Friday, April 19, 2024
Homeព័ត៌មានជាតិអន្ទិតទើបសឹក ចងកសម្លាប់ខ្លួន ម្តេចក៏មានស្នាមរបួសពេញខ្លួនបែបនេះ

អន្ទិតទើបសឹក ចងកសម្លាប់ខ្លួន ម្តេចក៏មានស្នាមរបួសពេញខ្លួនបែបនេះ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ទើបនឹងលាចាកសិក្ខាបទ (សឹក) កាលពីពេលថ្មីៗនេះ ស្រាប់តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកស្លាប់ នៅក្នុងចម្ការតាង៉ែន ទាំងមានស្នាមរបួសសុសពេញខ្លួន ជាហេតុធ្វើឱ្យមានការសង្ស័យថា អាចជាអំពើឃាតកម្ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចម្ការតាង៉ែនមួយកន្លែង ស្ថិតក្នុងភូមិអូរធំ ឃុំសន្តិភាព ស្រុកសំពៅលូន។

បុរសរងគ្រោះដែលត្រូវគេប្រទះឃើញចងកស្លាប់នោះ មានឈ្មោះស៊្រន សុខុម អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើ បានមកបួសរៀន និងគង់នៅវត្តចក្រី ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទើបនឹងលាចាកសិក្ខាបទ (សឹក) កាលពីពេលថ្មីៗនេះប៉ុណ្ណោះ និងបានមកស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលកម្មករចម្ការតាង៉ែន កំពុងធ្វើការសុខៗ ស្រាប់តែប្រទះឃើញសពជនរងគ្រោះខាងលើ ស្ថិតក្នុងស្ថានភាពចងក ដោយមានស្នាមរបួសពេញខ្លួន ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា បានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ លុះក្រោយពេលពិនិត្យ រួចឃើញថា នៅលើខ្លួនប្រាណសពជនរងគ្រោះមានស្នាមរបួសពេញខ្លួន ដែលជាហេតុនាំឱ្យមានការសង្ស័យថា ករណីនេះជាប់ទាក់ទងនឹងអំពើឃាតកម្ម។

យ៉ាងណាក្តី សមត្ថកិច្ចនៅមិនទាន់អាចធ្វើការសន្និដ្ឋានច្បាស់លាស់នៅឡើយ ដោយរង់ចាំឱ្យសមត្ថកិច្ចជំនាញធ្វើការពិនិត្យ និងស្រាវជ្រាវជាមុនសិន៕

RELATED ARTICLES