស្រាប់តែពេលនេះបែរជាថា ដេកមិនលក់បក់មិនល្ហើយ ព្រោះតែរឿងគេលួច MV បទរបស់ខ្លួនទាំងអយុត្តិធម៌នេះទៅវិញ ហើយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះថា លោកហាក់បាក់ទឹកចិត្តខ្លាំងនៅពេលដែលម្ចាស់ Page RHM FAMILY ក្រលុកលោកទាំងស្រស់បែបនេះ ទើបធ្វើឲ្យតារាចម្រៀងរូបនេះមានការព្រួយបារម្ភថា ខ្លាចតែបទថ្មីរបស់ខ្លួនលើកក្រោយទៀត ចេញមិនបានប៉ុន្មាននាទីទេ ត្រូវគេកាត់តធ្វើអាជីវកម្មព្រោងព្រាតទៀតនោះ មិនចោលលុយទទេហើយអី?

លោកអែន ឌី និយាយទាំងសៅហ្មងថា ”កាលណាគេចាំតែយកពីគេស្រួលៗអីចឹង អ្នកដែលងាប់ គឺអ្នកផលិតហ្នឹងតែម្ដង ព្រោះចាយលុយធ្វើ តែអាអ្នកយកគេចាំតែចំណេញស្រួលៗ ព្រោះមានអ្នកចូលទៅមើល Page គេច្រើនអីចឹង ខ្ញុំខឹងណាស់បង នៅពេលដែលគេមកធ្វើដាក់យើងទាំងស្រស់បែបនេះ។ ខ្ញុំកំពុងតែរៀបចំថតបទថ្មីទៀតផង ស្រាប់តែឥឡូវគេមកក្រលុកយើងឲ្យឈឺក្បាលណាស់ហើយបើយើងធ្វើបទថ្មីទៅ មានបញ្ហាអីចឹងទៀត តើនឹងគិតយ៉ាងម៉េចទៅវិញ? អីចឹងខ្ញុំសំណូមពរ Page ដែលយកបទខ្ញុំទៅកាត់តនោះ សូមកុំធ្វើទង្វើបែបថោកទាបនេះតទៅទៀតអី បើមិនអីចឹងទេប្រយ័ត្នគេចាត់ការតាមផ្លូវច្បាប់ នាំឲ្យវែងឆ្ងាយ សូមល្មមបញ្ឈប់ទង្វើថោកទាបអីចឹងទៀតទៅ?”។

ទោះជាយ៉ាងណា មហាជនមើលឃើញថា បទ ”នឹកបង៥០%ផង” របស់លោកអែន ឌី នោះ ការសម្ដែងហាក់ស៊ីគ្នាទៅនឹងសាច់រឿងបទ ”មិត្តទ្រូសមិត្ត” របស់ឱក សុគន្ធកញ្ញា ដែរ ហេតុនេះហើយបានជា Page ក្លែងក្លាយរបស់គ្រួសារហង្សមាស នេះយកមកកាត់តដកបទលោកអែន ឌី ចេញ និងបញ្ចូលបទឱក សុគន្ធកញ្ញា ចូលដោយទុកតែរូបភាពទាំងស្រុង MV បទនោះ ដែលមានអ្នកនាងសុខ សោម៉ាវត្តី និងកញ្ញាឌុច លីដា ឈ្លោះគ្នាដណ្ដើមលោកអែន ឌី។ តែលោកអែន ឌី ថាទោះជារូបភាព និងអត្ថន័យបទ ”នឹកបង៥០%ផង” របស់លោកស្រដៀងគ្នានឹងបទចម្រៀងឱក សុគន្ធកញ្ញា “មិត្តទ្រួសមិត្ត” ក្ដី តែម្ចាស់ Page RHM FAMILY នោះ មិនបានសុំការអនុញ្ញាតបន្ដិចពីលោកឡើយ មុននឹងយកទៅប្រើនោះ ហេតុនេះហើយលោកសូមឲ្យម្ចាស់ Page នោះបញ្ឈប់សកម្មភាពនោះជាបន្ទាន់ កុំឲ្យមានរឿងធំ៕

RELATED ARTICLES