Thursday, April 25, 2024
Homeព័ត៌មានជាតិទៅលោតទឹកសម្លាប់ខ្លួន ព្រោះមិនចង់ធ្វើបាវសាក់របស់ប្តីតទៅទៀត តែសមត្ថកិច្ចឃាត់ទាន់

ទៅលោតទឹកសម្លាប់ខ្លួន ព្រោះមិនចង់ធ្វើបាវសាក់របស់ប្តីតទៅទៀត តែសមត្ថកិច្ចឃាត់ទាន់

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ព្រោះតែស្រលាញ់ប្រពន្ធខ្លាំងពេក ក៏កើតមានចិត្តប្រចណ្ឌហួសហេតុ រហូតឈានដល់ការប្រើអំពើហិង្សាវាយដំប្រពន្ធរាល់ថ្ងៃ ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏រត់ទៅលោតទឹកសម្លាប់ខ្លួន តែសំណាងល្អត្រូវបានសមត្ថកិច្ចជួយឃាត់ទាន់ពេលវេលា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ស្ត្រីដែលតូចចិត្តប្តីវាយធ្វើបាបខ្លាំងពេក សម្រេចចិត្តរត់ទៅលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះលឹម សុខរី អាយុ២៧ឆ្នាំ មុខរបរម៉ាស្សា មានប្តីឈ្មោះរស់ រ៉េត អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចដែលយាមប្រចាំការនៅលើស្ពានគីហ្សូណា បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ បានដើរឡើងមកលើស្ពានគីហ្សូណា តែម្នាក់ឯង ទាំងទឹកមុខស្រងូតស្រងាត់ ហាក់ដូចជាមានវិបត្តិក្នុងចិត្តអ្វីម៉្យាង ទើបធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ ក៏តាមឃ្លាំមើលដំណើរបស់នារីរងគ្រោះជាប់រហូត លុះពេលដើរឡើងមកដល់ចំណុចពាក់កណ្តាលស្ពាន នារីរងគ្រោះក៏ប៉ុនប៉ងឡើងលើបង្កាន់ដៃស្ពាន បំណងលោតចុះទៅក្នុងទឹកទន្លេសម្លាប់ខ្លួន ទើបភ្លាមនោះសមត្ថកិច្ចបានស្ទុះចូលទៅជួយអន្តរាគមន៍ចាប់ឃាត់ទាន់ពេលវេលា រួចក៏នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលវាលវង់ តែម្តង។

លោករស់ ម៉ុងសេង  អធិការស្តីទីនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ ទើបនារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នាងនិងប្តីឈ្មោះរស់ រ៉េត បានស្រលាញ់គ្នាដោយចិត្តនិងចិត្ត រួចក៏បានត្រូវរ៉ូវគ្នាជួលផ្ទះរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់។

នារីរងគ្រោះ បន្តថា នៅអំឡុងពេលចាប់ដៃសាងគ្រួសារជាមួយប្តីនេះ នាងបានចូលធ្វើជានារីម៉ាស្សា ចំណែកប្តីមិនមានការងារអ្វីធ្វើនោះទេ ហើយមួយថ្ងៃៗ ចេះតែរករឿងប្រចណ្ឌនាងមិនឈប់ ចោទប្រកាន់ថានាងមានទំនាក់ទំនងជាមួយប្រុសនេះប្រុសនោះ និងថែមទាំងបានប្រើអំពើហិង្សាវាយដំនាងជារៀងរាល់ថ្ងៃទៀតផង រហូតដល់នាងទ្រាំលែងបាន ក៏ដាច់ចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួនតែម្តង តែមិនទាន់បានលោតទឹកផង ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានហៅបុរសជាប្តី មកធ្វើការសាកសួរ និងធ្វើការអប់រំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាលើប្រពន្ធទៀត បន្ទាប់មកក៏អនុញ្ញាតឱ្យប្តីប្រពន្ធខាងលើ នាំគ្នាត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES