ក្មេងទំនើងប្រដាប់ដោយខ្សែក្រវ៉ាត់ និងដុំឥដ្ឋ ដេញវាយគ្នា សមត្ថកិច្ចចាប់វាយខ្នោះ៣នាក់

ភ្នំពេញ ៖ ក្មេង​ទំនើងចំនួនបីនាក់​ ត្រូវបានសមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទំនប់​ទឹក​ ឃាត់​ខ្លួន​យកទៅ​សាក​សួរ​ បន្ទាប់ពី​ក្រុម​ក្មេង​ទាំង​នោះ​បាន​ជិះ​ម៉ូតូ​ប្រដាប់ដោយ​ដុំឥដ្ឋ​ និងខ្សែ​ក្រវ៉ាត​ ដេញ​វាយ​គ្នា​ពាស​ពេញ​ផ្លូវ​ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅវេលាម៉ោង​១និង​៤០នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ទុលមុខផ្លូវច្រកចូល​ផ្សារ​ទំនើប​សុវណ្ណា​ ផ្លូវ​២៧១​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​  ។

ក្រុមក្មេង​ទំនើង​ទាំងនោះ ​ទី១.មានឈ្មោះ​ កុល​ សល់​ ហៅ​អាយ៉ា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ​ មុខ​របរលក់​សណ្តែកដី​ ស្នាក់នៅ​សង្កាត់​ច្បារ​អំពៅ២​, ទី​២.មានឈ្មោះ​ តាំង​ ឆៃ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ស្នាក់នៅ​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារអំពៅ​២​ ខណ្ឌ​ច្បារអំពៅ​, និងទី៣.មានឈ្មោះ​ គន់​ ប្រាថ្នា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរមិន​ពិតប្រាកដ​ ​ ដកហូតបាន​ម៉ូ​តូ​ម៉ាកស៊ុយសុគីឡែត​ ពណ៌ខ្មៅ​លាយ​ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 1CP-2912 មួយគ្រឿង​ ខ្សែ​ក្រវ៉ាត់​មួយ​ និងដុំឥដ្ឋ​ចំនួន​៣ដុំ​។

បើតាមសម្តី​សមត្ថកិច្ច​ប៉ុស្តិ៍នគបាល​ទំនប់​ បា​ន​ឲ្យ​ដឹង​ថា​ មុនឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​បី​នាក់​នេះបាន​ គឺ​កម្លាំង​សមត្ថកិច្ច​​បានធ្វើ​ការ​ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ ខណៈមកដល់​ចំណុច​ផ្លូវ​២៧១​ មុខ​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ​-សូវៀត​ ស្រាប់​តែប្រទះឃើញ​ក្រុម​ក្មេង​ទំនើង​ជិត​១០នាក់​ ជិះ​ម៉ូតូ​៤ទៅ៥គ្រឿង​ ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​ប្រសេចប្រសាច​ពាស​ពេញពេញ​ផ្លូវ​ ​​ហើយម្នាក់​ៗប្រដាប់​ដោយដុំថ្ម​និង​ខ្សែក្រវ៉ាត់​។ ​ឃើញ​ស្ថាន​ភាព​បែបនេះ​ កម្លាំង​សមត្ថកិច្ច​របស់​ពួកគាត់​ បានធ្វើ​ការ​ដេញ​ឃាត់​ក្មេង​ក្មេង​ទំនើង​បានចំនួន​បីនាក់​ នៅមុខ​ផ្សារ​ទំនើប​សុវណ្ណា​  ព្រមទាំង​ដកហូត​ វត្ថុតាងមានដូចជាដុំឥដ្ឋ​ និង​ខ្សែ​ក្រវ៉ាត់ ​យកទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិ៍នគបាល​ទំនប់ទឹក​។

​​នៅចំពោះ​មុខ​សមត្ថកិច្ច​ ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​បាន​សារភាពថា​ ពួក​គេ​​​ជាជ​នរងគ្រោះ​ទេ​ ហើយ​ពួក​គេទើប​​ចេញ​ពី​ក្លឹប ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះវិញ​ លុះ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​ ក៍ស្រាប់តែមាន​បក្ខពួក​មួយ​ក្រុម​ទៀត​ មកដេញវាយ​ពួកគេ​ ​​ពេលនោះដែរ​ពួក​គេបាន​ដកខ្សែក្រវ៉ាត់ដើម្បី​ទុកការ​ពារ​ខ្លួន​ និង​ដេញ​វាយគេ​វិញ ក៍ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែម្តង​។

ក្រោយ​ពេលកើតហេតុ​ បន្ទាប់ពី​សាកសួ​រ​ហើយ ឃើញ​ហេតុការណ៍នេះ​មិនកើត​ហេតុ​ក្នុងទឹកដីប៉ុស្តិ៍​ទំនប់​ទឹក​ ខណ្ឌចំការមន​ នោះទេ​ គឺ​កើត​ហេតុ​នៅ​ក្នុងទឹក​ដី​សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ ទើប ប្រគល់​ក្មេង​ទំនើង​ទាំង៣នាក់នេះ​ឲ្យ​ទៅ​ខាងប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​២​ ដើម្បី​ចាត់ការបន្ត​  ៕