Friday, April 26, 2024
Homeព័ត៌មានជាតិសុំច្រៀង១បទ ម្ចាស់ផ្ទះមិនឲ្យ ទាញកែវវ៉ៃរយះក្បាលទៀត

សុំច្រៀង១បទ ម្ចាស់ផ្ទះមិនឲ្យ ទាញកែវវ៉ៃរយះក្បាលទៀត

ខេត្តកំពង់ចាម ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ឃើញអ្នកជិតខាងចាក់ខារ៉ាអូខេច្រៀងលេង ក៏ចូលទៅសុំច្រៀង១បទ លុះម្ចាស់ផ្ទះមិនចាក់ឱ្យច្រៀងតាមសំណូមពរ ក៏ផ្ទុះកំហឹងស្ទុះទៅទាញកែវវ៉ៃក្បាលម្ចាស់ផ្ទះ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិខ្ទួយ១ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

ជនបង្កហេតុដែលខឹងសុំគេច្រៀង១បទ មិនបាន ទាញកែវវ៉ៃម្ចាស់ផ្ទះឱ្យរងរបួសរយះក្បាលនេះ មានឈ្មោះញឹម សុភ័ក្ត្រ អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុត ស៊ុម អាយុ៥៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ (រងរបួសក្បាលខាងក្រោយ)។

លោកប៉ាក់ ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះប៊ុត ស៊ុម ជាម្ចាស់ផ្ទះបានបង្កើតកម្មវិធីផឹកស៊ី និងចាក់ខារ៉ាអូខេ ច្រៀងលេងនៅផ្ទះជាលក្ខណៈគ្រួសារ។ លុះពេលកំពុងច្រៀងលេងសប្បាយ ស្រាប់តែជនបង្កហេតុ ឈ្មោះញឹម សុភ័ក្រ ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងជោគ បានបង្គាប់ឱ្យម្ចាស់ផ្ទះ ចាក់បទចម្រៀងឱ្យខ្លួនច្រៀងលេង តែម្ចាស់ផ្ទះមិនចាក់ចម្រៀងឱ្យច្រៀង ស្រាប់តែជនបង្កហេតុ ឈ្មោះញឹម សុភ័ក្រ ផ្ទុះកំហឹង ក៏ស្ទុះទៅទាញកែវស្រាវាយក្បាលជនរងគ្រោះជាម្ចាស់ផ្ទះ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន រងរបួសធ្ងន់តែម្តង។

លោកអធិការបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះ ១កែវស្រា ប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងនឹងជនរងគ្រោះជាម្ចាស់ផ្ទះ មិនព្រមចាក់បទចម្រៀងឱ្យខ្លួនច្រៀង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES