យប់មិញ បាញ់៣គ្រាប់មុខផ្ទះលីហួរវេរលុយ ផ្អើលខណ្ឌទួលគោក

ភ្នំពេញ ៖ ជនមិនស្គាល់មុខ១ក្រុម មានគ្នា៤-៥នាក់ បានបើករថយន្តមិនចាំម៉ាក និងស្លាកលេខចំនួន២គ្រឿង ទៅឈប់នៅចំណុចមុខផ្ទះ លីហួរវេរលុយមួយកន្លែង បន្ទាប់មកក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ រួចក៏នាំគ្នាបើករថយន្តចេញគេចខ្លួនបាត់ស្រមោលភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ៨៥ (ផ្ទះលីហួរវេរលុយ យីហោវីរៈ) តាមផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពពីបុរសម្នាក់ស្នាក់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿង បំរុងបត់ចូលផ្ទះនៅក្បែរនោះ ស្រាប់តែភ្លាមនោះ គាត់បានឃើញរថយន្ត២គ្រឿង មិនចាំម៉ាក និងស្លាកលេខ និងមានមនុស្សមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ បានបើករថយន្តមកឈប់នៅចំណុចទីតាំងកើតហេតុ ទល់មុខផ្ទះលីហួរវេរលុយ យីហោវីរៈ។ លុះបន្តិចក្រោយមក ជនសង្ស័យជាខ្មាន់កាំភ្លើងបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ ធ្វើឱ្យគាត់មានការភិតភ័យ ក៏ជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ព្រោះខ្លាចមានបញ្ហាដល់ខ្លួន។ ចំណែកក្រុមខ្មាន់កាំភ្លើង បន្ទាប់ពីបាញ់បោះសេរីបង្កឱ្យមានការភ្ញាក់ផ្អើលរួចហើយ ក៏នាំគ្នាបើករថយន្តចេញពីកន្លែងកើតហេតុ គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបានពិនិត្យឃើញថា ពិតជាមានករណីផ្ទុះអាវុធប្រាកដមែន ដោយនៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកកាទុស្សចំនួន៣គ្រាប់ ដែលក្រុមខ្មាន់កាំភ្លើងបន្សល់ទុក។ បន្ទាប់មក សមត្ថកិច្ចបានរើសប្រមូលយកសំបកគ្រាប់ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដើម្បីស្រាវជ្រាវវែកមុខក្រុមខ្មាន់កាំភ្លើងដែលបាញ់បោះសេរី បង្កអសន្តិសុខ និងការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ យកមកផ្តន្ទាទោសតាមច្បាប់៕