Friday, March 29, 2024
Homeព័ត៌មានជាតិបើកម៉ូតូបុកពីក្រោយដួល លើកម៉ូតូជនរងគ្រោះជិះទៅបាត់ បន្សល់ទុកម៉ូតូនិងកាំភ្លើង១ដើម

បើកម៉ូតូបុកពីក្រោយដួល លើកម៉ូតូជនរងគ្រោះជិះទៅបាត់ បន្សល់ទុកម៉ូតូនិងកាំភ្លើង១ដើម

ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូស្កុបពី មួយគ្រឿង បត់ត្រឡប់ក្រោយ ​ក៏ត្រូវម៉ូតូមួយគ្រឿងទៀត ជិះមកបុកពីក្រោយ បណ្តាលឲ្យរងការខូចខាត ភ្លាមៗនោះ​ដែរ អ្នកបើកម៉ូតូបង្កបានលើក
ម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូរបស់គេសមត្ថកិច្ចមកដល់បើកកែប​ម៉ូតូ ឃើញមានកាំភ្លើងខ្លីមួយដើម ​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩​​យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខបណ្ណាល័យ សម្តេចតេជោហ៊ុន សែន តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣ ពណ៌ស ​ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងត្រឡប់ក្រោយ ខណៈពេលនោះ ស្រាប់តែមានម៉ូតូបង្កមួយគ្រឿងទៀត ម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៥ ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ 1FZ-6792 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមកពីក្រោយ ហើយក៏ជ្រុលទៅបុកគូទម៉ូតូរងគ្រោះខាងលើ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូបង្ករងការខូចខាតបែកចង្កៀងខាងមុខ រីឯអ្នកបើកបររងរបួសបែកក្បាល។ ភ្លាមៗនោះអ្នកបើក​ម៉ូតូបង្កបានងើបរត់មកលើកម៉ូតូរបស់ជនរងគ្រោះ រួចជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់ខ្លួននៅនឹងកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានបើកកែបម៉ូតូបង្ក ដើម្បីធ្វើការឆែកឆេរ ស្រាប់តែប្រទះឃើញកាំភ្លើងខ្លីមួយដើម នៅក្នុងកែបម៉ូតូនោះ ជាកាំភ្លើងខ្លីប្រភេទ៥៤ តែមិនដឹងថា កាំភ្លើងនោះស្រប់ច្បាប់ដែរ ឬយ៉ាងណានោះទេ។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនបង្ក រួមទាំងកាំភ្លើង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវរកជនបង្កឲ្យចូលខ្លួនមកដោះស្រាយ៕

RELATED ARTICLES