ជិះឡានសុខៗ ស្រាប់តែប្រពន្ធរត់ឡើងជិះម៉ូតូឌុប ប្តីរត់ចូលផ្សារ ទុកឡានកណ្តាលផ្លូវឲ្យស្ទះចរាចរណ៍

ភ្នំពេញ ៖ បុរសជនជាតិថៃម្នាក់ បើករថយន្តដឹកប្រពន្ធទៅរកទិញថ្នាំលាបផ្ទះ លុះមកដល់ពាក់កណ្តាលផ្លូវ ចំណុចផ្លូវប្រសព្វក្បែរផ្សារអូឡាំពិក មិនដឹងជាកើតមានជម្លោះអ្វីជាមួយប្រពន្ធ ក៏ដេញប្រពន្ធឱ្យចុះពីរថយន្តឡើងម៉ូតូឌុបជិះទៅផ្ទះមុន ចំណែកបុរសជាប្តីរូបនេះ ពេលប្រពន្ធចេញបាត់ ក៏ដើរចោលរថយន្តចូលទៅក្នុងផ្សារអូឡាំពិក បាត់ដោយទុករថយន្តនៅកណ្តាលផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះយ៉ាងខ្លាំង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងជើងផ្សារអូឡាំពិក តាមផ្លូវ១៩៩ កែងផ្លូវ២៨៦ ស្ថិតក្នុងភូមិ១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

បុរសដែលខឹងប្រពន្ធចតរថយន្តចោលកណ្តាលផ្លូវ បង្កការកកស្ទះចរាចរណ៍ មានឈ្មោះ ណាត់ សាវុធ អាយុ៤០ឆ្នាំ ជាជនជាតិថៃ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន មានប្រពន្ធឈ្មោះ ស៊ី រតនា អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនជាមួយគ្នា និងស្នាក់នៅបុរីពិភពថ្មី ផ្ទះ២៨ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែករថយន្តដែល បុរសជាប្តីចតចោលកណ្តាលផ្លូវ ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AH-២១១៩។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើបើករថយន្តព្រូស មកដល់ចំណុចខាងលើ រួចក៏បានចតរថយន្តចោលនៅកណ្តាលផ្លូវ ដោយមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយក៏ចុះពីលើរថយន្តរត់ចូលផ្សារអូឡាំពិក ទាំងប្រញាប់ប្រញាល់បាត់ទៅ ទើបក្រោយមកសមត្ថកិច្ចសណ្តាប់ធ្នាប់ស្នងការរាជធានីភ្នំពេញ និងសន្តិសុខផ្សារអូឡាំពិក បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលទាំងក្នុង និងក្រៅរថយន្តមិនឃើញ មានអ្វីប្លែកទេ គ្រាន់តែមិនឃើញមានមនុស្សណាម្នាក់ក្នុងរថយន្តសោះ។ លុះក្រោយមក ប្រហែលកន្លះម៉ោង ទើបលេចមុខបុរសជនជាតិថៃខាងលើ ចេញមកប្រាប់សមត្ថកិច្ចថា គាត់ជាម្ចាស់រថយន្ត ហើយសូមអភ័យទោសប្រញាប់ពេក ទើបទុករថយន្តចោលបែបនេះ។ បន្ទាប់មក សមត្ថកិច្ចក៏បាននាំបុរសជនជាតិថៃរូបនោះ ទៅប៉ុស្តិ៍ ដើម្បីសាកសួរពីមូលហេតុអ្វីចតរថយន្តទុកចោលធ្វើឱ្យភ្ញាក់ផ្អើល និងកកស្ទះដល់គេឯងបែបនេះ។

តាមសម្តីបុរសជនជាតិថៃ ដែលត្រូវបានស្ត្រីជាប្រពន្ធបកប្រែជំនួស បានឱ្យដឹងថា នៅមុនកើតហេតុ គាត់បានជិះរថយន្តជាមួយប្រពន្ធមកផ្សារអូឡាំពិក គោលបំណងមកទិញថ្នាំលាបផ្ទះ តែពេលមកដល់ចំណុចកើតហេតុ ប្តីប្រពន្ធគាត់បានឈ្លោះទាស់សម្តីគ្នា ទើបគាត់បានឱ្យប្រពន្ធចុះពីលើរថយន្តព្រូស និងឱ្យជិះម៉ូតូឌុបទៅផ្ទះមុន។ ក្រោយមក គាត់ក៏ចុះពីលើរថយន្តចូលទៅក្នុងផ្សារដោយទុករថយន្តនៅកណ្តាលផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។

តាមសម្តីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា បន្ទាប់ពីទាស់សម្តីជាមួយប្តីរួច នាងក៏បានឡើងជិះម៉ូតូឌុបចេញទៅ បានពាក់កណ្តាលផ្លូវ ស្រាប់តែឃើញប្តីទូរស័ព្ទមកប្រាប់នាងថា ប៉ូលិសឃាត់រថយន្ត ហើយនិងឱ្យនាងមកជួយដោះស្រាយជាប្រញាប់ ទើបនាងប្រញាប់ត្រឡប់ទៅវិញ ទើបដឹងថា តាមពិតមិនមែនប៉ូលិសឃាត់រថយន្តប្តីនាងទេ តែមកពីប្តីរបស់នាងបានចតរថយន្តនៅកណ្តាលផ្លូវ ហើយរត់ចូលផ្សារបាត់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងមានការកកស្ទះចរាចរណ៍ ក៏ត្រូវប៉ូលិសហៅទៅសាកសួរ។ យ៉ាងណា នាងបានសុំទោសសមត្ថកិច្ចជំនួសប្តី ពីរឿងដែលប្តីចតរថយន្តធ្វើឱ្យរំខានដល់សមត្ថកិច្ច រួចក៏ស្នើសុំយករថយន្តត្រឡប់ទៅវិញ ដោយថែមទាំងបានយកឯកសារបញ្ជាក់ ដូចជាកាតគ្រីរថយន្តមកបង្ហាញសមត្ថកិច្ចត្រឹមត្រូវ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ចាក់ថា ករណីនេះ គឺដោយសារតែម្ចាស់រថយន្តជាបុរសជនជាតិថៃ បានឈ្លោះប្រកែកជាប្រពន្ធ ទើបដេញប្រពន្ធឱ្យចុះពីរថយន្ត និងឱ្យជិះម៉ូតូឌុបទៅផ្ទះមុន ចំណែកបុរសជាប្តីនោះ ស្មានថាខ្លួនចតរថយន្តនៅលើចិញ្ចើមផ្លូវ ក៏ចូលផ្សារបាត់ទៅ លុះចេញមកវិញ ដឹងអី ឃើញរថយន្តចតកណ្តាលផ្លូវសោះ និងមានប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចចោមរោមមើលរថយន្តគាត់ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ទៀតផង ទើបភ្ញាក់ខ្លួនទូរស័ព្ទហៅប្រពន្ធមកបកស្រាយហេតុផល និងស្នើសុំយករថយន្តត្រឡប់ទៅវិញ ដោយកាន់ឯកសារបញ្ជាក់គ្រប់គ្រាន់ ទើបសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ រួចក៏អនុញ្ញាតឱ្យត្រឡប់ទៅវិញទៅ៕