មាស សុខសោភា ៖ មានប្តី មានអីធ្លាក់កូដ!

មាស សុខសោភា ដែលធ្លាប់តែបណ្តើរប្តីដោយឆក់កណ្តៀតភ្នែកនៅកញ្ចឹងកនោះ ស្រាប់តែពេលនេះ បានប្តូរទម្លាប់ទៅជាក្លាហាន ហ៊ានបណ្តើរគូស្នេហ៍ដោយបើកចំហ នៅចុងឆ្នាំ២០១៧ នេះ ដែលការប្រែប្រួលរបស់អ្នកចម្រៀងល្បីឈ្មោះរូបនេះ កើតមានក្រោយពេលដែលសុគន្ធ និសា ហ៊ានចូលរោងការដោយគ្មានខ្វល់រឿងខ្លាចបាត់ទីផ្សារឡើយ។

មាស សុខសោភា បានបញ្ជាក់ថា នាងមិនខ្លាចរឿងធ្លាក់កូដ ដោយសាររឿងមានប្តីឡើយ ព្រោះពេលនេះ អ្នកណាក៏ដឹងថា នាងកំពុងមានគូដែរ…។

ការចូលរោងការរបស់តារាចម្រៀងផលិតកម្មរស្មីហង្សមាស សុគន្ធ និសា កាលពីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017 នោះ បានធ្វើឱ្យអ្នកចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន មាស សុខសោភា បានប្តូរទម្លាប់ទាំងស្រុងពីការខ្លាចញញើតក្នុងការបណ្តើរប្តីនៅចំពោះមុខអ្នកកាសែត បែរជាដឹកដៃប្តីមកឈរកៀកកើយឱ្យអ្នកសារព័ត៌មានថតរូបនាង និងប្តីដោយចំហទៅវិញ។ ការ ប្រែប្រួល180ដឺក្រេ របស់មាស សុខសោភា នៅពេលនេះ គឺបន្ទាប់ពីសុគន្ធ និសា ជាអ្នកចម្រៀងល្បីឈ្មោះម្នាក់ដែរ ហ៊ានប្រថុយដឹកដៃប្តី លោកចៅ សម្បត្តិ ហៅសាំបា រៀបការមុនសុខសោភា ទៅហើយ ហេតុនេះហើយបើសោភា នៅតែបន្តសាងស្នេហ៍ដោយលាក់លៀមបែបនេះទៀតនោះ ច្បាស់ជានឹងរងការរិះគន់ពីមហាជនកាន់តែច្រើនថែមទៀតជាមិនខាន។ អ្នកសិល្បៈជាច្រើនបាននិយាយថា នេះជាសញ្ញាល្អមួយសម្រាប់តារាចម្រៀងល្បីឈ្មោះមាស សុខសោភា ព្រោះថា ការបណ្តើរស្វាមីដោយបើកចំហនេះ គឺបញ្ជាក់ថា នាងនឹងជិតចូលរោងការក្នុងពេលឆាប់ៗនេះជាមិនខានឡើយ។

ក្នុងជំនួបផ្ទាល់ជាមួយមាស សុខសោភា តារាចម្រៀងឈានមុខគេរបស់ផលិតកម្មថោន រូបនេះ នៅតែអះអាងដោយមិនសូវច្បាស់លាស់ពីពេលវេលាជាក់លាក់រឿងក្រាបផ្ទឹមដដែល តែនាងថា មនុស្សម្នាក់ៗមានការចូលចិត្ត និងការរៀបចំមង្គលការខុសៗគ្នាដោយចៀសមិនផុតឡើយ។

សុខសោភា ថ្លែងថា “ខ្ញុំគិតថា គ្រប់គ្នាមានការចូលចិត្ត និងការរៀបចំមង្គលការរបស់គេខុសៗគ្នា មិនដូចគ្នាទេ។ ចំពោះខ្ញុំវិញ ដំណឹងល្អ (រៀបការ) មិនទាន់កំណត់ឱ្យបានច្បាស់ទេ ចាំមើលសិន”។

ការថ្លែងរបស់មាស សុខសោភា នេះ ទោះជានាងមិនបានសារភាពចំៗមែន តែអ្នកចម្រៀងល្បីឈ្មោះរូបនេះ ហាក់ចង់ផ្តោតទៅលើការរៀបការម្តងទៅហើយ រវាងនាងនិងគូស្នេហ៍ ដែលធ្វើតាមបែបសាសនាគ្រិស្ត ដោយនាងនាំប្តីចូលព្រះវិហារមួយនៅកាណាដា ដោយគ្រាន់តែបំពាក់ចិញ្ចៀនគ្នាទៅវិញទៅមក កាលពីឆ្នាំ2008 នោះ ទើបបានជាពេលនេះ សោភា ហាក់ព្រងើយកន្តើយក្នុងការរៀបការតាមប្រពៃណីខ្មែរនោះ។

អ្នកសិល្បៈដែលស្និទ្ធនឹងមាស សុខសោភា បានឱ្យដឹងថា បើសិនជាមាស សុខសោភា ព្រមបណ្តើរប្តីជាចំហហើយ តែនាងនៅតែមិនព្រមចូលរោងការតាមប្រពៃណីខ្មែរទៀតនោះ គឺច្បាស់ណាស់ថាអ្នកចម្រៀងល្បីឈ្មោះ រូបនេះប្រាកដជាភ័យខ្លាចរឿងរៀបការទៅ ធ្លាក់កូដនោះជាមិនខាន។

មាស សុខសោភា និយាយច្បាស់ៗថា “អត់ទេ! ខ្ញុំមិនគិតថា មានប្តី រៀបការទៅធ្លាក់កូដអីទេ! ព្រោះអីរាល់ថ្ងៃ បងប្អូនគាត់ក៏ដឹងថា ខ្ញុំនៅជាមួយពីណាដែរ អីចឹងរៀបការទៅក៏មិនមែនគេលែងគាំទ្រដែរ តែខ្ញុំមិនទាន់គិតលើពេលវេលាឱ្យបានច្បាស់លាស់ទេ”។

សោភា បានពិសោធស្នេហ៍ជាមួយអាណិកជនខ្មែរ លោកអ៊ឹត រ៉ាដា ដែលជាគ្រូពេទ្យ (Doctor) ម្នាក់នោះ ជាង 10ឆ្នាំហើយ បន្ទាប់ពីនាងបានបែកធ្លាយរូបថតស្រើបស្រាលជាមួយគូស្នេហ៍កាលពីឆ្នាំ2008 ហើយសន្យាថា នឹងចូលរោងការនៅឆ្នាំ2009 នោះ តែ8ឆ្នាំកន្លងមកនេះ សោភា នៅតែមិនហ៊ានប្រថុយគ្រងឈុតកូនក្រមុំដដែល។

អ្នកសិល្បៈមួយចំនួនបានលើកឡើងថា ការចូលរោងការរបស់សុគន្ធ និសា នៅចុងឆ្នាំ2017 នឹងការប្រកាសចូលរោងការរបស់ឱក សុគន្ធកញ្ញា នៅឆ្នាំ2018 គ្រប់គ្រាន់សម្រាប់ឱ្យមាស សុខសោភា ដែលរួមរស់ជាមួយ គូស្នេហ៍ជាង1ទសវត្សនោះ លែងខ្លាចរោងការ ព្រោះថា ពេលនេះសោភា មានអ្វីៗគ្រប់យ៉ាងទៅហើយ ដូចជាវីឡា រថយន្តទំនើប និងដីធ្លីមួយចំនួនទៀត ហេតុនេះហើយសោភា គឺនៅតែការនាំគូស្នេហ៍ក្រាបផ្ទឹម ដូចសុគន្ធ និសា ដែរ ទើបធ្វើឱ្យពាក្យចចាមអារ៉ាមទាំងឡាយ ដែលបោកបក់លើរូបនាងនោះ ត្រូវរសាត់បាត់អស់ជាមិនខាន ហើយគេជឿថា អ្នកចម្រៀងដែលមានសមត្ថភាពខ្លាំង ដូចសោភា នោះ គឺមហាជននឹងនៅតែគាំទ្រ​លើរូបនាងដូចមុនតទៅទៀត ជាមិនខានឡើយ។

មាស សុខសោភា ច្រៀងនៅផលិតកម្ម2 គឺផលិតកម្ម Camtrax របស់នាងផ្ទាល់ និងផលិតកម្មថោន ដែលធ្វើឱ្យទីផ្សារចម្រៀងនាងមានប្រៀបជាងតារាចម្រៀងដទៃទៀត។ ប៉ុន្តែ រយៈពេល7ឆ្នាំ ចុងក្រោយនេះ សុខសោភា ហាក់ដូចជាខកចិត្តខ្លាំង ព្រោះថា ឱក សុគន្ធកញ្ញា នៅតែមានប្រៀបជាងដដែល បើទោះជាសោភា បានអភិវឌ្ឍខ្លួនពីអ្នកមិនចេះរាំ មករាំយ៉ាងកក្រើកឆាកតន្ត្រី ដើម្បីឱ្យបានលេខ1ក្តី តែតារាដែលគេចចេញមិនព្រមចូល ហង្សមាស រូបនេះ មិនទាន់ផ្ទុះខ្លាំងដូចកាលឆ្នាំ 2008 ដែលនាងជ្រកនៅផលិតកម្ម M នោះឡើយ។

ប្រភពបានឱ្យដឹងថា មាស សុខសោភា ត្រូវថៅកែផលិតកម្មថោន ពេញចិត្តខ្លាំង ថែមទាំងផ្តល់សិទ្ធិឱ្យនាងច្រៀងទាំង2ផលិតកម្ម ដោយសេរី ដើម្បីកុំឱ្យតារារូបនេះចេញពីថោន ចូលទៅហង្សមាស ដូច សុគន្ធ និសា៕