Friday, March 29, 2024
Homeព័ត៌មានជាតិវែកមុខឃាតករអាយុ១៣ឆ្នាំ កាប់សម្លាប់បងស្រីមានផ្ទៃពោះកូនភ្លោះ៨ខែ ប្លន់យកលុយ

វែកមុខឃាតករអាយុ១៣ឆ្នាំ កាប់សម្លាប់បងស្រីមានផ្ទៃពោះកូនភ្លោះ៨ខែ ប្លន់យកលុយ

ខេត្តបាត់ដំបង ៖ ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ ដែលជនដៃដល់ម្នាក់បានធ្វើសកម្មភាពកាប់ស្ត្រីមានផ្ទៃពោះកូនភ្លោះ៨ខែ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចព្យាយាមសម្លាប់កូនស្រីស្ត្រីរងគ្រោះដែលទើបនឹងមានអាយុ៣ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ទៀត កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដងកក់ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿង និងចាប់ខ្លួនជនជាឃាតករបានហើយ គឺតាមពិតជនជាឃាតករដៃឆៅ ត្រូវជាប្អូនប្រុសរបស់ស្ត្រីរងគ្រោះ (ឪពុកតែមួយ ម្តាយផ្សេងគ្នា) ចំណែកមូលហេតុដែលដាច់ចិត្តសម្លាប់បងស្រី គឺដោយសារខឹងទាស់សម្តី និងមានបំណងប្លន់យកប្រាក់របស់បងស្រី។

ជនដៃដល់ជាឃាតករចិត្តកំណាច ដែលកាប់សម្លាប់បងស្រីបង្កើតកំពុងពពោះកូនភ្លោះ និងប៉ុនប៉ងសម្លាប់ក្មួយស្រីអាយុ៣ឆ្នាំទៀតនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧  នៅចំណុចភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហួន រាហ៊ូ ភេទប្រុស អាយុ១៣ឆ្នាំ (កើតឆ្នាំ២០០៤) មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និងត្រូវជាប្អូនបង្កើតរបស់ស្ត្រីរងគ្រោះ (ឪពុកតែមួយ ម្តាយផ្សេងគ្នា)។ ចំណែកស្ត្រីរងគ្រោះដែលត្រូវឃាតករកាប់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះហួន រ៉ានី អាយុ៣០ឆ្នាំ កំពុងមានផ្ទៃពោះ៨ខែ មុខរបរធ្វើចម្ការ។ រីកូនស្រីដែលឃាតករវាយឱ្យរងរបួសធ្ងន់ មានឈ្មោះ ភាស់ ចរិយា អាយុ៣ឆ្នាំ។ ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ មានលំនៅក្នុងភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល តែបានចេញមកធ្វើចម្ការ និងស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីនាំខ្លួនមកសាកសួរ ជនសង្ស័យឈ្មោះហួន រាហ៊ូ បានសារភាពថា ខ្លួនពិតជាបានប្រើពូថៅកាប់ទៅលើបងស្រីឈ្មោះហួន រ៉ានី ដែលកំពុងមានផ្ទៃពោះកូនភ្លោះ៨ខែ បណ្តាលឱ្យស្លាប់ និងថែមទាំងវាយទៅលើក្មួយស្រីអាយុ៣ឆ្នាំទៀត បណ្តាលឱ្យរងរបួសធ្ងន់ប្រាកដមែន។ មូលហេតុដោយសារតែរូបគេបានទាស់ពាក្យសម្តីគ្នាជាមួយបងស្រី (ស្ត្រីរងគ្រោះ) ហើយក៏ចង់បានលុយពីបងស្រីផងដែរ។ ជាមួយនឹងការឃាត់ខ្លួនសួរនាំនេះ សមត្ថកិច្ចក៏បានរកឃើញវត្ថុតាងមួយចំនួន រួមមានពូថៅ១ និងប្រាក់រៀល ២៤១ ៦០០រៀល (ពីរសែនបួនម៉ឺនមួយពាន់ប្រាំមួយរយ)ប្រាក់ថៃ ២៥ ៤៦០បាត (ពីរម៉ឺនប្រាំពាន់បួនរយហុកសិប)។

សមត្ថកិច្ចបញ្ជាក់ថា មន្ត្រីការិយាល័យជំនាញនៃស្នងការដ្ឋានខេត្ត បានបញ្ជូនក្មេងប្រុសអាយុ១៣ឆ្នាំ ដែលពាក់ព័ន្ធនឹងការសម្លាប់បងស្រីរបស់ខ្លួនមានផ្ទៃពោះកូនភ្លោះ៨ខែនេះ ទៅប្រគល់ឱ្យស្ថាប័នអយ្យការនៃសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។ បើទោះបីជាតាមនីតិវិធី មិនអាចឃុំឃាំងជនសង្ស័យវ័យក្មេងរូបនេះបានក្តី តែជាការសម្រេចរបស់តុលាការក្នុងការវិនិច្ឆ័យ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជុំវិញករណីនេះ មន្ត្រីជំនាញបានពន្យល់ថា ជនសង្ស័យទើបមានអាយុ១៣ឆ្នាំ ដែលត្រូវការពារយ៉ាងពេញលេញដោយច្បាប់ ពោលគឺតាមនីតិវិធី ក្មេងប្រុសរូបនេះមិនអាចឃុំខ្លួនបានទេ សូម្បីតែការសួរនាំ ក៏ត្រូវអមដោយអាណាព្យាបាល ឬត្រូវមានមេធាវីចាំការពារគ្រប់ពេលដែរ។ ដូច្នេះ សមត្ថកិច្ចគ្រាន់តែសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី តែការឃុំខ្លួន ឬមិនឃុំ គឺជាការសម្រេចរបស់តុលាការ ព្រោះនេះជាការប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងសាហាវព្រៃផ្សៃបំផុត។

គួររំលឹកថា កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយបានកើតឡើងនៅចំណុចដងកក់ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ដោយស្ត្រីមានផ្ទៃពោះកូនភ្លោះម្នាក់ រួមនឹងកូនស្រីតូចអាយុ៣ឆ្នាំ កំពុងនៅចាំផ្ទះ ខណៈដែលប្តីរវល់ដឹកឪឡឹកចេញទៅលក់នៅផ្សារ ស្រាប់តែត្រូវជនដៃដល់ធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យស្ត្រីជាម្តាយដែលកំពុងពពោះកូនភ្លោះ៨ខែ ស្លាប់ទាំងម្តាយនិងកូនភ្លោះក្នុងផ្ទៃ នៅនឹងកន្លែង រួចហើយជនជាឃាតករបានវាយសម្លាប់កូនស្រីតូចម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មិនមានសាក្សីបានឃើញហេតុការណ៍នេះទេ ប៉ុន្តែនៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់បានដើរកាត់ទីនោះ រួចក៏ប្រទះឃើញសាកសពស្ត្រីរងគ្រោះ និងឃើញកូនស្រីដេកសន្លប់ជោកជាំទៅដោយឈាមនៅក្នុងផ្ទះ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យឃើញថា ស្ត្រីរងគ្រោះបានស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងទៅហើយ ដោយឃើញមានពូថៅ១ នៅក្បែរគ្រែក្នុងផ្ទះ ដែលពោរពេញដោយឈាម។ ចំណែកក្មេងស្រីរងគ្រោះជាកូនស្រីនៅមានដង្ហើមនៅឡើយ ទើបសមត្ថកិច្ចប្រញាប់ដឹកបញ្ជូនក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះជីវិត។

បើតាមអ្នកភូមិ បាននិយាយថា ផ្ទះជនរងគ្រោះនៅដាច់ឆ្ងាយពីគេប្រហែលជាង៣០០ម៉ែត្រ ហើយមានចិញ្ចឹមគោ និងធ្វើស្រែចម្ការ ផងដែរ។ អ្នកភូមិបានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុ ស្ត្រីរងគ្រោះនៅផ្ទះជាមួយកូនស្រីអាយុ៣ឆ្នាំ ចំណែកបុរសជាប្តីវល់ដឹកឪឡឹកទៅលក់នៅផ្សារ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ពេលដែលអ្នកភូមិម្នាក់ធ្វើដំណើរកាត់មុខផ្ទះស្ត្រីរងគ្រោះ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ថ្មីៗ ពោរពេញទៅដោយឈាមជោកជាំ ដែលទំនងត្រូវឃាតករសម្លាប់មុនប្រទះឃើញបន្តិចប៉ុណ្ណោះ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ស្ត្រីរងគ្រោះ មានស្នាមរបួសត្រង់ក្បាលផ្នែកខាងក្រោយ ដោយសារតែជនដៃដល់មិនស្គាល់អត្តសញ្ញាណកាប់ប្រហារនឹងពូថៅ បណ្តាលឱ្យស្លាប់ទាំងម្តាយ និងកូនភ្លោះក្នុងផ្ទៃ៨ខែ នៅនឹងកន្លែងតែម្តង។ ចំណែកក្មេងស្រីរងគ្រោះជាកូនស្រីទើបនឹងមានអាយុ៣ឆ្នាំម្នាក់ទៀត ត្រូវជនដៃដល់វាយប៉ងសម្លាប់ផងដែរ តែសំណាងល្អគ្រាន់តែរងរបួសធ្ងន់។ រីឯជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល តែទីបំផុត ឈាមស្រែកស្បែកហៅជនជាឃាតករ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ហើយតាមពិតឃាតករគឺគ្មានអ្នកណាឆ្ងាយឡើយ តែជាប្អូនប្រុសម្តាយទីទៃ ជាមួយនឹងស្ត្រីរងគ្រោះ ដែលមានបំណងស្រាយគំនុំផង និងប្លន់លុយកាក់ពីបងស្រីផង។ យ៉ាងណា ករណីនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕

RELATED ARTICLES