លោកសង្ឃចាក់សាក់ស្រី មន្ត្រីសង្ឃបណ្តេញចេញពីវត្ត

ខេត្តសៀមរាប ៖ បន្ទាប់ពីធ្លាយរូបភាពលោកសង្ឃ ចាក់សាក់លើរាងកាយស្ត្រីបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនោះមក លោកសង្ឃអង្គនោះ ត្រូវបានមន្ត្រីសង្ឃបណ្តេញចេញពីវត្តហើយនៅពេលនេះ។

រូបភាពមនុស្សស្រីដោះអាវចំហផ្នែកខាងខ្នង អង្គុយចាក់សាក់ ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុកឈ្មោះ “អង្គគ្រូខ្មែរ សាក់រូប” របស់ព្រះសង្ឃព្រះនាម ហ៊ុន សារ៉ាត់ គង់នៅវត្តពោធិញ្ញាណអារញ្ញ សោមនស្ស ហៅវត្តចក ស្ថិតក្នុងភូមិវត្តចក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានធ្វើឱ្យផ្ទុះប្រតិកម្មពីពុទ្ធសាសនិកជន រហូតមេគណក្រុងសៀមរាប សម្រេចបណ្តេញព្រះសង្ឃអង្គនោះចេញពីវត្ត។

ទោះបីយ៉ាងណា ព្រះតេជគុណ ហ៊ុន សារ៉ាត់ បានមានថេរដីកាថា ថ្វីត្បិតរូបនោះបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គមែន តែព្រះអង្គមិនបានចាក់រូបនោះដោយផ្ទាល់ដៃទេ គឺកូនសិស្សរបស់ព្រះអង្គជាអ្នកចាក់ ហើយព្រះអង្គក៏មិនបានប្រព្រឹត្តខុសវិន័យដែរ តែព្រះសង្ឃនៅក្នុងវត្តច្រណែននឹងព្រះអង្គ ធ្វើឱ្យព្រះអង្គមិនអាចគង់នៅវត្តបាន ត្រូវសម្រេចលាចាកសិក្ខាបទនៅក្នុងខែធ្នូ នេះ ទាំងនៅនឹកស្តាយភេទជាបព្វជិត តែព្រះអង្គគិតថា ថ្ងៃណាមួយនឹងបួសឡើងវិញ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ”  ជាមួយព្រះតេជគុណហ៊ុន សារ៉ាត់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ៖

នគរធំ ៖ សូមក្រាបថ្វាយបង្គំព្រះតេជគុណ! មានព័ត៌មានថា ព្រះអង្គត្រូវបានបណ្តេញចេញពីវត្ត ក្រោយធ្លាយរូបភាពស្ត្រីចាក់សាក់នៅលើហ្វេសប៊ុករបស់ព្រះអង្គ តើជាការពិតទេ?

ព្រះតេជគុណហ៊ុន សារ៉ាត់ ៖ ទាក់ទងនឹងបញ្ហានេះ អាត្មាសូមបកស្រាយអ៊ីចេះ ហើយគិតថា វាជារឿងបញ្ហាមួយនៅក្នុងប្រទេសកម្ពុជា នេះជាការកើតឡើងដោយច្រណែនប្រចណ្ឌគ្នា។ តាមពិតទៅ រូបហ្នឹងមិនមែនអាត្មាជាអ្នកផុសទេ ប៉ុន្តែជាកូនសិស្សអាត្មាដែលនៅជាមួយអាត្មា ហើយអាត្មាឱ្យផុស ទើបផុស ហើយសារព័ត៌មានមិនដឹងបានមកពីខាងណាទេ ចុះបំផ្លើសថា អាត្មាសាក់រូបឱ្យស្ត្រី។ តាមពិតទៅ អាត្មាអត់បានសាក់ទេ តែហ្វេសប៊ុកហ្នឹងជារបស់អាត្មា ។

នគរធំ ៖ អ៊ីចឹងកន្លងមកព្រះអង្គចេះវិជ្ជាអ្វីខ្លះ?

ព្រះតេជគុណហ៊ុន សារ៉ាត់ ៖ ទាក់ទងនឹងចំណេះវិជ្ជាហ្នឹង គឺអាត្មាចេះរំដោះគ្រោះ ស្រោចទឹក មើលជំងឺ ហើយនិងសាក់យ័ន្តបែបបុរាណខ្មែរ បែបប្រពៃណីខ្មែរតែប៉ុណ្ណឹង ប៉ុន្តែចាក់សាក់ អាត្មាមិនហ៊ានសាក់ឱ្យគេ ព្រោះបើកាលណាយើងសាក់ វាប៉ះអាបត្តិ ដូចជាវិបត្តិទុក្កដ វិបត្តិបាចិត្តិយៈ ប៉ុន្តែអាបត្តិទាំងអស់នេះ យើងអាចសម្តែងដាច់ ជួនកាលកន្លែងសាក់យ័ន្ត ឬសាក់ណាដែលយ៉ាប់ អាត្មាតែងតែបង្រៀនសិស្ស ព្រោះអាត្មាសាក់ឱ្យសិស្សមើលមុន ទើបឱ្យសិស្សហ្នឹងយល់ក្រោយ ប៉ុន្តែអាត្មាមិនបានប៉ះពាល់សាច់ហ្នឹងទេ អាត្មាតែងតែមានក្រដាសមួយទ្រាប់ កុំឱ្យប៉ះសាច់គេហ្នឹង តែការសាក់នេះទៀតសោត មនុស្សម្នា ឬក៏ញោមញាតិ ជាពុទ្ធបរិស័ទចោទប្រកាន់អាត្មាថា ជាព្រះសង្ឃចាក់អ៊ីចឹង វាខុសធម៌វិន័យរបស់ព្រះ ដែលបានអាបត្តិទុក្កដ និងអាបត្តិបាចិត្តិយៈ។

នគរធំ ៖ បានន័យថា មុននឹងបង្ហោះព្រះអង្គបានឃើញរូបសាក់នោះរួចហើយ?

ព្រះតេជគុណហ៊ុន សារ៉ាត់ ៖ រូបហ្នឹងជារូបដែលកូនសិស្សអាត្មាផុស កាលពី៧ទៅ៨ខែមុន គឺយូរហើយទេ ប៉ុន្តែការផុសនោះ អាត្មាដឹងថា បុគ្គលណាជាអ្នកផុសហើយ អាត្មាមិននិយាយទេ អាត្មាសុំលាក់ទុក គ្រាន់បង្ហើបថា ជាប៉ូលិសមន្ត្រីស័ក្តិ៤។

នគរធំ ៖ តើឥឡូវនេះ ព្រះអង្គនៅទីអារាមចាស់ ឬទីអារាមថ្មីណាមួយ?

ព្រះតេជគុនហ៊ុនសារ៉ាត់ ៖ អាត្មាបានចេញពីវត្តហ្នឹង ហើយអាត្មាបម្រុងនឹងលាចាកសិក្ខាបទដែរ ដោយសារតែទី១ ដល់ពេលប្រជុំគណៈសង្ឃទៅ រឿងហ្នឹងវាមិនបញ្ហាធំដុំទេ ដំណោះស្រាយដែលល្អ គឺឱ្យព្រះអង្គកែប្រែ ឬសុំឱ្យយើងឈប់ចាក់ទៅ ប៉ុន្តែគណៈព្រះចៅអធិការអត់បានយល់នូវចំណេះវិជ្ជា វិន័យអត់ចេះ មិនយល់ថា វិន័យយ៉ាងម៉េច? តើព្រះសង្ឃសាក់ហ្នឹង ត្រូវអាបត្តិអ្វី? ហើយព្រះសង្ឃនិមន្តរំដោះគ្រោះនោះ ត្រូវអាបត្តិអ្វីនោះទេ ដល់ពេលអ៊ីចឹងទៅ មានរឿងបញ្ហារកាំរកូស គឺពេលអាត្មារំដោះគ្រោះទៅ មានលោកចំនួន២អង្គ មករករឿងអាត្មា ហើយអាត្មាគិតថា ការរករឿងនេះអាត្មាមិនបានបង្កជម្លោះជាមួយព្រះសង្ឃណាទេ ព្រោះអាត្មាបួសនៅវត្តនេះដែរ ហើយអាត្មាក៏ត្រូវជាក្មួយព្រះចៅអធិការដែរ។ ចេះតែដៀមដាមអាត្មាថា បើកអាជីវកម្ម ប៉ុន្តែព្រះសង្ឃដែលរករឿងអាត្មាហ្នឹង ជាអ្នកញៀនថ្នាំ ជាអ្នកមិនគ្រប់គ្រងស្មារតី ជាអ្នកញៀននូវគ្រឿងញៀន ហើយអាត្មាក៏លាក់ឈ្មោះដែរ អាត្មាខ្លាចមានបញ្ហាដល់វត្តគេ ប៉ុន្តែគ្រាន់តែថា អាត្មាសុំចេញពីវត្តហ្នឹង ប៉ុន្តែដល់ពេលប្រជុំគណៈសង្ឃទៅ ព្រះអង្គក៏ឱ្យអាត្មាចេញ អាត្មាក៏ថា កំហុសប៉ុណ្ណឹង មិនអាចបណ្តេញចេញពីវត្តបានទេ ដោយសារកំហុសព្រះសង្ឃ មានកំហុសទី១ កំហុសទី២ និងកំហុសទី៣។ បើកំហុសទី១ ប្រាប់ថា ព្រះគុណម្ចាស់កុំធ្វើដូច្នេះ វាអត់ល្អទេ យើងប្រាប់តែប៉ុណ្ណឹងទៅ អាត្មានឹងឈប់ឱ្យកូនសិស្សអាត្មាចាក់សាក់ហ្នឹង ហើយប្រាក់ដែលបានពីសាក់ហ្នឹង អាត្មាបានយកទៅកសាងវត្តអារាមហ្នឹង អាត្មាមិនយកចូលខ្លួនទេ។ ព្រះសង្ឃដឹងស្រាប់ហើយ មិនមានលោភៈ ទោសៈ មោហៈហ្នឹងទេ មិនមានពាក្យខឹងខូចទេ គឺមានពាក្យខន្តី អាត្មាគិតថា ខន្តី អាចជួយអាត្មាបាន អាត្មាមិនរករឿងទេ។ ដល់ពេលបញ្ហាហ្នឹង លោករករឿងអាត្មា រយៈ៤ថ្ងៃ ទៅ៥ថ្ងៃ អ៊ីចឹងទៅ អាត្មាភ័យថា ថ្ងៃណាមួយវាអាចនឹងកើតឡើងលើអាត្មា អ៊ីចឹងអាត្មាមានចិត្តមួយ ដើម្បីសុំព្រះចៅអធិការអនុញ្ញាតដើម្បីបានឃើញ សូមឱ្យព្រះអង្គចុះហត្ថលេខា ដើម្បីឱ្យអាត្មាបានឃុំខ្លួន កុំឱ្យគេមករករឿងអាត្មា ព្រោះអីលោកបានដឹងឮ ប៉ុន្តែដល់ពេលអាត្មាស្នើសុំទៅ លោកថា មិនបាច់ស៊ីញ៉េបោះត្រាទេ។ អ៊ីចឹងអាត្មាក៏ថា បើព្រះអង្គមិនជួយដោះស្រាយអាត្មាទេ ចាំអាត្មាដោះស្រាយខ្លួនឯងក៏បានដែរ គ្រាន់តែអាត្មាមិនយកទៅណាទេឯកសារនេះ អាត្មាទុកនៅក្នុងខ្លួន ប៉ុន្តែមានព្រះសង្ឃដែលរករឿងអាត្មាហ្នឹងមកឆក់យកឯកសារពីអាត្មានៅចំពោះមុខព្រះចៅអធិការហ្នឹង។ យកឯកសារហ្នឹង យកទៅបំផុសបំផុលថា អាត្មាហ្នឹងជាព្រះសង្ឃមិនល្អ ប៉ុន្តែព្រះសង្ឃដែលរករឿងអាត្មាហ្នឹង ជាព្រះសង្ឃមិនល្អទៅវិញទេ។ អាត្មាមិនរិះគន់ខាងណាទេ ព្រោះអាត្មាបួស គឺមិនចង់បានបាបទេ អាត្មាស្លាប់ទៅវិញ សុំតែបុណ្យទៅវិញតែប៉ុណ្ណឹង។ អ៊ីចឹងហើយដល់ពេលរឿងនេះ វាកាន់តែលេចឮម្តងបន្តិចៗទៅ ព្រះចៅអធិការហ្នឹងក៏មានលិខិតមួយឱ្យអាត្មាចេញពីវត្ត។ អាត្មាសួរថា កំហុសអ្វីបានជាឱ្យអាត្មាចេញពីវត្ត លោកអត់ឆ្លើយតបទេ លោកថា អត់ដឹងរឿងអីទាំងអស់ ដែលធ្វើឱ្យអាត្មាឆ្ងល់ថា ចុះត្រានេះ អ្នកណាអ្នកបោះ?

នគរធំ ៖ ចុះតើបានលទ្ធផលយ៉ាងណា ពេលប្រជុំគណៈសង្ឃ ?

ព្រះតេជគុណហ៊ុន សារ៉ាត់ ៖ ដល់ពេលប្រជុំគណៈសង្ឃរួច មេគណខេត្តថា ម៉េចសម្រួល ឬអត់ សុំឱ្យចេញពីវត្ត? ដល់ពេលអាត្មាចេញ​ហើយ លោកវ៉ៃត្រាមួយថា លោកបានឃើញ និងបានចេញ ប៉ុន្តែក្នុងត្រានោះទៀតសោត គឺលោកវ៉ៃបិទអាត្មាបណ្តោយ គឺឱ្យចាកសិក្ខាបទ។ ដល់ពេលវ៉ៃត្រាអ៊ីចឹង អាត្មាមិនដឹងសុំវត្តណាបានទេ មានតែសុំមេគណខេត្ត ដើម្បីលាចាកសិក្ខាបទតែប៉ុណ្ណឹង ព្រោះលោកធ្វើបាបអាត្មាមែនទែន គឺអាត្មាគិតថា អំពើនេះជាអំពើអយុត្តិធម៌មួយសម្រាប់អាត្មា។ សម្រាប់អាត្មា គឺអាត្មាចង់ទៅបួសទៀត ដល់ពេលអាត្មាសុំវត្តបានហើយ ប្រជាពុទ្ធបរិស័ទស្រលាញ់អាត្មាច្រើន លោកព្រះចៅអធិការ ក៏វ៉ៃបិទអាត្មាអ៊ីចឹងតែម្តង។

នគរធំ ៖ ចំពោះថ្ងៃលាចាកសិក្ខាបទនោះ ព្រះអង្គកំណត់យកថ្ងៃណាដែរ ?

ព្រះតេជគុណហ៊ុន សារ៉ាត់ ៖ មិនទាន់ទៀងទេ កំពុងពិភាក្សាជាមួយចាស់ទុំ ប៉ុន្តែអាត្មាប្រហែលជានឹងចូលបួសវិញ ដោយសារតែអាត្មាមិនចង់សឹកទេ អាត្មានឹងបួសវិញនៅថ្ងៃណាមួយ ដើម្បីសងគុណឪពុកម្តាយអាត្មាផង ហើយដើម្បីចូលរួមថែរក្សាប្រពៃណីខ្មែរ ហើយនឹងចូលរួមជួយពុទ្ធបរិស័ទផងដែរ។

នគរធំ ៖ បើគិតមកដល់ពេលមានរឿងនេះ តើព្រះអង្គបួសបានប៉ុន្មានវស្សា ?

ព្រះតេជគុណហ៊ុន សារ៉ាត់ ៖ អាត្មាបួសបាន១វស្សា បួសចាប់ពីថ្ងៃទី២៩ ខែ១២ ឆ្នាំ២០១៦ ហើយវិជ្ជាស្រោចទឹកអីជាដើម អាត្មាចេះតាំងពីក្មេងមក ព្រោះអាត្មារៀនពីជីតា គឺអាត្មានៅជាមួយលោកតាឥសីមហាជម្ពូ ហើយលោកតាឱ្យអាត្មាបួស៣វស្សា ដល់ពេលរឿងហ្នឹងវាច្រណែនប្រចណ្ឌអាត្មាខ្លាំងពេក ដោយសារក្នុង១ថ្ងៃ អាត្មាប្រគេនលោកបាន ១លាន​ ១០ម៉ឺន ឬក៏១លាន២សែនដែរ។ នៅក្នុងហ្នឹង ក៏មានលោកចាក់សាក់ដូចអាត្មាដែរ ហើយក៏មានលោកស្រោចទឹកដូចអាត្មាដែរ ហើយក៏មានលោករំដោះគ្រោះដូចអាត្មាដែរ ហើយអត់រករឿងគេទេ មករករឿងតែអាត្មា។ អ៊ីចឹងជាអំពើមួយអយុត្តិធម៌ បើថាមិនឱ្យព្រះសង្ឃស្រោចទឹក គួរតែបិទមិនឱ្យស្រោចទឹកទៅ ហើយមិនឱ្យចាក់សាក់ទាំងអស់គ្នាទៅ អាហ្នឹងបានអាត្មាយល់ព្រម ដល់ពេលធ្វើអំពើហ្នឹង គឺអយុត្តិធម៌ខ្លាំងណាស់សម្រាប់អាត្មា។ អ៊ីចឹងអាត្មានឹងសាងផ្នួសឡើងវិញ ព្រោះអាត្មាស្រលាញ់ភេទជាព្រះសង្ឃ ហើយដែលគេថា អាត្មាទៅសាក់រូបស្ត្រី គឺអាត្មាសុំបដិសេធ គួរតែសរសេរថា កូនសិស្សអាត្មាជាអ្នកចាក់ ព្រោះនៅក្នុងកូនសិស្សអាត្មាហ្នឹង មានកូនសិស្សម្នាក់ដែរ ដែលរៀនពីអាត្មាហ្នឹង គឺអាត្មាបណ្តោយឱ្យសាក់ទាំងអស់ អាត្មាអត់បានប៉ះពាល់ទេ។

នគរធំ ៖ ជាចុងក្រោយ តើព្រះអង្គបញ្ជាក់ពីជំហរ និងការសំណូមពរយ៉ាងណា?

ព្រះតេជគុណហ៊ុន សារ៉ាត់ ៖ រឿងនេះ អាត្មាសូមស្នើដល់មន្ត្រីព្រះសង្ឃ ហើយនិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជួយរកយុត្តិធម៌ដល់អាត្មាភាព ដោយសារតែអំពើនេះជាអំពើអយុត្តិធម៌សម្រាប់អាត្មាណាស់ គួរតែរកអ្វីមួយជាភ័ស្តុតាង ដើម្បីបញ្ជាក់អំពីកំហុស ព្រោះអាត្មាមិនទាន់បានលាចាកសិក្ខាបទ គេវ៉ៃត្រាឱ្យអាត្មាលាចាកសិក្ខាបទបាត់ មិនឱ្យចូលវត្តណាបាន។ អ៊ីចឹងវាអត់សមស្របទេ គួរណាស់ចេះស្រលាញ់គ្នា យើងខ្មែរដូចគ្នា ព្រះសង្ឃគ្មានការគុំកួនចង់ឈ្នះចង់ចាញ់ទេ ព្រោះព្រះពុទ្ធសម្តែងថា ខន្តី ការអត់ធ្មត់ ឬការស្រលាញ់គ្នាទៅវិញទៅមក មានមេត្តាករុណា ចំពោះសត្វលោក។ ដល់ពេលអ៊ីចឹងទៅ ធ្វើឱ្យសាសនាកាន់តែថមថយ ដោយសារបុគ្គលមួយចំនួន គិតតែពីប្រយោជន៍អំណាច រិះគន់អ្នកដទៃ ដោយមិនមើលពីកំហុសខ្លួនឯង។ សាសនាព្រះពុទ្ធ ក៏អាត្មាកាន់ សាសនាព្រហ្មញ្ញ ក៏អាត្មាកាន់ ព្រោះអាត្មាឃើញថា យើងកាន់សាសនាព្រះពុទ្ធ យើងបំបាត់វប្បធម៌ខ្មែរយើងក៏វាមិនកើត។ អ៊ីចឹងអាត្មាចង់ថែរក្សាទាំង២ ថែរក្សាទាំងវប្បធម៌ខ្មែរ ថែរក្សាទាំងព្រហ្មញ្ញសាសនា ព្រោះព្រហ្មញ្ញសាសនា គឺជាសាសនាមួយដែលកើតមុនព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជាយើង ប៉ុន្តែអាត្មាមិនបានធ្វើឱ្យខុសវិន័យព្រះពុទ្ធសាសនាទេ…។

ទោះជាយ៉ាងណា ជុំវិញការលើកឡើងរបស់ព្រះតេជគុណហ៊ុន សារ៉ាត់ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីព្រះចៅអធិការវត្តចក និងមន្ត្រីសង្ឃពាក់ព័ន្ធបានទេ កាលពីម្សិលមិញ៕