Saturday, April 20, 2024
Homeព័ត៌មានជាតិអូនម៉ាស្សាស្រួល បងអស់១៥០ដុល្លារ

អូនម៉ាស្សាស្រួល បងអស់១៥០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែមិនស្រួលខ្លួនចុករួយសរសៃ ក៏ឆៀងចូលកោសជប់ម៉ាស្សា ដើម្បីសម្រួលទាំងសរសៃតូច សរសៃធំ ដឹងអី កំពុងដេកផ្កាប់មុខលង់អារម្មណ៍ ភ្លេចខ្លួន ក៏ត្រូវក្រុមនារីម៉ាស្សាលូកដៃតាមបង្អួចលួចលុយ ដែលដាក់ក្នុងហោប៉ៅខោ ព្យួរជាប់បង្អួច អស់ចំនួន៤៥០ដុល្លារ លុះពេលរកមើលលុយឃើញ នៅសល់តែលុយសែនខ្មោច ចំនួន២៥០ដុល្លារប៉ុណ្ណោះ ទើបធ្វើឱ្យបុរសរូបនោះកើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍ ទើបភាគីនារីម៉ាស្សាសុំសម្របសម្រួលសងត្រឹម៣០០ដុល្លារវិញ ធ្វើឱ្យបុរសខាងលើលាន់មាត់ថា ឱ្យអូនម៉ាស្សាម្តង បងអស់ដល់ទៅ១៥០ដុល្លារ។

ករណីនារីម៉ាស្សាលួចលុយភ្ញៀវដែលតែងតែកើតមានដដែលជាដដែលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះម៉ាស្សាគ្មានយីហោមួយកន្លែង តាមផ្លូវបេតុង ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវក្រុមនារីម៉ាស្សា ប្រើល្បិចលួចលុយអស់៤៥០ដុល្លារ ពីក្នុងហោប៉ៅខោ មិនហ៊ានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយ ព្រោះតែមានអារម្មណ៍ថាអៀនខ្មាស់ ចំណែកក្រុមនារីម៉ាស្សាដែលទទួលរងការចោទប្រកាន់ថា បានលួចលុយភ្ញៀវក៏ព្យាយាមលាក់អត្តសញ្ញាណដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានកើតមានអាការមិនសូវស្រួលខ្លួន ចង់បន្ធូរអារម្មណ៍តានតឹង ក៏ចូលផ្ទះម៉ាស្សាខាងលើ ដើម្បីសម្រួលសរសៃតូចធំ លុះចូលទៅដល់ ក៏ត្រូវនារីម៉ាស្សាបង្គាប់ឱ្យស្រាតខោ ដាក់ព្យួរនៅក្បែរបង្អួច រួចឡើងដេកផ្កាប់មុខនៅលើគ្រែ និងរវល់តែស្លុងអារម្មណ៍តាមដៃនារីម៉ាស្សាយ៉ាងចំណានក៏ភ្លេចខ្លួន ត្រូវក្រុមនារីម៉ាស្សាមានឱកាស ក៏បន្លំលូកយកលុយពីក្នុងហោបៅខោបុរសរងគ្រោះអស់ចំនួន៤៥០ដុល្លារ និងបានប្តូរដាក់លុយដុល្លារសែនខ្មោចមកវិញ ចំនួន២៥០ ដើម្បីកុំឱ្យម្ចាស់គេសង្ស័យ។

ប្រភពដដែលបន្តថា លុះក្រោយពីម៉ាស្សាចប់ បុរសរងគ្រោះក្រោកទៅស្លៀកពាក់វិញ លូកហោប៉ៅមើល ទើបដឹងថា លុយរបស់ខ្លួនចំនួន៤៥០ដុល្លារ បាត់គ្មានសល់ តែបែរជាឃើញសុទ្ធតែដុល្លារសែនខ្មោចទៅវិញ ទើបឆោឡោហៅនារីម៉ាស្សា និងម្ចាស់ផ្ទះមកសាកសួរ តែត្រូវពួកនាងប្រកែកថា មិនដឹងទាំងអស់គ្នា ជាហេតុធ្វើឱ្យបុរសរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងប៉ូលិសចុះទៅដល់ផ្ទះកើតហេតុ ទើបទាំងម្ចាស់ផ្ទះ ទាំងស្ត្រីជនសង្ស័យសុំសម្របសម្រួល ដោយពុំចាំបាច់ឃាត់ខ្លួនយកទៅប៉ុស្តិ៍ទេ ដោយពួកនាងសុខចិត្តចេញសងទៅបុរសរងគ្រោះចំនួន៣០០ដុល្លារ រីឯជនរងគ្រោះមិនចង់ឱ្យវែងឆ្ងាយយល់ព្រមទទួលយកលុយ៣០០ដុល្លារ បញ្ចប់រឿង ដោយគិតថា មិនគួរលង់ខ្លួនម៉ាស្សាម្តង អស់ដល់ទៅ១៥០ដុល្លារបែបនេះសោះ បើទៅផ្ទះឱ្យប្រពន្ធកោសខ្យល់ឱ្យវិញ បែបមិនអស់លុយទេដល់ម្លឹងទេ ថ្ងៃក្រោយឱ្យរាង៕

RELATED ARTICLES