អាទង់ព្រលឹង ខឹងមិត្តភក្តិហាមឡូឡាពេលកំពុងផឹកសុី ទាញបំពង់ទីបវាយបែកក្បាល

ភ្នំពេញ ៖ បុរសមួយក្រុម បានទិញស្រាមកព័ទ្ធវង់ផឹកស៊ីនៅក្នុងបន្ទប់ជួលឡើងស្រវឹងធ្លាក់ភ្នែក និងស្រែកឡូឡារំខានអ្នកជិតខាង រកពេលដេកពួនមិនបាន ទើបមិត្តភក្តិដែលនៅជួលបន្ទប់ក្បែរគ្នាចេញមកប្រាប់ ហាមកុំឱ្យស្រែកឡូឡាតទៅទៀត ព្រោះយប់ជ្រៅណាស់ទៅហើយ តែដឹងអី! ស្រាប់តែជនបង្កហេតុខឹងច្រឡោតចងគំនុំទុក លុះព្រឹកឡើងក៏ទាញដែកបំពង់ទីបវាយសំពងក្បាលជនរងគ្រោះ បណ្តាលឱ្យបែកហូរឈាមកក្លាក់ជោកខ្លួនតែម្តង ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីហិង្សាវាយគ្នា បណ្តាលឱ្យជនរងគ្រោះបែកក្បាលទាំងព្រឹកព្រលឹមនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី២ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះត្រូវមិត្តភក្តិវាយបែកក្បាលនោះ មានឈ្មោះសឿន ហុង ភេទប្រុស អាយុ២៨ឆ្នាំ កម្មកររោងចក្រ នៅសួនកាណាឌីយ៉ា ស្នាក់នៅបន្ទប់ជួលជាន់ទី២ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ (កន្លែងកើតហេតុ) មានស្រុកកំណើតភូមិត្រពាំងគន្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនដៃដល់មានឈ្មោះ ហុង គឹមសុង ហៅទង់ព្រលឹង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី២ជាប់គ្នា មានស្រុកកំណើតភូមិព្រៃស្រឡែង ឃុំទួលអម្ពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា រូបគេនិងជនដៃដល់ជាមិត្តភក្តិរួមការងារជាមួយគ្នា ហើយមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែធ្នូ នៅបន្ទប់ជនដៃដល់មានគ្នាផឹកស៊ី៣នាក់ លុះពេលស្រវឹងធ្លាក់ភ្នែក ពួកគេបានស្រែកឡូឡារំខានដល់អ្នកជិតខាងរកដេកពួនមិនបាន។ ក្នុងសភាពបែបនេះ រូបគេបានចេញទៅប្រាប់ហាមកុំឱ្យឡូឡា ចៀសវាងរំខានដល់អ្នកដទៃ តែជនសង្ស័យនៅតែមិនស្តាប់ទេ ហើយស្រវឹងកាន់តែខ្លាំង ដោយស្រែកដំឡើងសរសៃកបំពងសំឡេងកាន់តែខ្លាំង។ ដោយនិយាយគ្នាស្តាប់មិនបាន ទើបរូបគេខ្ជិលរវល់ជាមួយ ក៏សម្ងំដេកក្នុងបន្ទប់បាត់ លុះរហូតដល់វេលាម៉ោង៦និង៣០នាទី គ្រាន់តែបើកទ្វារបន្ទប់ដើម្បី ចាកចេញទៅធ្វើការ ស្រាប់តែជនដៃដល់ឈរចាំមុខបន្ទប់ជាមុនស្រេច ប្រដាប់ដោយដែកទីបវាយសំពងរូបគេ បណ្តាលឱ្យបែកក្បាលហូរឈាមកក្លាក់ ហើយជនដៃដល់រត់ចូលបន្ទប់បាត់ ទើបរូបគេទាញទ្វារបន្ទប់ជនសង្ស័យ ហើយបិទចាក់សោពីក្រៅ រួចរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ចុះទៅអន្តរាគមន៍ ខណៈនោះជនដៃដល់ធាក់ទ្វារបន្ទប់ទម្លាយរត់ចេញក្រៅ ស្របពេលកម្លាំងនគរបាលទៅដល់ល្មម ដេញតាមចាប់ខ្លួន បានវាយខ្នោះដឹកយកទៅសាកសួរនៅប៉ុស្តិ៍។

តាមសម្តីជនដៃដល់ បានឱ្យដឹងថា មកពីជនរងគ្រោះទៅរករឿងរំខានដល់ក្រុមរបស់គេកំពុងផឹកស៊ី ទើបទ្រាំមិនបាន ព្រឹកឡើង ជនរងគ្រោះដើរចេញពីបន្ទប់ក៏វាយសំពងតែម្តង ដើម្បីរំសាយកំហឹងទុកជាការព្រមានកុំឱ្យជនរងគ្រោះខ្លាំងដៃពេក តែដឹងអីត្រូវជនរងគ្រោះប្តឹងប៉ូលិសចាប់តែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី៕