Thursday, March 28, 2024
Homeតារាខ្មែរតារាជិត៣០០នាក់ ចូលរួមពិធីបើកដំណើរការក្លឹប “2ND” ចំណាយទុន៧០ម៉ឺនដុល្លារ

តារាជិត៣០០នាក់ ចូលរួមពិធីបើកដំណើរការក្លឹប “2ND” ចំណាយទុន៧០ម៉ឺនដុល្លារ

ពិតជាគួរឲ្យភ្ញាក់ផ្អើលនៅក្នុងពិធីបើកដំណើរការក្លឹប “2ND” ដ៏ទំនើបមួយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដែលមានទីតាំងនៅផ្លូវប៉ាស្ទ័រ ខាងក្រោយសាលាគរុកោសល្យ​ ជិតវិមានឯករាជ្យ ដែលត្រូវបានគេដឹងថា បានបោះទុនខ្ទង់៧០ម៉ឺនដុល្លារនោះ មានតារាសិល្បៈជិត៣០០នាក់ ចូលរួមកក្រើកតែម្ដង។

លោកចេង វណ្ណា ម្ចាស់ក្លឹប “2ND” បានថ្លែងឲ្យដឹងថា “នេះជាអាជីវកម្មទី៣ របស់លោក បន្ទាប់ពីជោគជ័យលើកការផលិតភាពយន្ត ជាមួយផលិតកម្មឥន្ទ្រានិមិ្មត ដូចជារឿង “កំណត់ហេតុនាងនាថ”, “សរសកន្លោង” និងភោជនីយដ្ឋានវីហ្វ្រេន ដែលមានជាច្រើនសាខានៅរាជធានីភ្នំពេញ ជាដើម។ លោកថា លោកមានក្ដីស្រមៃចង់បើកក្លឹបជាយូរមកហើយ ប៉ុន្តែទើបតែមានដៃគូភាគហ៊ុននៅពេលនេះ ខណៈដែលក្លឹប “2ND” បានបោះទុនខ្ទង់៧០ម៉ឺនដុល្លារ។

លោកអះអាងថា “2ND” ពុំបានយកលំនាំតាមក្លឹបណាមួយទេ គឺច្នៃពីអឺរ៉ុបបន្តិច អាស៊ីបន្តិច រួមបញ្ចូលគ្នា ខណៈដែលមានឧបករណ៍តុបតែងទំនើបៗ ទាន់សម័យ ទាំងសំឡេង ភ្លេង ភ្លើងពណ៌ ជាពិសេស មានសេវាកម្មល្អដែលមិនធ្វើឲ្យភ្ញៀវកិត្តិយសខកបំណងឡើយ។

លោកវណ្ណា បានឲ្យដឹងដែរថា “នេះគ្រាន់តែជាពិធីបើកបង្ហាញដំណើរការសាកល្បងតែប៉ុណ្ណោះ ដើម្បីឲ្យភ្ញៀវកិត្តិយស ក៏ដូចជាតារាសិល្បៈជួយឲ្យយោបល់ ខណៈដែលពិធីនេះលោកបានអញ្ជើញតារាសិល្បៈចូលរួមជិត៣០០នាក់ ហើយសម្រាប់ពិធីបើកសម្ពោធធំ នឹងធ្វើនៅអំឡុងដើមឆ្នាំ២០១៨ ខាងមុខនេះ។

លោកវណ្ណា បានបង្ហាញក្ដីរំពឹងថា ក្លឹប “2ND” នឹងទទួលបានការគាំទ្រពីបងប្អូនដែលចូលចិត្តកម្សាន្តសប្បាយ រួមទាំងអតិថិជនរបស់វីហ្វ្រេន នឹងតារាសិល្បៈផងដែរ ខណៈដែលក្លឹបដ៏ទំនើបនេះ ទាំងសំឡេង ភ្លើង ភ្លេង និងសេវាកម្ម គឺល្អ ពោលគឺលោកមានជំនឿចិត្តថា ក្លឹបនេះនឹងអាចយកចិត្តភ្ញៀវ ធ្វើឲ្យភ្ញៀវជក់ចិត្តនឹងអាចមករាំលេងកម្សាន្តគ្រប់ពេលត្រូវការបាន ដោយមិនឲ្យភ្ញៀវកិត្តិយសខកចិត្តឡើយ៕

RELATED ARTICLES