Saturday, April 20, 2024
Homeព័ត៌មានជាតិស្រ្តីមានផ្ទៃពោះគ្រប់ខែ កំពុងលេងហ្គេមបាញ់ត្រី ឈឺពោះកើតកូន

ស្រ្តីមានផ្ទៃពោះគ្រប់ខែ កំពុងលេងហ្គេមបាញ់ត្រី ឈឺពោះកើតកូន

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានចូលទៅអង្គុយលេងហ្គេមបាញ់ត្រីសុខៗ ក៏ស្រាប់តែកើតមានអាការឈឺពោះ ក៏ដើរចេញមកខាងក្រៅ ស្រាប់តែសម្រាលបានកូនស្រីម្នាក់ នៅលើចិញ្ចើមផ្លូវនៅពីមុខទីតាំងល្បែងហ្គេមបាញ់ត្រីលួចលាក់បើកខុសច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចម្តុំទំនប់ទួលគោក ក្បែរផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

ស្ត្រីដែលសម្រាលកូននៅមុខទីតាំងល្បែងបាញ់ត្រីនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានអាយុប្រមាណជាង២០ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើដែលកំពុងមានផ្ទៃពោះ បានដើរចូលទៅលេងហ្គេមបាញ់ត្រីនៅចំណុចទីតាំងកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលកំពុងអង្គុយលេងហ្គេមសុខៗ ស្ត្រីរូបនោះក៏ចាប់ផ្តើមឈឺពោះសម្រាល ទើបបានដើរចេញមកខាងក្រៅវិញ រួចក៏អង្គុយនៅលើចិញ្ចើមថ្នល់មុខកន្លែងបាញ់ត្រី ស្រែកហៅគេឯងឱ្យជួយ ដោយប្រាប់ថា កូននាងបានសម្រាលមកហើយ។

ប្រភពដដែលបន្តថា ភ្លាមនោះ ប្រជាពលរដ្ឋជិតខាងបានស្ទុះទៅចោមរោមមើល តែមិនមានអ្នកណាមានជំនាញអាចជួយសម្រាលកូនឱ្យស្ត្រីរូបនោះបានទេ។ បន្ទាប់មក ប្រជាពលរដ្ឋបាននាំគ្នាជួយលើកស្ត្រីខាងលើ ដាក់ឱ្យដេកនៅលើប៉ៅអី រួចហើយមានស្ត្រីម្នាក់បានមកជួយសម្រាលកូនឱ្យស្ត្រីរូបនោះ រហូតបង្កើតបានកូនស្រីម្នាក់ដោយជោគជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះជួយអន្តរាគមន៍ និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនស្ត្រីខាងលើទៅកាន់មន្ទីរពេទ្យ លុះពេលរថយន្តសង្គ្រោះរៀបនឹងបើកចេញទៅ ក៏លេចមុខបុរសជាប្តី មានបីកូនតូចម្នាក់ អាយុប្រមាណ២ខួប រត់មកមើលប្រពន្ធ និងបានឡើងជិះរថយន្តសង្គ្រោះបន្ទាន់ចេញទៅជាមួយប្រពន្ធបាត់ទៅ៕

RELATED ARTICLES