Saturday, April 20, 2024
Homeតារាខ្មែរនាយចឺម ច្រៀង៥បទ សុំថើបម្ចាស់ហាងគេ១

នាយចឺម ច្រៀង៥បទ សុំថើបម្ចាស់ហាងគេ១

តារាចម្រៀងសាន់ដេ លោកសុខ​ មេសា ​ហៅនាយចឺម​ ថ្វីត្បិតតែពេលនេះបានផ្ដាច់ខ្លួនពីអាជីពកំប្លែងចោលទាំងស្រុងដោយផ្ដោតតែលើការព្រឹងអាជីពចម្រៀងតែមួយមុខក្ដី ប៉ុន្តែ ”នាយចឺម” ដែលត្រូវពិធីករតាមបណ្ដាប៉ុស្ដិ៍ទូរទស្សន៍ទាំងឡាយហៅថាលោក ”ចឺម” វិញម្ដងនោះ នៅតែមានការនិយាយកំប្លែងដដែល ធ្វើឲ្យអតីតកូនក្រុមលោកតាវ៉ិចទ័រ របស់ទូរទស្សន៍ CTN រូបនេះ ត្រូវបានអ្នកនៅជុំវិញខ្លួនគេផ្ទុះសំណើច នៅពេលដែលអ្នកកំប្លែងក្លាយទៅជាអ្នកចម្រៀងរូបនេះ ច្រៀងចប់មួយបទៗ ហើយប្រើសម្តីស៊កដោយកំប្លែងនោះ។

ម្ចាស់កម្មវិធីដែលជួលលោកចឺម ទៅច្រៀង បានឲ្យដឹងថា គេជួលអ្នកចម្រៀងរូបនេះទៅម្នាក់ គឺស្មើជួលមនុស្ស២នាក់ដែរ ព្រោះនាយចឺម ទៅច្រៀងផង លេងកំប្លែងផង អីចឹងមិនចាំបាច់ជួលនាយពាក់មី ឡើយ។ ជាក់ស្ដែងក្នុងការបង្ហាញខ្លួនចូលរួមច្រៀងអបអរសាទរក្នុងកម្មវិធីសម្ពោធហាងតារាសម្ដែងម៉ាក សែនសូនីតា នៅក្រុងតាខ្មៅ កាលពីពេលថ្មីៗនេះ លោកសុខ មេសា ហៅនាយចឺម បានធ្វើឲ្យភ្ញៀវពេញហាងផ្ទុះសំណើចគ្រប់គ្នាតែម្ដង ព្រោះតែនាយចឺម ថា មកច្រៀងកម្មវិធីតូតា នេះ បើគិតពីតម្លៃខ្លួនពេញច្រើនដែរ គឺជិត១ពាន់ដុល្លារឯណោះ តែថ្ងៃនេះ គឺមិនយកលុយទេ ដោយច្រៀង៥បទហ្នឹង សុំថើបម្ចាស់កម្មវិធី (តូតា) តែ១ខ្សឺត គឺរួចគ្នាតែម្ដង…។

នាយចឺម ថែមទាំងនិយាយដៀមដាមឌឺដងឲ្យតូតា ទៀតថា ស្រីស្អាតរូបនេះពីមុន គឺជាសង្សាររបស់គេ តែពេលនេះបានបែកបាក់គ្នាហើយ…។

តារាចម្រៀងសាន់ដេ រូបនេះ និយាយផងសើចផងថា ”តូតា ស្រលាញ់តែប្រុសសង្ហាដូចរូបខ្ញុំទេបាទ…”។   ការនិយាយបែបកំប្លែងលេងផងមែនផង របស់នាយចឺម នោះ ធ្វើឲ្យសង្សារថ្មីម៉ាក សែនសូនីតា លោកប៉ុល វិបូ ហៅនីត ដែលជាថៅកែរផលិតកម្ម Angkor Picture នៅក្បែរនោះ ស្ដាប់ដោយយកចិត្តទុកដាក់បំផុត ព្រោះខ្លាចនាយចឺម និយាយមែន តែក្រោយមកក៏មានតារាសិល្បៈដែលចូលរួមនោះ បានទៅខ្សឹបប្រាប់លោកថៅកែរូបនោះថា សូមលោកកុំគិតច្រើនពេក ព្រោះនាយចឺម គ្រាន់តែនិយាយលេងដើម្បីឲ្យភ្ញៀវបានសប្បាយរីករាយទេ តាមពិត តូតា ស្រលាញ់តែបង (នីត) ទេ ទើបធ្វើឲ្យលោកថៅកែបានស្ងប់ចិត្តវិញ ហើយសប្បាយចិត្តដើរជល់កែវស្វាគមន៍ភ្ញៀវវិញ។

នាយចឺម បានច្រៀង៥បទ សុទ្ធតែជាបទល្បីៗរបស់ខ្លួន ដើម្បីជូបពរអាជីវកម្មថ្មីហាងនោះ មានដូចជាបទ ”ពុកអើយ ម៉ែអើយ នាងការចោលខ្ញុំហើយ”, ”នរក១៨ជាន់”, ”អារហាម”, ”មនុស្សប្រុសមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា”…។

តាមអ្នករៀបចំកម្មវិធីប្រគំតន្ដ្រី បានឲ្យដឹងថា ពេលនេះតម្លៃខ្លួននាយចឺម ឡើងជាង១ពាន់ដុល្លារហើយ ក្នុងការច្រៀង១កម្មវិធី តាំងពីអ្នកកំប្លែងផ្ដាច់ខ្លួនពីអាជីពកំប្លែង មកផ្ដោតតែលើការច្រៀង១មុខនេះ ខណៈដែលពេលនៅច្រៀងផងកំប្លែងផង នាយចឺម ស៊ីថ្លៃច្រៀង១កម្មវិធី តែ៧០០ដុល្លារទេ។ នាយចឺម ដែលឈប់លែងកំប្លែងឲ្យ CTN មកច្រៀងឲ្យផលិតកម្មសាន់ដេ នោះ បានចំណាយលុយជិត៣ម៉ឺនដុល្លារ ជាមួយនាងក្ដី ដែលជាថៅកែផលិតកម្ម BKS បើកហាងផឹកស៊ីមួយកន្លែង នៅផ្សារកុងតឺន័រ ទួលសង្កែ ហើយហាងនោះមានកាក់កបគ្រាន់បើ ព្រោះមានភ្ញៀវខ្លះចង់ទៅជួបនាយចឺម គឺទៅផឹកស៊ីដល់ហាងតែម្ដង ទើបធ្វើឲ្យនាយចឺម កាន់តែមានយីអ៊ុនខ្ពស់ ព្រោះមានលុយកាន់តែច្រើនទៅៗ តាំងពីបានបងធម៌ថៅកែផលិតកម្មនោះមក។

នាយចឺម ដែលផ្ដាច់ខ្លួនពីអាជីពកំប្លែង មកផ្ដោតតែលើអាជីពចម្រៀងនៅសាន់ដេ នៅពេលនេះ ធ្លាប់បានប្រាប់ថា រូបគេគឺអាចជំនួសតំណែងអតីតតារាសាន់ដេ លោកខេមរៈសិរីមន្ដ ដែលចូលទៅហង្សមាស នោះបាន ហើយលោកចឺម និយាយដោយមានជំនឿចិត្តថា យ៉ាងយូរត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ ប្រសិនបើរូបគេនៅតែមានការគាំទ្របែបនេះទៀត គឺនឹងល្បីស្មើខេមរៈ​សិរីមន្ដ ជាមិនខានឡើយ។ ការថ្លែងរបស់លោកចឺម បែបនេះ បានធ្វើឲ្យតារាចម្រៀងប្រុសៗមួយចំនួននៅសាន់ដេ ដូចជា លោកខាន់​ ជេមស៍ , ឆាយ វីរៈយុទ្ធ ជាដើមនោះ មានការជ្រួលច្របល់តិចតួចដែរ ព្រោះថាបើពួកគេមិនប្រយ័ត្នប្រយ៉ែងទេ ច្បាស់ជានាយចឺម វាយទីផ្សារចម្រៀងរបស់ពួកគេឲ្យដេករាបស្មើជាមិនខានឡើយ។ ប៉ុន្ដែអ្នកជំនាញសិល្បៈបានព្រមាននាយចឺម ថា ការដែលនាយចឺម ចោលអាជីពកំប្លែងទៅច្រៀងតែមួយមុខនោះ គឺជាការឆោតល្ងង់មួយ ព្រោះថា នាយចឺម ល្បីដោយសារកំប្លែងទេ ហើយកន្លងមកមានតារាកំប្លែងប៉ុន្មាននាក់ទៅ ដែលឈប់លេងកំប្លែងទៅច្រៀង ហើយល្បីនោះ? គេថា នាយចឺម បើនៅច្រៀងផង លេងកំប្លែងផង ទើបល្អ ព្រោះថា បើសិនជាពេលនេះ នាយពាក់មី ផ្ដាច់ខ្លួនទៅច្រៀងឲ្យថោន តែមួយមុខ ឈប់លេងកំប្លែងនោះ ក៏ដេកដែរ អីចឹងនាយចឺម អាចប្រឈមទីផ្សាររយៈពេល១ឆ្នាំទៀត ក្រោយឈប់លេងកំប្លែងនេះ ប្រសិនបើសាន់ដេ ធ្វើបទចម្រៀងឲ្យនាយចឺម ខុសពីជំនាញគេច្រៀងបែបកំប្លែងនោះ។ តែនាយចឺម បានប្រាប់មុននេះថា រូបគេសុំផ្អាកអាជីពកំប្លែង ព្រោះថាពេលដែលគេឡើងច្រៀងស្លៀកពាក់ស្អាតសង្ហា មានគេសុំថតរូបច្រើន តែពេលទៅលេងកំប្លែង បែរជាត្រូវគូសមុខមាត់អាក្រក់ជាខ្មោចឆៅក៏មាន ហើយមានអារម្មណ៍ថា ខ្មាសខ្លួនឯង ទើបសម្រាកមួយរយៈសិន តែថ្ងៃក្រោយ បើគេចង់ចូលលេងកំប្លែងនៅ CTN នោះ គឺលោកតាវ៉ិចទ័រ ដែលប្រៀបបានជាឪពុកទី២របស់គេ នឹងទទួលយកវិញ ២៤ម៉ោងជាមិនខាន។

នាយចឺម ជាតារាកំប្លែងវ័យក្មេងដែលមានមន្ដស្នេហ៍មិនធម្មតាឡើយ គឺតាំងពីផ្ដាច់ស្នេហ៍អតីត Freshie Girl លេខ១ ស្រីស្អាតថ្ពាល់ខួច ពុធ ស្រីខួច មក លោកចឺម មានស្រីក្មេងតោងសុំស្នេហ៍ច្រើនជាងនាយពាក់មី និងនាយក្រូច ទៅទៀត។ តែតាមព័ត៌មានថា ពេលនេះលោកចឺម ស្មោះស្ម័គ្រស្នេហ៍តែស្រីស្អាតសិចស៊ីគួរឲ្យក្នាញ់ កញ្ញាអៀ ម៉េងលិ ហៅអូនម៉ីម៉ី ទេ ដោយតារាសាន់ដេ រូបនេះ គ្រោងដឹកដៃអូនម៉ី ចូលរោងការនាពេលខាងមុខនេះទៀតផង ក្រោយពេលរូបគេក្លាយទៅជាថៅកែបើកហាងផឹកស៊ីមួយបានសម្រេចមក៕

RELATED ARTICLES