Friday, April 19, 2024
Homeតារាខ្មែរសុខ ស្រីនាង សង្ឃឹមដូចរ៉េត ស៊ូហ្សាណា

សុខ ស្រីនាង សង្ឃឹមដូចរ៉េត ស៊ូហ្សាណា

សុខ ស្រីនាង ដែលថា នាងមានការប្រែប្រួលច្រើន តាំងពីឈានជើងចូលហង្សមាស​ នោះ ពេលនេះប្រឹងបុកទាំងបទចម្រៀង និងការថតភាពយន្ត ព្រមគ្នាតែម្តង ដែលមានពេលខ្លះ អ្នកមេម៉ាយរូបស្រស់នេះ មមាញឹកសឹងតែគ្មានបានដេកពួនឡើយ។

ទោះជាយ៉ាងណា គេមិនទាន់ឃើញសុខ ស្រីនាង មានឱកាសបានថតស្ពតធំៗ ដូចតារាស្រីហង្សមាស ផ្សេងៗទៀត ពិសេស រ៉េត ស៊ូហ្សាណា ឡើយ ថ្វីត្បិតតែនាងមានរូបសម្រស់លេចធ្លោនៅទ្រនំធំនេះក្តី តែស្រីនាង បានអះអាងថា មិនយូរទេ នាងនឹងមានឱកាសបានថតស្ពតទាំងនេះដែរជាមិនខាន ព្រោះពេលនេះមានការទាក់ទងខ្លះៗហើយ…។

នៅពេលនេះ ផលិតកម្មរស្មីហង្សមាស លើកស្ទួយឱក សុគន្ធកញ្ញា ជាងគេ ព្រោះតារាល្បីរូបនេះជិតក្លាយទៅជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាស ទៅហើយ។ ដោយឡែក តារាថ្មីៗវិញ ទស្សនិកជនមើលឃើញថា ហង្សមាស មានការលើកតម្កើងតារាសាច់ខ្ចីល្ហក់ រ៉េត ស៊ូហ្សាណា ជាងគេ ទាំងបទចម្រៀង និងស្ពតពាណិជ្ជកម្ម បើទោះកន្លងមកមានការរិះគន់ថា ស៊ូហ្សាណា ច្រៀងមិនកើតក្តី។ ងាកមកមើលសុខ ស្រីនាង អតីតតារាចម្រៀងផលិតកម្ម KH និងសាន់ដេ ឯណោះវិញ គឺអ្នកមេម៉ាយរូបស្រស់នេះ មានរូបឆោមលេចធ្លោម្នាក់នៅផលិតកម្មធំនេះដែរ ហើយនាងថា តាំងពីចូលហង្សមាស មក គឺមានការរីកចម្រើនខ្លាំងណាស់ ទាំងបទពិសោធន៍ការងារសិល្បៈ និងប្រាក់ចំណូល។ ប៉ុន្តែ គេមិនទាន់ឃើញសុខ ស្រីនាង មានឱកាសបានថតស្ពតពាណិជ្ជកម្ម ដូចតារាស្រីផ្សេងទៀត នៅហង្សមាស មានដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ និសា, ពេជ្រ សោភា ពិសេស គឺរ៉េត ស៊ូហ្សាណា នោះឡើយ។

ហេតុអ្វីបានជាសុខ ស្រីនាង គ្មានឱកាសបានថតស្ពតពាណិជ្ជកម្មដូចគេ ឬមកពីនាងជាតារាលែងប្តី មិនសូវត្រូវប៉ាន់?

ក្នុងជំនួបផ្ទាល់ជាមួយសុខ ស្រីនាង តារារាងស្វែលរូបនេះថ្លែងថា ពេលនេះមានក្រុមហ៊ុនមួយចំនួន បានទាក់ទងមកនាងខ្លះៗហើយ ដែលមិនយូរទេក្នុងពេលឆាប់ៗខាងមុខនេះ គឺនាងនឹងអាចលេចមុខក្នុងស្ពតពាណិជ្ជកម្មដូចតារាដទៃទៀតរបស់ហង្សមាស ឬរ៉េត ស៊ូហ្សាណា ជាមិនខាន។

សុខ ស្រីនាង រៀបរាប់ថា “មានគេទាក់ទងខ្លះៗដែរ រឿងស្ពតពាណិជ្ជកម្មហ្នឹង ដោយមានក្រុមហ៊ុនខ្លះគាត់ទាក់ទងទៅហង្សមាស និងមានការទាក់ទងមកខ្ញុំក៏មានដែរ តែត្រូវតែឆ្លងកាត់ក្រុមហ៊ុនទាំងអស់ ព្រោះអីយើងជាអ្នកចម្រៀងមានកុងត្រា។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខនេះ ខ្ញុំនឹងអាចមានឱកាសថតស្ពតលេចមុខក្នុងស្ពតពាណិជ្ជកម្មដែរជាមិនខាន ព្រោះអីឥឡូវយើងមានការងារសិល្បៈធ្វើច្រើនណាស់ តាំងពីខ្ញុំចូលមកហង្សមាស នេះ”។

សុខ ស្រីនាង ដែលជាតារាចម្រៀងម្នាក់ស្រគត់ស្រគំ និងច្រៀងតែបទស្លូវៗភាគច្រើននោះ ប្រែមកជាអ្នកចម្រៀងម្នាក់ ដែលមានក្បាច់រាំរស់រវើកកញ្ជ្រោកលើឆាកតន្ត្រីតែម្តង ហើយតាមរយៈការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ នៅលើឆាកតន្ត្រីប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ស្រីនាង បានយកបទល្បីរបស់ខ្លួនមកច្រៀង ដូចជាបទ “ហត់ទេស្រលាញ់គេម្នាក់ឯង?”, “ស្អប់ទាំងដានជើងបង”, “ឡិកឡក់” និងបទ “I Don’t”។ ទស្សនិកជនដែលទស្សនាផ្ទាល់ បានសរសើរថា សុខ ស្រីនាង នៅតែមានរូបសម្រស់ស្អាតមិនចាញ់កាលនៅក្រមុំឡើយ ហេតុនេះហើយបានជាអ្នកចម្រៀងរូបនេះនៅតែអាចមានទីផ្សារល្អឡើងវិញ ទោះជាតារាខ្លះឱ្យតែលែងប្តីហើយ ពិបាកក្នុងការស្តារកេរ្តិ៍ឈ្មោះក្តី។

ប៉ុន្តែ ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា សុខ ស្រីនាង សមត្ថភាពនាងហាក់នៅមានកម្រិតនៅឡើយ ពេលដែលច្រៀងបទតឹងៗ គឺពេលខ្លះចង់ភ្លាត់ម្តងៗដែរ ហេតុនេះហើយ ស្រីនាង ចង់ប្រជែងជាមួយឱក សុគន្ធកញ្ញា, ពេជ្រ សោភា និងសួស វីសា ជាដើមនោះ មិនមែនជាការងាយស្រួលប៉ុន្មានឡើយ។

សុខ ស្រីនាង ដែលលោតពីសាន់ដេ ហក់ចូលហង្សមាស នោះ ពេលនេះច្រៀង1កម្មវិធី ស៊ីថ្លៃជាង 1ពាន់ដុល្លារ ហេតុនេះហើយពេញ1រដូវក្តៅនេះ គេជឿថា អ្នកមេម៉ាយឡើងកូដរូបនេះ អាចរកប្រាក់ចំណូលបានមិនចាញ់តារាស្រីខ្លាំងៗដទៃទៀតឡើយ ព្រោះស្រីនាង ថា ពេលនេះ នាងរវល់សឹងតែមិនបានដេកពួនទេ ដោយសារការងារសិល្បៈបុកមកច្រើនពេក។

រ៉េត ស៊ូហ្សាណា

សុខ ស្រីនាង ថ្លែងថា “និយាយពីការរវល់វិញ គឺរវល់សឹងថា រកពេលគេងមិនបានទេបង! ខ្ញុំចុះច្រៀង Concert តាមខេត្តរហូតតែម្តង ហើយពេលមកភ្នំពេញ ត្រូវការថតបទចម្រៀង និង MV និងការថតភាពយន្តទៀត។ នៅមាន Concert ជាច្រើនទៀត ដែលនឹងចេញតាមខេត្តក្នុងពេលឆាប់ៗនេះ អីចឹងខ្ញុំមិនសូវបានគេងទេ។ ចំពោះការថតភាពយន្តវិញ គឺដើរទន្ទឹមគ្នាតែម្តង ហើយនៅពេលវែងឆ្ងាយទៀត មិនទាន់ថតចប់ទេ ព្រោះថា មានប្លង់ខ្លះត្រូវថតឡើងវិញពេលប៉ះប្លង់គាត់ (សាន ស្រីឡៃ) នោះ តែខ្ញុំប៉ះជាមួយគាត់ ទើបតែបាន3ឈុតទេ។ ខ្ញុំសប្បាយចិត្ត ដែលពេលនេះយើងមានការងារសិល្បៈធ្វើច្រើនមែនទែន ហើយចំពោះការថតភាពយន្តវិញ សម្រាប់រឿងក្រោយៗទៀត ខ្ញុំមិនទាន់គិតច្បាស់ទេថា ត្រូវថតទៀត ឬអត់នោះ គឺចាំមើលតាមពេលវេលាសិន ព្រោះយើងធ្វើទៅតាមក្រុមហ៊ុនដាក់ឱ្យដែរ”។

សុខ ស្រីនាង ឆក់បានតំណែងតួឯករឿង “រាជិនីភូមិគ្រឹះ” ដែលប៉ះជាមួយសុគន្ធ និសា តួឯកដែរ ហើយស្រីនាង ថា ការថតរឿងនេះ ធ្វើឱ្យនាងទទួលបានបទពិសោធន៍ថ្មីៗច្រើន តែងាកទៅថតជា MV វិញ ងាយស្រួលដូចបកចេក។

តាមព័ត៌មានថា តាំងពីអតីតតារាចម្រៀងសាន់ដេ សុខ ស្រីនាង លែងប្តី លោកស៊ី សុវត្ថិ មក តារាចម្រៀងរូបនេះ មានមន្ត្រីធំៗចោមស្នេហ៍ច្រើន រហូតសឹងតែរើខ្លួនមិនរួចឡើយ ខណៈដែលអតីតប្តី លោកស៊ី សុវត្ថិ ដែលពេលនេះមានភរិយាថ្មីទៅហើយនោះ ធ្លាប់ព្រមានប្រុសៗទាំងឡាយដែលតាមស្នេហ៍ស្រីនាង ថា ទាល់តែមានអំណាច និងទ្រព្យសម្បត្តិស្តុក ទើបអាចទៅរួច បើជាអ្នកក្រ មានត្រឹមចិត្តស្មោះ មិនអាចឃុំគ្រងបេះដូងស្រីនាង បានឡើយ។ យ៉ាងណា រហូតមកដល់ពេលនេះ គេមិនដែលឃើញសុខ ស្រីនាង បណ្តើរគូស្នេហ៍ថ្មីឡើយ ហើយថែមទាំងមិនចង់និយាយរឿងស្នេហ៍ថ្មីទៀតផង បើទោះជាពេលនេះ គេជឿថា នាងមិនមែនបេះដូងនៅទំនេរក្តី៕

សុខ ស្រីនាង និងលោកជា វណ្ណារិទ្ធ

RELATED ARTICLES