Thursday, March 28, 2024
Homeព័ត៌មានជាតិគ្រូនិងសិស្ស៤នាក់ ដុតមែកឈើប៉ះក្បាលគ្រាប់ ផ្ទុះរងរបួស

គ្រូនិងសិស្ស៤នាក់ ដុតមែកឈើប៉ះក្បាលគ្រាប់ ផ្ទុះរងរបួស

ខេត្តឧត្តរមានជ័យ  ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់ បាននាំសិស្សប្រុសស្រី៣នាក់ទៀត ទៅដុតមែកឈើនៅក្រោយសាលា ស្រាប់តែពេលកំពុងដុតសុខៗ ក៏ប៉ះគ្រាប់មិនទាន់ផ្ទះប្រភេទក្បាលគ្រាប់៦០មីល្លីម៉ែត្រ បណ្តាលឱ្យផ្ទុះលាន់ឡើងកក្រើក និងបង្កឱ្យគ្រូសិស្សទាំង៤នាក់ ទទួលរងរបួសធ្ងន់ស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងក្រោយសាលាបឋមសិក្សា ហ៊ុន សែន អន្លង់វែង ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ជនរងគ្រោះទាំង៤នាក់ ដែលទទួលរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះក្បាលគ្រាប់ខាងលើនេះ រួមមាន ទី១-ឈ្មោះហ៊ឹម សុខលី ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិខាងយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង (របួសធ្ងន់ភ្លៅខាងស្តាំ) ទី២-ឈ្មោះឆន ស្រីឯម ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិយាងខាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង (របួសធ្ងន់ខ្នង និងកែងដៃខាងឆ្វេង) ទី៣-ឈ្មោះហួរ បូលីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង (របួសស្រាលក្រោមមាត់) និងទី៤-ឈ្មោះហ៊ន់ ម៉ាលី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀនថ្នាក់ទី៣ មានលំនៅក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង (របួសស្រាលត្រង់ខ្នង)។ ជនរងគ្រោះទាំង៤នាក់ គឺជាគ្រូនិងសិស្ស ដែលរៀននិងបង្រៀននៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន អន្លង់វែង ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកគ្រូដែលជាជនរងគ្រោះ បាននាំសិស្សសាលា១ក្រុម ចេញទៅធ្វើពលកម្មនៅក្នុងបរិវេណសាលា បានប្រមូលមែកឈើ និងសំរាមដាក់ជាគំនរ រួចក៏ដុតនៅខាងក្រោយសាលាដើម្បីឱ្យមានបរិស្ថានល្អស្អាត ស្រាប់តែអកុសល ពេលកំពុងដុតក៏ប៉ះចំក្បាលគ្រាប់ប្រភេទ៦០មីលីម៉ែត្រ ធ្វើឱ្យផ្ទុះលាន់ឡើងកក្រើក និងបង្កឱ្យមានអ្នករងរបួសធ្ងន់២នាក់ និងរបួសស្រាល២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានជួយដឹកបញ្ជូនជនរងគ្រោះទាំង៤នាក់ ទៅកាន់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ចំនួន៣នាក់ និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តឧត្តរមានជ័យ ចំនួន១នាក់ ដើម្បីសង្គ្រោះបន្ទាន់។

ជុំវិញការផ្ទុះក្បាលគ្រាប់ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ឱ្យដឹងច្បាស់លាស់នៅឡើយ ដោយរង់ចាំឱ្យខាងជំនាញធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុជាមុនសិន៕

RELATED ARTICLES