Saturday, April 27, 2024
Homeព័ត៌មានជាតិមិនឃើញធ្វើការដូចសព្វដង កម្មករចូលទៅដាស់ ឃើញស្លាប់ទាំងដៃក្តោបពង

មិនឃើញធ្វើការដូចសព្វដង កម្មករចូលទៅដាស់ ឃើញស្លាប់ទាំងដៃក្តោបពង

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយចប់ម៉ោងធ្វើការងារ ក៏បានទិញស្រាមកអង្គុយព័ទ្ធវង់ផឹកស៊ីជាមួយកម្មករសំណង់ជាច្រើននាក់ផ្សេងទៀត រហូតស្រវឹងស្រឿងៗ ទើបបែកគ្នាងូតទឹកហូបបាយ ចូលដេករៀងៗខ្លួន។ លុះព្រឹកឡើង មិនឃើញជនរងគ្រោះក្រោកពីដំណេកដូចសព្វដង ធ្វើឱ្យអ្នករួមការងារងឿងឆ្ងល់ ចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទាំងដៃដាក់នៅក្នុងខោ ឱបពងស្វាសជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករដូចគ្នា និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ហេតុការណ៍បុរសកម្មករដេកស្លាប់ដៃក្តោបពងនោះ កើតឡើងនៅក្នុងការដ្ឋានសំណង់មួយកន្លែង បង្កការភ្ញាកផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បុរសរងគ្រោះដែលដេកស្លាប់នេះ មានឈ្មោះជ័យ សុខ អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ ទីតាំងកើតហេតុខាងលើ មានលំនៅស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកម្មករនៅធ្វើការជាមួយ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៥ ខែឆ្នាំដដែល ក្រោយចប់ម៉ោងធ្វើការងារ បុរសរងគ្រោះបានចេញទៅផឹកស្រាជាមួយមិត្តភក្តិ រហូតដល់វេលាម៉ោង៧ បុរសរងគ្រោះបានមកពីផឹកស្រាវិញ និងបានហូបបាយជាមួយអ្នកធ្វើការជាមួយគ្នា រួចនាំគ្នាចូលសម្រាកបាត់អស់ទៅ ដោយមិនមាននរណាម្នាក់ នឹកស្មានថា ជនរងគ្រោះខ្យល់គរដេកស្លាប់បែបនេះសោះ លុះដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែឆ្នាំដដែល មិនឃើញជនរងគ្រោះក្រោកឡើងទៅធ្វើការដូចសព្វដង ទើបបុរសម្នាក់ឈ្មោះមាន សារុំ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា និងត្រូវជាមិត្តភក្តិជនរងគ្រោះផងនោះ មានការងឿងឆ្ងល់ បានដាស់ជនរងគ្រោះឡើងធ្វើការ ទើបដឹងថា បុរសរងគ្រោះស្លាប់បាត់ទៅហើយ ភ្លាមៗក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើកំណត់ហេតុ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ដៃឆ្វេងរបស់ជនរងគ្រោះទាំងដាក់នៅលើខ្លួន ជាពិសេសដៃស្តាំ បានដាក់ក្នុងខោ ក្តោបប្រដាប់ភេទខ្លួនឯងជាប់ ហើយក៏មិនដឹងជាជនរងគ្រោះ ស្លាប់តាំងពីថ្មើរណាដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានទាក់ទងទៅសមត្ថកិច្ចធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់ឱ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

RELATED ARTICLES