ហៅប្តីមកទទួលទៅធ្វើការ ប្តីមកដល់ កើតជម្លោះ ប្រពន្ធទាញប៉័ងតោដេញកាប់ប្តី ខាំដៃបងថ្លៃចេញឈាម

ភ្នំពេញ ៖ ស្ត្រីម្នាក់បានទូរស័ព្ទហៅប្តីឱ្យមកទទួលចេញទៅធ្វើការ លុះប្តីមកដល់ ស្រាប់តែស្ត្រីជាប្រពន្ធមិនដឹងជាខឹងមួម៉ៅរឿងអ្វី បែរជាហូតកាំបិតប៉័ងតោចេញពីក្នុងកាបូប រួចដេញកាប់ប្តីរត់ពេញផ្លូវ ស្រាប់តែប្តីក្រោយមក ស្ត្រី២នាក់ត្រូវជាសាច់ញាតិខាងប្តី បានជិះម៉ូតូមកដល់ ក៏កើតជាជម្លោះតឹងសសៃកដាក់គ្នា រហូតឈានដល់ហិង្សា និងត្រូវស្ត្រីជាប្រពន្ធ ខាំដៃស្ត្រីជាបងថ្លៃដាច់ចេញឈាមហូរពេញផ្លូវ។

ករណីប្រពន្ធដេញកាប់ប្តីអស់ចិត្ត រួចខាំដៃបងថ្លៃស្រី រហូតដល់ចេញឈាមរងរបួសទៀតនោះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ភាគីជម្លោះទាំង២នាក់ប្តីប្រពន្ធខាងលើ រួមនឹងស្ត្រីជាបងថ្លៃផង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ និងធ្វើឱ្យមនុស្សម្នាចោមរោមមើលទាំងព្រឹកនេះ សុទ្ធតែមិនព្រមបង្ហាញពីអត្តសញ្ញាណរបស់ខ្លួននោះទេ។

តាមសម្តីភាគីបុរសជាប្តី បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ប្រពន្ធបានទូរស័ព្ទហៅគាត់ឱ្យទៅទទួលយកនាងទៅធ្វើការ ទើបគាត់បានបើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២ឌៅ-០៨៥៩ ទៅទទួលប្រពន្ធនៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ទីតាំងកើតហេតុខាងលើ។ លុះពេលទៅដល់ មិនដឹងជាប្រពន្ធខឹងគាត់រឿងអ្វី ក៏ស្រាប់តែទាញយកកាំបិតប៉័ងតោមួយចេញពីក្នុងកាបូប មកដេញកាប់គាត់ ធ្វើឱ្យគាត់ភ័យស្លន់ស្លោ រត់គេចវក់វីពេញផ្លូវ និងបង្កឱ្យមានការផ្អើលឆោឡោដល់អ្នកដំណើរចោមរោមមើលគ្រប់គ្នាតែម្តង។ ក្រោយមកបងស្រីរបស់គាត់២នាក់ បានមកដល់ ក៏ស្រាប់តែកើតមានជម្លោះជាមួយនឹងប្រពន្ធគាត់ទៀត ដោយមានការប្រតាយប្រតប់គ្នាទៅវិញទៅមក ទោះជាគាត់ខំប្រឹងរារាំងយ៉ាងណា ក៏មិនព្រមស្តាប់ ទីបំផុត បងស្រីរបស់គាត់ក៏ត្រូវប្រពន្ធគាត់ខាំដាច់ដៃចេញឈាមតែម្តង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីជាប្រពន្ធនោះមិនដឹងជាខឹងច្រឡោតរឿងអ្វី ក៏ទាញកាំបិតដេញកាប់ប្តី ធ្វើឱ្យបុរសជាប្តីរត់គេចទាំងព្រលឹងចុងសក់ ភ្នែកនៅកញ្ចឹងក លុះក្រោយមក ស្ត្រីជាប្រពន្ធបានចូលទៅអង្គុយនៅក្នុងរថយន្តដែលប្តីចតនៅកណ្តាលផ្លូវព្រះមុនីវង្ស។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានស្ត្រី២នាក់ ត្រូវជាបងស្រីរបស់បុរសជាប្តី បានជិះម៉ូតូ១គ្រឿង ម៉ាកស្តុបពី មកដល់កន្លែងកើតហេតុដែរ រួចក៏កើតមានឈ្លោះប្រកែក និងវាយតប់ទៅវិញទៅមក ដោយភាគីប្រពន្ធបានខាំដៃបងថ្លៃស្រី បណ្តាលឱ្យដាច់ដៃហូរឈាម ចំណែកខាងប្អូនថ្លៃរបួសដៃមុតនឹងក្រចក ក្រោយមកក៏ត្រូវសមត្ថកិច្ចអន្តរាគមន៍ចាប់បំបែកចេញពីគ្នាវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំភាគីទាំងអស់ដែលបានវាយតប់គ្នានៅលើដងផ្លូវសាធារណៈ ទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕