Saturday, April 20, 2024
Homeព័ត៌មានជាតិប្រុសអាយុ១៥ឆ្នាំ ល្បួងក្មេងស្រីអាយុ១១ឆ្នាំ ជៀរជ័រកៅស៊ូ ដល់កន្លែងស្ងាត់ចាប់រំលោភ

ប្រុសអាយុ១៥ឆ្នាំ ល្បួងក្មេងស្រីអាយុ១១ឆ្នាំ ជៀរជ័រកៅស៊ូ ដល់កន្លែងស្ងាត់ចាប់រំលោភ

ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ បានល្បួងនាំក្មេងស្រីម្នាក់ ចេញទៅជៀរជ័រកៅស៊ូជាមួយគ្នា លុះពេលទៅដល់កន្លែងស្ងាត់ ក៏បែកគំនិតធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចម្ការកៅស៊ូមួយកន្លែង ចម្ងាយពីភូមិសាទុំ ប្រមាណ៣០០០ម៉ែត្រ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី មានឈ្មោះដំ សុខគង់ អាយុ១៥ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១១ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

លោកអនុសេនីយ៍ឯក ចាន់ ឌុល អធិការរងនគរបាលស្រុកមេមត់ ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យខាងលើ បានលួងលោមក្មេងស្រីរងគ្រោះ ចេញទៅជៀរជ័រកៅស៊ូនៅក្នុងចម្ការ ដែលមានចម្ងាយពីភូមិប្រមាណ៣០០០ម៉ែត្រ។ លុះពេលទៅដល់កន្លែងស្ងាត់ ជនសង្ស័យក៏បានបែកគំនិតធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច ហើយក៏រត់គេចខ្លួនបាត់ពីផ្ទះ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះបានដើរត្រឡប់មកដល់ផ្ទះវិញ រួចក៏បានយករឿងរ៉ាវទាំងនោះប្រាប់ម្តាយឱ្យដឹង រួចក៏ត្រូវម្តាយនាំទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំជាំក្រវៀន ជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ។

ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃដដែលនោះ រួចក៏នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមេមត់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួងលោមក្មេងស្រីរងគ្រោះទៅជៀរជ័រកៅស៊ូ រួចក៏បានចាប់រំលោភនាង នៅកន្លែងស្ងាត់ក្នុងចម្ការកៅស៊ូ រហូតដល់បានសម្រេចប្រាកដមែន។

រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យខាងលើត្រូវបានលោក នូវ សុគុន្ធា ចៅក្រមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចចេញដីកាឃុំខ្លួនចោទប្រកាន់ជនសង្ស័យពីបទរំលោភសេពសន្ថវៈ និងនាំទៅដាក់ពន្ធនាគារខេត្តឃុំខ្លួនជាបណ្តោះអាសន្នផងដែរ៕

RELATED ARTICLES