Tuesday, April 23, 2024
Homeព័ត៌មានជាតិប្រុសសុំរួមរ័កមិនពាក់ស្រោម ស្រីឱ្យម៉ឹមអេង រួចហៅសង្សារចាស់លួចយកម៉ូតូ

ប្រុសសុំរួមរ័កមិនពាក់ស្រោម ស្រីឱ្យម៉ឹមអេង រួចហៅសង្សារចាស់លួចយកម៉ូតូ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ដឹកម៉ូយស្រីម្នាក់ យូរៗទៅក៏ចាប់ចិត្តលង់សម្រស់ សុំស្នេហ៍ធ្វើជាស្រីកំណាន់ រហូតដល់បបួលនាងរួមរ័កមេត្រី តែដោយភាគីប្រុសសុំមិនប្រើស្រោមអនាម័យ ជាហេតុធ្វើឱ្យភាគីស្រីខឹង ក៏បែកគំនិតដាក់ថ្នាំងងុយដេកឱ្យប្រុសស្នេហ៍ម៉ឹមអេងលង់លក់ រួចក៏ហៅសង្សារចាស់ម្នាក់ទៀត មកលួចយកម៉ូតូប្រុសស្នេហ៍ថ្មីនោះ ហើយនាំគ្នាគេចខ្លួនបាត់ តាំងពីវេលាម៉ោង១០យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ មកម៉្លេះ។ លុះរយៈពេលជាង៤ខែក្រោយមក នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ បុរសជាម្ចាស់ម៉ូតូប្រទះឃើញស្ត្រីសង្ស័យ ក៏ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចសាកសួរ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ជាសង្សារស្ត្រីសង្ស័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ និងបន្តទៅតាមយកម៉ូតូត្រឡប់មកវិញ។

ប្រពន្ធតាម៉ូតូឌុប

ស្ត្រីសង្ស័យដែលប្រើល្បិចដាក់ថ្នាំប្រុសស្នេហ៍ថ្មីម៉ឹមអេង រួចស៊ីដាច់ម៉ូតូនោះ មានឈ្មោះ វឿត ចន្ធូ អាយុ២៩ឆ្នាំ មុខរបរស្រីរកស៊ីផ្លូវភេទ  ស្នាក់នៅផ្ទះជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកជនសង្ស័យជាសង្សារចាស់ មានឈ្មោះ សោម សំអាត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំទួលសាលា ស្រុករំដូល ខេត្តស្វាយរៀង។

ជនសង្ស័យទាំង២នាក់

រីឯម៉ូតូដែលត្រូវគូស្នេហ៍ហេងស៊យខាងលើ លួចយកទៅ ហើយដកហូតបានមកវិញនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ចាម 1K-3849 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះយ៉ន យ៉ាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះឈឿក តេងអាន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមសម្តីស្ត្រីសង្ស័យខាងលើ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ រវាងនាងនិងជនរងគ្រោះមានទំនាក់ទំនងនឹងគ្នាធម្មតាៗប៉ុណ្ណោះ ដោយនាងគឺជាម៉ូយម៉ូតូឌុបរបស់ជនរងគ្រោះ លុះក្រោយមក បន្ទាប់ពីដឹកនាងជាប់ជាប្រចាំយូរៗ ទៅ ស្រាប់តែពូម៉ូតូឌុបជាប់ស្នេហ៍នាង ចេះតែព្រលយពាក្យសុំស្នេហ៍សុំស្រឡាញ់នាងជាប់ជានិច្ច ចំណែកនាងក៏មិនថាអ្វីដែរ។ លុះមកដល់វេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ជនរងគ្រោះបានបបួលនាងទៅផឹកទឹកត្នោតជូរ នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ជនរងគ្រោះក៏បានសុំនាងរួមភេទត្រង់ៗ លុះបន្ទាប់ពីនិយាយត្រូវរ៉ូវគ្នា ហើយជនរងគ្រោះក៏បានដឹកនាងទៅបន្ទប់ជួល នៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងថែមទាំងល្បួងសុំរួមភេទ ដោយមិនពាក់ស្រោមទៀតផង ទោះជានាងប្រកែកយ៉ាងណា ក៏ជនរងគ្រោះមិនព្រមស្តាប់សោះ ជាហេតុធ្វើឱ្យនាងខឹង ក៏ព្រមបើកដៃឱ្យប្រុសស្នេហ៍រួមរ័ក ដោយមិនពាក់ស្រោម រួចក៏បែកគំនិតដាក់ថ្នាំងងុយដេក ឱ្យជនរងគ្រោះដេកលង់លក់ទៅ។

នារីរងគ្រោះ បន្តថា ក្រោយពីប្រើល្បិចឱ្យប្រុសស្នេហ៍ថ្មីរូបនេះម៉ឹមអេងហើយ នាងក៏បានហៅសង្សារចាស់ម្នាក់ទៀត មកលួចម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួន តាំងពីវេលាម៉ោង១១យប់ថ្ងៃដដែលនោះ ដោយចាកចេញទៅខេត្តស្វាយរៀង ជាស្រុកកំណើតខាងសង្សារចាស់នោះតែម្តង។ បន្ទាប់មក ពួកនាងបានយកម៉ូតូរបស់ជនរងគ្រោះទៅលក់ឱ្យអ្នកផ្សេង បានលុយ៧០០ដុល្លារ ហើយបុរសជាសង្សារនោះមិនបានវិលមកភ្នំពេញ វិញទេ ក៏សម្ងំលាក់ខ្លួននៅស្វាយរៀង រហូតមក។ ចំណែកនាងបានវិលមកភ្នំពេញវិញ និងបានផ្លាស់ទៅសម្ងំលាក់ខ្លួននៅម្តុំរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាង៤ខែ ស្រាប់តែនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក៏ត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូប្រទះឃើញ ចាប់ខ្លួនប្រគល់ឱ្យប៉ូលិស ហើយបន្តទៅចាប់សង្សារចាស់របស់នាងនៅឯខេត្តស្វាយរៀង ព្រមទាំងដកហូតបានម៉ូតូមកវិញទៀតផង។

តាមសម្តីស្ត្រីឈ្មោះឈឿក តេងអាន ត្រូវជាប្រពន្ធបុរសរងគ្រោះជាម្ចាស់ម៉ូតូ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ថា ក្រោយពីចាញ់ល្បិចស្រីឱ្យម៉ឹមអេង អស់ម៉ូតូ១គ្រឿង មកប្តីរបស់គាត់បានមកកុហកគាត់ជាប្រពន្ធថា  ចោរលួចម៉ូតូទៅបាត់ តែអត់ហ៊ានប្រាប់ថា ស្រីឱ្យម៉ឹមអេង ស៊ីដាច់ម៉ូតូឡើយ រហូតទាល់តែចាប់ខ្លួនជនសង្ស័យបានរកឃើញម៉ូតូមកវិញ ទើបបែកធ្លាយរឿងដឹងថា តាមពិតប្តីគាត់ចាញ់ល្បិចស្រីម៉ឹមអេងសោះ។

ជនសង្ស័យទាំង២នាក់ ក្រោយពីចាប់ខ្លួនបានជាបន្តបន្ទាប់ រួមទាំងដកហូតបានម៉ូតូមកវិញ សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES