Saturday, April 20, 2024
Homeព័ត៌មានជាតិឪពុកបង្កើតឆីកូនស្រី រួចគំរាមសម្លាប់ បើសិនហ៊ាន... ចុងក្រោយជាប់ខ្នោះ

ឪពុកបង្កើតឆីកូនស្រី រួចគំរាមសម្លាប់ បើសិនហ៊ាន… ចុងក្រោយជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ បុរសល្មោភកាមម្នាក់ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនរហូតដល់បានសម្រេច លុះ២ថ្ងៃក្រោយមក​ ក្មេងស្រីរងគ្រោះទម្លាយរឿងប្រាប់ម្តាយឱ្យដឹងថា នាងត្រូវឪពុកទុរយសចាប់រំលោភ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ លុះមកដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ទើបក្មេងស្រីរងគ្រោះដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យម្តាយបានដឹង រួចក៏នាំគ្នាដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល និងឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសូម្បីតែកូនស្រីបង្កើតខ្លួនឯង មានឈ្មោះសួន ធា អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ស.ន អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលម្តាយនាងមិននៅផ្ទះ ហើយនាងកំពុងនៅដេកក្នុងបន្ទប់តែម្នាក់ឯង ក៏ស្រាប់តែឪពុកបង្កើតរបស់នាង (ជនសង្ស័យ) បានដើរចូលមករកនាង រួចក៏ធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោល រហូតដល់បានសម្រេច។ បន្ទាប់មក ឪពុកបានគំរាមមិនឱ្យនាងប្រាប់រឿងនេះឱ្យម្តាយបានដឹងនោះឡើយ ពុំនោះទេ គាត់នឹងសម្លាប់នាងចោលមិនខាន។

ក្មេងស្រីរងគ្រោះ បន្តថា ដោយសារតែទ្រាំនឹងទង្វើដ៏អាក្រក់របស់ឪពុកមិនបាន ទើបនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នាងក៏ដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យម្តាយបានដឹង លុះម្តាយស្តាប់ចប់ ខឹងច្រឡោតយ៉ាងខ្លាំង រួចក៏នាំនាងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រហូត ឈានដល់ការចាប់ខ្លួនឪពុកបង្កើតយកមកចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាឪពុកបង្កើតរបស់នារីរងគ្រោះយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសួន ធា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES