Thursday, April 25, 2024
Homeព័ត៌មានជាតិអាយុ១២ឆ្នាំសោះ ចិត្តខ្លាំងណាស់!!! ខឹងម្តាយមីស្តីបន្ទោសរឿងខ្ជិលរៀន ក្មួយស្រីរត់ចោលផ្ទះ១យប់១ថ្ងៃ

អាយុ១២ឆ្នាំសោះ ចិត្តខ្លាំងណាស់!!! ខឹងម្តាយមីស្តីបន្ទោសរឿងខ្ជិលរៀន ក្មួយស្រីរត់ចោលផ្ទះ១យប់១ថ្ងៃ

ខេត្តកំពង់ចាម ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ព្រោះតែខឹងនឹងម្តាយមីងស្តីបន្ទោសពីរឿងខ្ជិលរៀន ស្រាប់តែបែកគំនិតរត់ចោលផ្ទះបាត់អស់១យប់១ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារភ័យ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកត្រឡប់មកផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចអធិការដ្ឋាននគរបាលស្រុកព្រៃឈរ។

ក្មេងស្រីដែលរត់ចោលផ្ទះបាត់ មានឈ្មោះឆេង វួចលីម អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ រៀននៅសាលាបឋមសិក្សាខ្វិតធំ មានលំនៅក្នុងភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ។

លោកសួន រស់ អធិការរងនគរបាលស្រុកព្រៃឈរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចប៉ុស្តិ៍ខ្វិតធំ បានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះជួន ម៉េងឡាយ អាយុ៤៤ឆ្នាំ និងប្តីឈ្មោះប៊ូ ម៉ារិន អាយុ៤៦ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ ដោយបានប្តឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទីរសៀល ក្មួយស្រីរបស់គាត់ឈ្មោះឆេង វួចលីម អាយុ១២ឆ្នាំ បានជិះកង់ទៅរៀននៅសាលាបឋមសិក្សាខ្វិតធំ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ មិនឃើញត្រឡប់មកផ្ទះវិញទេ។

លោកអធិការរងបញ្ជាក់ថា ភិនភាគក្មេងស្រីដែលបាត់ខ្លួន សម្បុរស កំពស់១,៥០ម៉ែត្រ  ពាក់អាវដៃខ្លីពណ៌ស ស្លៀកសំពត់វែងពណ៌ខ្មៅ មានក្រងសក់ពីខាងក្រោយ ជិះកង់ចិនតួស្រីពណ៌ស។

តាមការអះអាងរបស់ម្តាយមីងក្មេងស្រីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា នៅមុនពេលក្មួយស្រីនេះបាត់ខ្លួន គឺគាត់ជាម្តាយមីងបានស្តីបន្ទោសក្មួយស្រីពីរឿងដែលនាងមិនព្រមទៅរៀន។ លុះក្រោយពេលគាត់ស្តីបន្ទោសរួច ក្មួយស្រីនេះក៏បានស្លៀកពាក់ជិះកង់ចេញទៅរៀនបាត់ទៅ ហើយក៏មិនឃើញត្រឡប់មកផ្ទះវិញសោះ។

លោកសួន រស់ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក្មេងស្រីខាងលើត្រូវបានរកឃើញវិញហើយ នៅផ្ទះប្រធានភូមិស្រង៉ែជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ដែលលោកប្រធានភូមិខាងលើ បានប្រទះឃើញ ក៏បានឃាត់ទុក និងរាយការណ៍ជូនសមត្ថកិច្ច។

ជុំវិញករណីក្មេងស្រីបាត់ខ្លួនខាងលើនេះ សមត្ថកិច្ចបានទៅទទួលយកក្មេងស្រីខាងលើ ពីផ្ទះលោកប្រធានភូមិស្រង៉ែជើង រួចបាននាំទៅប្រគល់ឱ្យក្រុមគ្រួសារវិញរួចរាល់ហើយ៕

RELATED ARTICLES