Friday, April 26, 2024
Homeព័ត៌មានជាតិឃាតករសម្លាប់ប្រពន្ធនិងកូនក្នុងផ្ទៃ២ខែ!!! ហក់ធាក់២ជើង អុកគូទហើយ ថែម១០ទៀត ដល់រលូតកូនស្លាប់

ឃាតករសម្លាប់ប្រពន្ធនិងកូនក្នុងផ្ទៃ២ខែ!!! ហក់ធាក់២ជើង អុកគូទហើយ ថែម១០ទៀត ដល់រលូតកូនស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ត្រឡប់មកផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ប្រើអំពើហិង្សា ស្ទុះទៅហក់ធាក់ប្រពន្ធដែលកំពុងពពោះ២ខែ ចំនួន២ជើង បណ្តាលឱ្យដួលអុកគូទ រួចក៏ស្ទុះទៅវាយ១០ដៃទៀត បណ្តាលឱ្យរលូតកូនរហូតស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក្ស។

ជនដៃដល់ដែលវាយប្រពន្ធកំពុងពពោះ បណ្តាលឱ្យស្លាប់ទាំងម្តាយ និងកូនក្នុងផ្ទៃនោះ មានឈ្មោះធឿន សុភ័ក្ត្រ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឡាយ សុខា អាយុ៣៥ឆ្នាំ កំពុងមានផ្ទៃពោះប្រហែល២ខែ។ ប្តីប្រពន្ធខាងលើ មានកូនស្រីម្នាក់ អាយុ១១ឆ្នាំ និងកំពុងមានផ្ទៃពោះកូនទី២ ក្នុងផ្ទៃ២ខែទៀត ព្រមទាំងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ជនដៃដល់ជាប្តីឈ្មោះធឿន សុភ័ក្រ បានចេញទៅផឹកស្រា រហូតដល់ស្រវឹងជោក លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតឈានដល់ផ្ទុះអំពើហិង្សា ដោយជនដៃដល់បានស្ទុះទៅទាត់ប្រពន្ធដែលកំពុងពពោះកូនក្នុងផ្ទៃ២ខែ ចំនួន២ជើង បណ្តាលឱ្យដួលអុកគូទ បន្ទាប់មក ដោយមិនទាន់រំសាយកំហឹងអស់ ជនដៃដល់ក៏បានចូលទៅវាយប្រពន្ធថែមចំនួន១០ដៃទៀត បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធរងរបួសធ្ងន់ ជាំពេញមុខ និងដងខ្លួន។

ប្រភពដដែលបន្តថា បន្ទាប់ពីត្រូវប្តីប្រើអំពើហិង្សាបាន១ថ្ងៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះក៏បានរលូតកូន ហើយក៏មិនបានទៅមន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យជំនាញជួយពិនិត្យព្យាបាលនោះទេ ដោយបានហៅគ្រូពេទ្យមកពិនិត្យព្យាបាលនៅផ្ទះ។ លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយភ្លាមនោះ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព ឃើញថា ស្ត្រីរងគ្រោះបានទទួលរងការវាយដំយ៉ាងធ្ងន់ រហូតដល់រលូតកូន និងថែមទាំងស្លាប់ខ្លួនឯងទៀតផង។

បន្ទាប់ពីពិនិត្យដឹងថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារទទួលរងអំពើហិង្សាយ៉ាងឃោរឃៅពីសំណាក់បុរសជាប្តីរួចមក សមត្ថកិច្ចក៏បានសម្រេចចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធយ៉ាងធ្ងន់ប្រាកដមែន មូលហេតុដោយសារស្រវឹងស្រាខ្លាំងពេក។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី”

RELATED ARTICLES