Monday, November 25, 2024
Homeសន្ដិសុខសង្គមពូកំណាចខឹងក្មួយស្រីអាយុ១០ឆ្នាំ លេងហ្គេមទូរស័ព្ទ ទាញខ្សែភ្លើងវាយកន្ទួលពេញខ្លួន

ពូកំណាចខឹងក្មួយស្រីអាយុ១០ឆ្នាំ លេងហ្គេមទូរស័ព្ទ ទាញខ្សែភ្លើងវាយកន្ទួលពេញខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ បានសុំកូនពីបងស្រីយកមកចិញ្ចឹម តែបែរជាប្រើអំពើហិង្សាវាយដំទៅលើក្មួយស្រីជារៀងរាល់ថ្ងៃ ជាក់ស្តែង គ្រាន់តែខឹងក្មួយស្រីអង្គុយលេងហ្គេមទូរស័ព្ទ ក៏ស្រាប់តែយកខ្សែភ្លើងបត់ជាបួន រួចវាយរហូតដល់មានស្នាមកន្ទួលពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចនៅផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីរងគ្រោះ ដែលត្រូវឪពុកមាវាយនឹងខ្សែភ្លើង បណ្តាលឱ្យមានស្នាមរបួសកន្ទួលពេញខ្លួន មានឈ្មោះលី ស្ស៊ា អាយុ១០ឆ្នាំ ស្នាក់នៅជាមួយឪពុកមា ក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកមេមុត ខេត្តកំពង់ចាម មានឪពុកឈ្មោះថន អាយុ៥៧ឆ្នាំ មុខរបរធ្វើចម្ការ ម្តាយឈ្មោះអុច រស់នៅខេត្តកំពង់ចាម។ ចំណែកបុរសជាឪពុកមា ដែលបានប្រើអំពើហិង្សាវាយដំក្មេងស្រីរងគ្រោះ ឱ្យរងរបួសពេញខ្លួននោះ មានឈ្មោះនួន ចិន្តា ហៅប៉ាអាម៉ាប់ អាយុ៥៤ឆ្នាំ មុខរបរលក់ដូរចាប់ហួយ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋក្បែរផ្ទះកើតហេតុខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ច និងប្រជាការពារថា ពួកគាត់បានឃើញបុរសឈ្មោះនួន ចិន្តា ហៅប៉ាអាម៉ាប់ វាយទៅលើក្មេងស្រីរងគ្រោះ ត្រូវជាក្មួយស្រីដែលខ្លួនបានមកចិញ្ចឹមរស់នៅជាមួយយ៉ាងធ្ងន់ធ្ងរ ដោយយកខ្សែភ្លើងបត់ជាបួន រួចវាយទៅលើក្មេងស្រីរងគ្រោះយ៉ាងចាស់ដៃ បណ្តាលឱ្យមានស្នាមកន្ទួលក្រហមពេញខ្លួនប្រាណ។

ប្រភពដដែល បន្តថា កន្លងមកពួកគាត់ធ្លាប់បានឃើញជនបង្កហេតុដែលត្រូវជាឪពុកមា វាយទៅលើក្មេងស្រីរងគ្រោះជាញឹកញាប់ សឹងរាល់ថ្ងៃ ដោយពេលខ្លះវាយនឹងអំបោស ឬរំពាត់ ហើយនៅពេលខ្លះវាយនឹងស្បែកជើងក៏មាន ពោលគឺប៉ះអីវាយហ្នឹង និងធ្វើឱ្យមានស្លាកស្នាមជាប់នឹងខ្លួនប្រាណជាច្រើនកន្លែងទៀតផង មិនតែប៉ុណ្ណោះ ជនបង្កខាងលើ មិនបានឱ្យក្មេងស្រីរងគ្រោះទៅរៀនសូត្រដូចកូនគេដទៃទៀតនោះទេ ទើបពួកគាត់ទ្រាំមើលនឹងភ្នែកមិនបាន ក៏សម្រេចចិត្តរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

តាមការសាកសួរទៅលើក្មេងស្រីរងគ្រោះ ឃើញថា នាងហាក់មានអារម្មណ៍ភ័យខ្លាច មិនហ៊ាននិយាយអ្វីឱ្យអស់សេចក្តីឡើយ ពោលគឺ ហាក់និយាយរដាក់រដុបខ្លាំងណាស់ ប៉ុន្តែតាមស្ថានភាពជាក់ស្តែង នៅលើខ្លួនប្រាណក្មេងស្រីរងគ្រោះពិតជាមានស្នាមកន្ទួលក្រហមពេញខ្លួនមែន។ ជាមួយនេះ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ថា ក្មេងស្រីរងគ្រោះនៅក្មេងពេក ពុំយល់ហេតុផលទើបពួកគាត់បាននាំទៅដាក់ពាក្យបណ្តឹងជំនួសក្មេងស្រីរងគ្រោះខាងលើតែម្តង។

ដោយឡែក តាមសម្តីជនបង្កហេតុជាឪពុកមាក្មេងស្រីរងគ្រោះ បាននិយាយប្រាប់ថា លីស្ស៊ា គឺជាកូនរបស់បងស្រីបង្កើតរបស់គាត់ ហើយគាត់បានទទួលយកនាងមកចិញ្ចឹម តាំងពីតូចអាយុ៣ឆ្នាំមកម៉្លេះ ដោយបានឱ្យរៀននៅសាលាឯកជននៅភូមិកើតហេតុដែរ តែក្រោយពីមកក៏បានឱ្យឈប់វិញ ហើយឱ្យនាងនៅជួយលក់ដូរជាមួយគាត់។

ជនបង្កហេតុខាងលើ បានបន្តថា គាត់មានកូន២នាក់សុទ្ធតែប្រុស ក្នុងនោះកូនច្បងអាយុ២២ឆ្នាំ ចំណែកកូនពៅអាយុ១២ឆ្នាំ ហើយសព្វថ្ងៃ ពួកគេទាំង២នាក់ខាងលើ បានទៅរៀននៅភ្នំពេញនិងរស់នៅជាមួយម្តាយលក់កាហ្វេផងដែរ ចំណែករូបគាត់រស់នៅជាមួយក្មួយស្រីរងគ្រោះលក់ចាប់ហួយនៅភូមិកើតហេតុខាងលើ។ នៅមុនពេលកើតហេតុ គាត់បានប្រើឱ្យក្មួយស្រីទៅងូតទឹក លុះនាងទៅបាត់ឈឹងយូរពេក មិនឃើញត្រឡប់មកជួយលក់ដូរ ទើបគាត់បានដើរទៅតាម ស្រាប់តែប្រទះឃើញក្មួយស្រីកំពុងលេងហ្គេមទូរស័ព្ទធ្វើព្រងើយ ទើបគាត់ខឹងខ្លាំងពេក ក៏ទាញខ្សែភ្លើងបត់ជាបួន ហើយវាយទៅលើក្មួយស្រី ទុកជាការព្រមាន ដោយមិនដឹងថា មានរបួសយ៉ាងណានោះទេ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានសម្រេចចិត្តចេញមុខដាក់ពាក្យបណ្តឹងជំនួសក្មេងស្រីរងគ្រោះ ដោយស្នើឱ្យសមត្ថកិច្ចចាត់ការលើជនបង្កហេតុតាមផ្លូវច្បាប់ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋនាំយកទៅមន្ទីរពេទ្យ បន្ទាប់មកក៏ត្រូវខាងបុគ្គលិកវិទ្យុអេប៊ីស៊ី មកទទួលយកទៅសម្រាកមើលថែ រង់ចាំប្រគល់ឱ្យឪពុកម្តាយបង្កើតរបស់កុមារីរងគ្រោះខាងលើវិញ៕

RELATED ARTICLES