ភ្នំពេញ ៖ ស្ត្រីម្នាក់បានចូលផ្សារទិញងាវ ទៅធ្វើម្ហូបបានជ្រុះបាត់កាបូប លុះមានគេប្រាប់តៗគ្នា ក៏ទៅចោទយាយលក់ជ្រក់ស្ពៃថា បានយកលុយពីក្នុងកាបូបនោះ អស់ជាង១០០០ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩កន្លះព្រឹក នៅក្នុងផ្សារស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីស្ត្រីម្ចាស់កាបូបឈ្មោះ ខៀវ លក្ខិណា អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឱ្យដឹងថា ថ្ងៃកើតហេតុនោះ នាងបានចូលផ្សារស្ទឹងមានជ័យចាស់ រកទិញងាវ។ លុះទិញបានលូកយកកាបូប ក៏ដឹងថា បាត់ទៅហើយ ដែលក្នុងកាបូបនោះ មានលុយ១០០០ដុល្លារ និងលុយខ្មែរមួយចំនួន សម្រាប់ទិញម្ហូប។ នាងក៏ភ័យស្លន់ស្លោ ដើររកកាបូប ស្រាប់តែមានអ្នកលក់ដូរក្បែរនោះ ប្រាប់ថា កាបូបរបស់នាងត្រូវបានស្ត្រីលក់ដំឡូងម្នាក់រើសបាន។ លុះនាងទៅសួរស្ត្រីលក់ដំឡូង ក៏ប្រាប់ថា កាបូបនេះត្រូវយាយលក់ជ្រក់ស្ពៃថា ជារបស់គាត់ ហើយបានប្រើកូនគាត់មកយកទៅហើយ។ ពេលរើសបាននោះ ស្ត្រីលក់ដំឡូងបានបើកកាបូប ឃើញលុយដែរ តែមិនដឹងមានចំនួនប៉ុន្មាន និងមិនទាន់បានយកលុយផង ក៏ត្រូវកូនយាយជ្រក់ស្ពៃមកទារយកទៅវិញ។
ស្ត្រីបាត់កាបូបបានបន្តថា លុះនាងទៅ សួរយាយលក់ជ្រក់ស្ពៃ យាយនោះមិនប្រកែកទេ បានហុចកាបូបឱ្យនាងវិញ ប៉ុន្តែពេលបើកមើលក៏ដឹងថា បាត់លុយអស់រលីងទៅហើយ ក៏កើតទុក្ខមិនសុខចិត្ត ទៅប្តឹងសមត្ថកិច្ច។ ទីបំផុត សមត្ថកិច្ចក៏នាំយាយលក់ជ្រក់ស្ពៃទៅសាកសួរ ដោយពុំទាន់ដឹងថា លុយក្នុងកាបូបនោះ ត្រូវភាគីណាយកនោះទេ ព្រោះមុនដំបូង ស្ត្រីលក់ដំឡូងរើសបាន បើកកាបូបមើលដែរ បែរជាយាយលក់ជ្រក់ស្ពៃប្រើកូនទៅដកហូតថា ជាកាបូបរបស់គាត់ ក៏វ័ណ្ឌកយ៉ាងនេះទៅ។
ប្រភពពីអ្នកដើរផ្សារ បានឱ្យដឹងស្របគ្នាថា ករណីនេះ មកពីម្ចាស់កាបូបធ្វេសប្រហែស ផ្សំផង លុះមានបញ្ហាក៏នាំអំពល់ទុក្ខដល់សមត្ថកិច្ច ព្រោះរឿងលុយ បើគេរើសបាន មិនងាយបានមកវិញទេ ហើយក៏មិនដឹងថា យាយជ្រក់ស្ពៃ យកលុយពីក្នុងកាបូប ឬស្ត្រីលក់ដំឡូងយកនោះ ដែរ…៕