Saturday, April 20, 2024
Homeតារាខ្មែរទឹម រដ្ឋា ស្មោះស្នេហ៍សង្សារទី៣

ទឹម រដ្ឋា ស្មោះស្នេហ៍សង្សារទី៣

ទឹម រដ្ឋា ដែលប្រេះឆាស្នេហ៍ប្រុសប៉ាគីស្ថាន ភ្លាម បានប្រកាសថា នាងឈប់បណ្តើរប្រុសណាថ្មីទៀតហើយ ព្រោះខ្លាចមិនច្បាស់លាស់ បើបែកបាក់នាំខ្មាសគេនោះ ស្រាប់តែពេលនេះ ជឿជាក់លើសង្សារថ្មីជាប្រុសអាមេរិកនោះ ១០០% តែម្តង ដោយទៅណាក៏បណ្តើរគ្នាដូចប្តីប្រពន្ធអ៊ីចឹង ខណៈដែលមង្គលការនៅតែគ្មានស្រមោលដដែល។

ការស្វាក់តែស្នេហ៍ប្រុសបរទេសរបស់ទឹម រដ្ឋា ដោយមើលមិនឃើញប្រុសខ្មែរ នៅពេលនេះ បញ្ជាក់ថា នាងគ្មានចាប់អារម្មណ៍ទៅលើលោកធំផ្កាយ៤ម្នាក់ ដែលប្រគល់តំណែងជំទាវឱ្យនាងឡើយ…។

ខុសពីតារាមួយចំនួនដែលច្រើនចូលសិល្បៈ ដោយប្រាថ្នាជាប្តីមន្ត្រីធំ ងារជំទាវជាដើម ដើម្បីយកមុខមាត់ក្នុងសង្គម តែទឹម រដ្ឋា វិញ ហាក់មិនអើពើចំពោះឋានៈដែលទៅណាមានកងអង្គរក្សហែហមជុំជិតនោះឡើយ បើទោះបីជាវាមិនឆ្ងាយប៉ុន្មានក្នុងកណ្តាប់ដៃនាងក៏ដោយ។

ប្រភពបានឱ្យដឹងថា លោកធំផ្កាយ៤ ដែលទៅណាមានអំណាច មានកងអង្គរក្សតាមហែហមដល់ហាងកាហ្វេនោះ បុរសដ៏ល្បីឈ្មោះនោះតាមស្នេហ៍រដ្ឋា ជាច្រើនឆ្នាំមកហើយ ដោយថែមទាំងធានាជូនងារជំទាវជាចំហដល់តារាបង្ហាញម៉ូដនេះទៀតផង ក្រោយពេលដែលអ្នកសម្តែងខ្ពស់ស្រឡះរូបនេះ ប្រេះឆាស្នេហ៍ប្រុសប៉ាគីស្ថាននោះ ធ្វើឱ្យលោកធំវ័យ៥០ក្រាស់នោះ សង្ឃឹមយ៉ាងមុតមាំថា នឹងបានថ្នាក់ថ្នមកាយារដ្ឋា ណែនក្នុងឱរា។ ប៉ុន្តែ គួរឱ្យស្តាយ ចុងក្រោយលោកផ្កាយ៤នោះ ចង់ដាច់ផ្ងារ ដោយសារតែរដ្ឋា ហាក់ដូចជាមិនចាប់អារម្មណ៍តំណែងជាជំទាវពីលោកឡើយ។

ទឹម រដ្ឋា មិនត្រឹមតែមិនអើពើចំពោះតំណែងដែលតារាស្រីដទៃប្រាថ្នាចង់បាននោះទេ តែពេលនេះ នាងកាន់តែបង្ហាញមុខសង្សារថ្មី ជាប្រុសអាមេរិកនោះជាចំហ ដោយបណ្តើរគ្នាដូចប្តីប្រពន្ធអ៊ីចឹង ដែលបញ្ជាក់ដល់ប្រុសៗទាំងឡាយថា កុំមកព្យាយាមស្នេហ៍នាងទៀត ព្រោះពេលនេះ បេះដូងនាងមិននៅទំនេរឡើយ ហើយតំណែង “ជំទាវ” បើនៅជាមួយមនុស្សប្រុសដែលនាងមិនស្រលាញ់នោះ គឺពិតជាគ្មានអ្វីដែលអស្ចារ្យ។ ចំណុចមួយទៀត ការដែលរដ្ឋា បង្ហាញម្ចាស់ចិត្តនៅពេលនេះ ក៏ក្នុងចេតនាថា សង្សារថ្មីនាង គឺត្រូវតែជាប្រុសសង្ហាម្នាក់ ដែលទៅណាមកណាបណ្តើរគ្នាសមជាមួយរូបនាង មិនមែនជាបុរសដែលមានលុយហើយ តែវ័យស្មើជីតារបស់នាងនោះឡើយ។

ទឹម រដ្ឋា បានបណ្តើរសង្សារថ្មីរបស់នាងទៅចូលរួមកម្មវិធីមង្គលការតារាចម្រៀងសុគន្ធ និសា ហើយតារារួមអាជីពបានសរសើរថា រដ្ឋា ចេះរកសង្សារដែលសមគ្នាជាមួយនាងទៀតផង ទើបធ្វើឱ្យតារារាងស្វែលខ្ពស់ស្រឡះរូបនេះ ញញឹមដោយសប្បាយចិត្ត និងឈរឱ្យអ្នកកាសែត ថតរូបនាងជាមួយសង្សារដោយពេញចិត្ត ហើយច្បាស់ណាស់ថា បើសិនជានាងមិនទាន់ច្បាស់លាស់ជាមួយប្រុសអាមេរិកនេះទេ ប្រហែលជានាងមិនកៀកកើយគ្នាឱ្យគេឃើញជាចំហបែបនេះឡើយ ព្រោះនាងធ្លាប់និយាយថា ម្តងនេះ គឺទាល់តែច្បាស់លាស់ ទើបដើរជាមួយគ្នា។

ទឹម រដ្ឋា ក្រៅពីបង្អាក់ទឹកចិត្តលោកផ្កាយ៤ ឱ្យឈប់មកតាមចែចង់នាងទៀតនោះ តារារូបនេះក៏ធ្វើឱ្យអ្នកជំនួញធំក្នុងស្រុក ដែលមានទ្រព្យហូរហៀរ ហើយចង់បាននាងជាគូស្នេហ៍នោះ ខ្ទាតចេញផងដែរ ដោយពេលនេះ ពួកគេនិយាយថា “តារាសម្តែងទឹម រដ្ឋា ត្រូវការតែប្រុសបរទេសទេ! ប្រុសខ្មែរ នាងមើលមិនឃើញឡើយ!”។

ទឹម រដ្ឋា មិនលើកទូរស័ព្ទឡើយ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ទើបមិនអាចសុំការបំភ្លឺបានចំពោះការបង្ហាញមុខសង្សារដូចប្តីនៅពេលនេះ ដែលធ្វើឱ្យខ្ទាតលោកផ្កាយ៤នោះ។ ប៉ុន្តែ ក្នុងបទសម្ភាសន៍កន្លងមក ទឹម រដ្ឋា អះអាងថា នាងមិនប្រកាន់ថា ជាប្រុសខ្មែរ ឬបរទេសឡើយ គឺឱ្យតែមាននិស្ស័យ ទើបអាចស្គាល់គ្នាបាន។

តារាសម្តែងខ្ពស់ស្រឡះរូបនេះ ថែមទាំងឌឺដងឱ្យអតីតសង្សាររបស់នាង ជាប្រុសប៉ាគីស្ថាននោះ ផងដែរថា “បងទៅរកស្រីឯណា ក៏មិនបានស្អាត និងល្បីឈ្មោះដូចអូនដែរ”។

ការថ្លែងបែបនេះ របស់រដ្ឋា ក្រោយពេលដែលលោក Zak Ky ដែលជាសង្សារនាងជាច្រើនឆ្នាំមកហើយនោះ បែរជាកើតរោគប្រចណ្ឌខុសទំនងទៅលើរូបនាងជាមួយលោកអេឡិច ចាន់ត្រា ទើបធ្វើឱ្យនាងខ្មាសគេខ្លាំង ហើយស្រាប់តែចុងក្រោយ ប្រុសបរទេសនោះបានព្យាយាមសុំជួបជុំគ្នាជាមួយនាងវិញ តែរដ្ឋា ដែលមានសង្សារថ្មីស្អាត និងសង្ហាជាងអ្នកចាស់នោះ មិនព្រមផ្សះផ្សាស្នេហ៍ជាដាច់ខាត។

ទឹម រដ្ឋា ដែលហាក់បាក់ស្បាត ក្រោយបែកបាក់ស្នេហ៍ប្រុសប៉ាគីស្ថាន ព្រោះដំបៅបេះដូងនៅមិនទាន់ជានោះ ពេលនេះអាចប្រឈមក្នុងការដើរជាន់ដានចាស់ម្តងទៀត ប្រសិនបើនាងនៅតែមិនព្រមគិតគូររឿងចូលរោងការ ហើយចង់លេងស្នេហ៍បែបអឺរ៉ុបទៀតនោះ ព្រោះតាមប្រភពថា រដ្ឋា មិនហ៊ានដឹកដៃសង្សាររៀបការឡើយ ដោយសារខ្លាចលែងត្រូវប៉ាន់ទៀត។ យ៉ាងណា តារាដែលមានគូស្នេហ៍ជាប្រុសបរទេសនៅពេលនេះ មិនមែនតែរដ្ឋា ម្នាក់ទេ គឺនៅមានដូចជា ខៀវ សានសាណា, ទូច ស្រីលក្ខណ៍, ផូ មុនីពៅ, អឿន ដាលីស, ហ៊ាប រ៉ាឌី ជាដើម ដែលពួកគេកំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយគ្នា។

ទឹម រដ្ឋា បានធ្លាក់កូដអាជីពសិល្បៈខ្លាំងនៅពេលដែលនាងសាងស្នេហ៍ជាមួយលោក Zak Ky ព្រោះប្រុសប៉ាគីស្ថាន នោះ ប្រចណ្ឌហួងហែងនាងខ្លាំងពេក ហេតុនេះហើយ គេរង់ចាំមើលថា តើចំណងស្នេហ៍របស់តារារូបនេះ ដែលបរាជ័យស្នេហ៍ប្រុសបរទេស២លើក (ប្រុសប៉ាគីស្ថាន និងប្រេស៊ីល) នោះ អាចរក្សាស្នេហ៍បានគង់វង្ស នឹងឈានទៅជីវិតអាពាហ៍ពិពាហ៍ដែរទេ? ខណៈដែលលោកផ្កាយ៤ ដែលចិញ្ចឹមចិត្តស្រលាញ់នាងជាយូរឆ្នាំហើយនោះ ហាក់ត្រូវរដ្ឋា ផាត់ចេញបាត់ពីកែវភ្នែកទៅហើយ៕

RELATED ARTICLES