Thursday, April 18, 2024
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! ប្រពន្ធនិងកូនតូចៗ៤នាក់ រស់នៅកំព្រា

អាណោចអាធ័មណាស់!!! ប្រពន្ធនិងកូនតូចៗ៤នាក់ រស់នៅកំព្រា

ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកនេសាទម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មពេលបញ្ជូន ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយពីជួបឧប្បត្តិហេតុគ្រោះថ្នាក់កាណូត២គ្រឿង បុកគ្នាពេញមួយទំហឹង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្ទៃទឹក បឹងអន្ទង់អេក ក្នុងភូមិកោះកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះដែលស្លាប់ក្នុងករណីកាណូតបុកគ្នានោះ មានឈ្មោះវ៉ាត ភារម្យ ហៅជឿន ភេទប្រុស អាយុ៣៧ឆ្នាំ និងមានប្រពន្ធឈ្មោះ គឹម ចិន្តា អាយុ៣៥ឆ្នាំ មានកូនតូចៗ៤នាក់ នៅក្នុងបន្ទុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ បានបើកកាណូតស្មាច់ ១គ្រឿង ទៅមើលលបចម្ងាយពីភូមិប្រមាណជា៧០ម៉ែត្រ ដោយស្ត្រីជាប្រពន្ធអង្គុយក្បាលកាណូត ចំណែកប្តីរងគ្រោះអង្គុយនៅខាងក្រោយ នៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានកាណូតមួយគ្រឿងទៀត ដែលបើកក្នុងល្បឿនយ៉ាងលឿនដូចគ្នា និងខ្វះការប្រុងប្រយ័ត្ន បានជ្រុលមកបុកកាណូតស្មាច់របស់ជនរងគ្រោះពេញមួយទំហឹង បណ្តាលឱ្យត្រូវជនរងគ្រោះបែកក្បាលធ្លាក់ចូលទឹក។ ក្រោយពេលកើតហេតុ ជនបង្កហេតុបានបើកកាណូតគេចខ្លួនភ្លាមៗបាត់ស្រមោលតែម្តង។ ភ្លាមៗនោះ ស្ត្រីប្រពន្ធជនរងគ្រោះបានស្រែកហៅអ្នកស្រុកឱ្យជួយស្រង់ប្តីរបស់គាត់ពីក្នុងទឹកដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារអាការរបួសធ្ងន់ពេក មិនអាចឱ្យជនរងគ្រោះទ្រាំបាន ក៏ស្លាប់នៅមន្ទីរពេទ្យយ៉ាងអាណោចអាធ័មតែម្តង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានករណីមានកាណូតបុកគ្នា សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដែរ បំណងសង្គ្រោះជីវិត តែអកុសល ដោយសារសភាពរបួសធ្ងន់ពេក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ត្រូវបានក្រុមគ្រួសារដឹកសពត្រឡប់មកលំនៅឋាន ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកកាណូតជនបង្កហេតុ ដើម្បីផ្តន្ទាទោសតាមច្បាប់ និងដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ៕

RELATED ARTICLES