ប្រពន្ធបន្ទោសហើយទាមទារលែងទៀត ប្តីលេបថ្នាំមិនស្លាប់ ចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធស្តីបន្ទោសពីរឿងជំពាក់បំណុលធនាគារជាង៣ពាន់ដុល្លារ គ្មានលទ្ធភាពរកប្រាក់សង ម៉្យាងប្រពន្ធទាមទារលែងលះគ្នាផង ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត ដោយប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែមិនបានសម្រេច លុះចុងក្រោយ ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនរហូតស្លាប់ដូចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ លេខ២៤៩១ ស្ថិតក្នុងក្រុមទី២ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

បុរសគំនិតខ្លី ដែលតូចចិត្តប្រពន្ធស្តីបន្ទោសផង ទាមទារលែងលះគ្នាផង បែរជាដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះគួយ ជួ អាយុ៥៣ឆ្នាំ មុខរបរចុងភៅ មានប្រពន្ធឈ្មោះសៅ សុខុម អាយុ៤៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនប្រុសម្នាក់។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះគួយ ខេង អាយុ៥០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា  នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះនិងប្រពន្ធ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយប្រពន្ធបានស្តីបន្តោសប្តីថា គិតតែពីឈឺ មិនជួយរកលុយដោះបំណុលធនាគារសោះ ព្រោះជំពាក់ប្រាក់ធនាគារដល់ទៅ៣ពាន់ដុល្លារឯណោះ មិនតែប៉ុណ្ណោះ ប្រពន្ធបានបបួលប្តីលក់ផ្ទះចែកលុយគ្នា ហើយទាមទារលែងលះគ្នាតែម្តង ទើបធ្វើឱ្យជនរងគ្រោះឈឺចិត្តយ៉ាងខ្លាំង ខណៈដែលខ្លួនកំពុងមានជំងឺប្រចាំកាយផង ត្រូវប្រពន្ធស្តីបន្ទោសផង ទារលែងលះគ្នាផង ទើបទ្រាំមិនបានក៏ឈានដល់ការគិតខ្លីបែបនេះតែម្តង។

ស្ត្រីជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បានបន្តថា កន្លងមក កាលពីជាង១ខែមុន ជនរងគ្រោះក៏ធ្លាប់បានទាស់ពាក្យសំដីជាមួយប្រពន្ធម្តងរួចហើយ និងបានលេបថ្នាំសម្លាប់ខ្លួនដែរ តែត្រូវក្រមគ្រួសារជួយសង្គ្រោះទាន់ពេល។ លុះមកដល់ថ្ងៃកើតហេតុ គាត់ជាប្អូនស្រីបានទូរស័ព្ទទៅបងប្រុស (ជនរងគ្រោះ) ជាច្រើនដង តែមិនមានអ្នកទទួលសោះ ទើបគាត់មានការសង្ស័យ ក៏ដើរមករកមើលបងប្រុសនៅខាងក្រោមផ្ទះមិនឃើញ ស្រាប់តែពេលឡើងទៅលើផ្ទះបើកទ្វារមើល ក៏ប្រទះឃើញបងប្រុសចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាសូត្រ ចងកភ្ជាប់នឹងធ្នឹមសសរផ្ទះ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលជនរងគ្រោះដាច់ចិត្តចងកធ្វើអត្តឃាត ដោយសារតែជនរងគ្រោះអន់ចិត្តក្នុងការរស់នៅ ព្រមទាំងកើតហេតុទំនាស់ពាក្យសម្តីជាមួយប្រពន្ធ និងត្រូវប្រពន្ធសុំលែងលះផង ទើបដាច់ចិត្តបញ្ចប់ជីវិត ដោយទុកឱ្យប្រពន្ធក្លាយជាស្ត្រីមេម៉ាយ ចំណែកកូនក្លាយជាក្មេងកំព្រាឪពុកបែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕