Friday, March 29, 2024
Homeតារាខ្មែរភ្ញាក់ផ្អើល!!! ឡេង ណាវ៉ាត់ត្រា កូនអ្នកក្រនៅខេត្តព្រៃវែង ឡើងតំណែងជាឧកញ៉ា

ភ្ញាក់ផ្អើល!!! ឡេង ណាវ៉ាត់ត្រា កូនអ្នកក្រនៅខេត្តព្រៃវែង ឡើងតំណែងជាឧកញ៉ា

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនអ្នកក្រីក្រនៅខេត្តព្រៃវែង និងជាអតីតពលករកូរ៉េ ដែលធ្លាប់ឆ្លងកាត់ជីវិតជូរចត់ជាច្រើន លោកឡេង ណាវ៉ាត់ត្រា បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ រហូតក្លាយជាអ្នកជំនួញខាងអចលនៈទ្រព្យវាល់លានដុល្លារ គួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលស្ទើរមិនគួរឲ្យជឿទៀតនោះ បន្ទាប់ពីលោករួមចំណែកជួយសង្គមជាហូរហែ ស្រាប់តែលោកទទួលបានគោរមងារជាឧកញ៉ាទាំងវ័យក្មេង ដែលនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

ដំណឹងលោកឡេង ណាវ៉ាត់ត្រា ឡើងជាឧកញ៉ា គួរឲ្យភ្ញាក់ផ្អើលនេះបានសាយភាយឡើងតាមរយៈការប្រកាសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំ នៃប្រព័ន្ធអនុញាតិ EPS កាលពីថ្មីៗនេះ ដែលបានទទួលស្គាល់លោកឡេង ណាវ៉ាត់ត្រា ដែលជាកូនអ្នកក្រីក្រនៅខេត្តព្រៃវែង ជាតារាចម្រៀងនិងជាអតីតពលករនៅក្នុងប្រទេសកូរ៉េ បានក្លាយជាឧកញ៉ាហើយ ខណៈលោកក៏បានទាំងអបអរផងដែរ ដល់តារាចម្រៀងរូបនេះ និងថាលោកជាតារាសិល្បៈវ័យក្មេងមួយរូប ដែលបានវិវឌ្ឍខ្លួនក្លាយជាអ្នកជំនួញ និងក្លាយជាឧកញ៉ាតាមរយៈការរួមចំណែកជួយដល់សង្គមនោះផង។

កន្លងមក គេដឹងត្រឹមថា លោកឡេង ណាវ៉ាត់ត្រា គ្រាន់តែជាតារាចម្រៀងថៅកែផលិតកម្ម Galaxy មានសំណង់បុរីផ្ទះល្វែង និងវីឡាកូនកាត់ អមដោយមុខជំនួញពុះដីឡូតិ៍លក់ និងមានការរួមចំណែកជួយដល់សង្គមជាច្រើនតែប៉ុណ្ណោះ តែក្រោយការប្រកាសរបស់ឯកឧត្តមហ៊ុន ម៉ាណែត បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ជាពិសេសអ្នកនៅក្នុងសង្គមសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលគេមិនដឹងថា ងារជាឧកញ៉ារបស់លោកនឹងប្រកាសឡើងដោយព្រះមហាក្សត្រក្នុងពេលឆាប់ៗនោះទេ។

ប្រភពផ្លូវការបានអះអាងថា គោរមងាររបស់លោកនឹងធ្លាក់ជាផ្លូវការក្នុងពេលឆាប់ៗ អីចឹងហើយទើបអ្នកមុខអ្នកការដែលបានដឹងពីគម្រោងនៃការប្រកាសនោះ បានហៅលោកថា លោកឧកញ៉ារួចជាស្រេច ជាពិសេសគឺការប្រកាសរបស់លោកហ៊ុន ម៉ាណែត តែម្ដង។ លោកគឺជាអ្នកសិល្បៈទី២ ដែលបានទទួលងារជាលោកឧកញ៉ា បន្ទាប់ពីតារាកំប្លែងនាយឃ្លោក ដែលមានគុណបំណាច់ជាច្រើនក្នុងការរួមចំណែកជួយដល់សង្គម ក៏បានទទួលគោរមងារមួយនេះផងដែរ។

លោកឡេង ណាវ៉ាត់ត្រា បានថ្លែងឲ្យដឹងថា “លោកពិតជាត្រូវបានស្នើឲ្យឡើងជាឧកញ៉ាប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ថា នឹងធ្លាក់លិខិតប្រកាសនោះ ក្នុងពេលណានោះទេ។ យ៉ាងណា លោកថាសម្រាប់ខាងថ្នាក់លើដែលបានមើលឃើញពីសកម្មភាពរបស់លោក បានទទួលស្គាល់ពីការតែងតាំងនោះរួចអស់ហើយ បន្ទាប់ពីលោកបានរួមចំណែកជួយដល់សង្គមនាមួយរយៈចុងក្រោយ ដែលរួមមានជួយសមាគមសិល្បករខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជា ជាដើម។ លោកថា ទោះជាលោកមានឈ្មោះថា ជាឧកញ៉ា តែលោកមិនបោះបង់ការងារជាតារាចម្រៀងនោះទេ ដោយលោកនឹងនៅតែបន្តបញ្ចេញបទចម្រៀងនៅក្នុងផលិតកម្ម Galaxy ជាហូរហែរ ដោយក្នុងពេលខាងមុខ លោកក៏នឹងត្រលប់មកផលិតភាពយន្តជាថ្មីផងដែរ បន្ទាប់ពីបានផលិតរឿង “កំពូលល្ងង់នៅអាស៊ី” ទទួលបានជោគជ័យ។

គួរបញ្ជាក់ថា លោកឡេង ណាវ៉ាត់ត្រា ជាកូនអ្នកកសិករដែលមានជីវភាពក្រីក្រដែលមានស្រុកកំណើតនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលធ្លាប់ឆ្លងកាត់ជីវិតជូរចត់ជាច្រើនដែលធ្លាប់ធ្វើជាកម្មកររោងចក្រ ធ្វើជាពលករនៅប្រទេសកូរ៉េ ក្រោយមកក៏បានវិវឌ្ឍខ្លួនក្លាយជាតារាចម្រៀង ក្លាយជាថៅកែផលិតកម្ម ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចូលប្រឡូកនៅក្នុងមុខជំនួញវិស័យអចលនៈទ្រព្យ ទាំងពុះដីឡូតិ៍លក់សំណង់ផ្ទះល្វែងដែលមានទ្រព្យខ្ទង់លានដុល្លារនៅក្នុងដៃ។

លោកណាវ៉ាត់ត្រា បញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលការប្រឹងប្រែងនាពេលកន្លងមក ហុចផលវិជ្ជមាន ប៉ុន្តែលោកនៅតែប្រកាសថា បើទោះជាបានឡើងតំណែងខ្ពស់ផុតពីតារាសិល្បៈយ៉ាងណាក៏ដោយ ក៏លោកនៅតែយល់ថា ខ្លួនឯងជាតារាសិល្បៈយ៉ាងសាមញ្ញមួយរូប និងនៅតែជាអតីតពលករដែលធ្លាប់ហែលឆ្លងកាត់នូវការតស៊ូដដែល។ លោកបានប្រកាសថា ក្នុងមួយរយៈចុងក្រោយ លោកកាន់តែមមាញឹកនឹងគម្រោងសង់បុរីដាក់លក់ តែលោកមិនភ្លេចជួយសង្គម និងបន្តចេញបទចម្រៀងនៅក្នុងផលិតកម្មនោះទេ ដើម្បីរួមចំណែកលើកស្ទួយវិស័យចម្រៀង ឲ្យមានបទចម្រៀងជាស្នាដៃកូនខ្មែរ៕

RELATED ARTICLES