Saturday, April 20, 2024
Homeព័ត៌មានជាតិមេក្លោងប្លន់ម៉ូតូសិស្ស សមត្ថកិច្ចបំបែកសម្បុកបានហើយ

មេក្លោងប្លន់ម៉ូតូសិស្ស សមត្ថកិច្ចបំបែកសម្បុកបានហើយ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជាសមាសភាពចោរប្លន់ប្រដាប់អាវុធ ដែលតែងធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូពីសិស្សសាលា ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល សហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ បើកប្រតិបត្តិការបំបែកសម្បុក ដោយបង្ក្រាបចាប់ខ្លួនមេខ្លោងបានកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រកអង្គស្នួល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជិន លាប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះសំណាក់ភ្នំមាស សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មេក្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន រយៈពេល៣ឆ្នាំដែរ)។ ចំណែកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួនរួមមាន ទី១-ឈ្មោះគុង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ។

ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមជនសង្ស័យខាងលើភ្ជង់ប្លន់ មានឈ្មោះសាន ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី 10A មានលំនៅក្នុងភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។ រីឯម៉ូតូដែលត្រូវជនសង្ស័យភ្ចង់ប្លន់ ម៉ាក EXCITER ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ លេខតួ FY088791 លេខម៉ាស៊ីន 100248។

តាមសម្តីយុវជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិនៅចំណុចភូមិកើតហេតុខាងលើ លុះពេលទៅជិតដល់ ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ មកពីក្រោយ លុះមកដល់ទន្ទឹមគ្នា ក៏ស្រែកហៅឱ្យរូបគេឈប់ម៉ូតូ តែរូបគេមិនព្រមឈប់ ទើបជនល្មើសបានបង្កើនល្បឿនទៅឈប់ពីមុខ ហើយអ្នកបើកម៉ូតូបានចុះពីលើម៉ូតូ ដកកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក មកភ្ជង់គំរាមរូបគេ រួចក៏ប្លន់យកម៉ូតូរបស់គេជិះគេចខ្លួនទៅទិសខាងជើង ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍ឃាត់បាននៅសង្កាត់ឪឡោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចស្រុកអង្គស្នួល បានបញ្ជាក់ថា ក្រោយពីកើតមានករណីភ្ជង់ប្លន់ម៉ូតូខាងលើភ្លាម សមត្ថកិច្ចស្រុកអង្គស្នួល សហការជាមួយនឹងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការពួនស្ទាក់ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ ខណៈដែលបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់អស់។ ជាមួយនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធខ្លី ១ដើមម៉ាក K59 ក្រូមេពណ៌ស លេខៈ០៧៥៧ បង់១ និងគ្រាប់៨ ម៉ូតូម៉ាក (EXCITER) ពណ៌សលាយក្រហម១គ្រឿង ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ លេខតួ FY088791 លេខម៉ាស៊ីន 100248 (របស់ជនរងគ្រោះយកបានវិញ) និងទូរស័ព្ទម៉ាកណូគា លេខជនល្មើស ០៦៩ ៦៩៥ ៨៦៨។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះជិន លាប បានឱ្យដឹងថា រូបគេជាម្ចាស់កាំភ្លើង ហើយរូបគេបានបបួលឈ្មោះគង់ និងមិត្តភក្តិរបស់ឈ្មោះគង់ ម្នាក់ទៀត មិនស្គាល់ឈ្មោះ ចេញធ្វើសកម្មភាពប្លន់ តែមុននឹងប្លន់ ក្រុមខ្លួនបានទៅស៊ីសាច់ក្រកអាំងនៅកំបូល ហើយផឹកស្រាបៀរអស់១កញ្ច្រែង ទើបចេញធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES