Friday, March 29, 2024
Homeព័ត៌មានជាតិក្រុមហ៊ុន Mobitel ដំឡើងអង់តែន ប្រជាពលរដ្ឋផ្ទុះប្រតិកម្មខ្លាចប៉ះពាល់សុខភាព

ក្រុមហ៊ុន Mobitel ដំឡើងអង់តែន ប្រជាពលរដ្ឋផ្ទុះប្រតិកម្មខ្លាចប៉ះពាល់សុខភាព

ភ្នំពេញ ៖ ដោយសារតែខ្លាចផលប៉ះពាល់ទៅដល់សុខភាព ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាប្រតិកម្មទៅនឹងក្រុមហ៊ុន Mobitel ដែលដំឡើងអង់តែនទូរស័ព្ទនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

ការផ្ទុះប្រតិកម្មរបស់ប្រជាពលរដ្ឋទៅលើក្រុមហ៊ុន Mobitel នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ក្រុមទី ៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា រយៈពេលប្រហែល១សប្តាហ៍ទៅហើយ ដែលក្រុមហ៊ុន Mobitel បានដំឡើងអង់តែនទូរស័ព្ទនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។ ដោយឡែក ការដំឡើងអង់តែននេះ គឺពួកគាត់មិនសប្បាយចិត្តនោះឡើយ ដូច្នេះពួកគាត់ជាច្រើនគ្រួសារបានផ្ទុះប្រតិកម្ម និងស្នើទៅដល់អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីជួយអន្តរាគមន៍ បញ្ឈប់ការដំឡើងជាដាច់ខាត ។

ប្រភពព័ត៌មានដដែលប្រាប់បន្តថា មូលហេតុដែលពួកគាត់ទាំងអស់គ្នា មិនចង់ឲ្ដំឡើងអង់តែនទូរស័ព្ទនៅក្នុងមូលដ្ឋានរបស់ពួកគាត់នេះ គឺដោយសារតែខ្លាចផលប៉ះពាល់ទៅដល់សុខភាពរបស់ពួកគាត់ ។ ដោយសារបញ្ហាទាំងនេះ ទើបពួកគាត់ទាំងអស់គ្នាប្រមូលផ្តុំគ្នា ស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍បញ្ឈប់ការដំឡើងអង់តែននេះជាបន្ទាន់ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋប្រាប់បញ្ជាក់ឲ្យដឹងថា នៅក្នុងភូមិរបស់ពួកគាត់បច្ចុប្បន្នមានអង់តែនទូរស័ព្ទ ចំនួន២រួចទៅហើយ គឺអង់តែន Smart និងអង់តែន Metfone ។ ចំពោះអង់តែនទាំង២នេះ ពួកគាត់ ក៍សុំស្នើទៅដល់អាជ្ញាធរជួយរុះរើចោលដែរ គឺពួកគាត់មិនចង់ឲ្យមានអង់តែនទាំងអស់នេះ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឡើយ ។

ជុំវិញព័ត៍មានខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់បណ្តាញព័ត៌មាន តាមរយៈទូរស័ព្ទថា ការងារនេះលោកបានប្រគល់ឲ្យខាងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ជួយដោះស្រាយហើយ  សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំព្រួយបារម្ភអី ៕

RELATED ARTICLES