ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា ជាមនុស្សវិកលចរិត បានអង្គុយមុខផ្ទះរបស់ខ្លួន រួចស្រែកជេរប្អូនថ្លៃជីដូនមួយរបស់ខ្លួន ដែលរស់នៅផ្ទះជាប់គ្នា ទើបធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ក៏កាន់កាំបិតចូលមកកាប់ប្រហារជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឱ្យរយះបាតដៃ ស្ទើរដាច់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ។
បុរសរងគ្រោះដែលត្រូវប្អូនជីដូនមួយរបស់ខ្លួន កាប់ដាច់ដៃរងរបួសធ្ងន់ មានឈ្មោះភៀក ស៊ីណាត អាយុ៣៤ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះណេង ពេច អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះផន ស្រីនាង រស់នៅភូមិឃុំជាមួយគ្នា (ផ្ទះជាប់គ្នា)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយរស់នៅផ្ទះជាប់គ្នាទៀតផង ហើយជនរងគ្រោះដែលត្រូវជាបងជីដូនមួយរបស់ជនដៃដល់ ត្រូវគេដឹងថា គឺជាមនុស្សដែលមានសតិស្មារតីមិនប្រក្រតីនោះទេ (វិកលចរិត)។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានអង្គុយលើគ្រែដេកខាងមុខផ្ទះរបស់ខ្លួន រួចក៏បានស្រែកជេរស្ត្រីឈ្មោះផន ស្រីនាង ជាប្អូនថ្លៃជីដូនមួយ និងត្រូវជាប្រពន្ធរបស់ជនដៃដល់ ស្រាប់តែភ្លាមនោះ ជនសង្ស័យច្រឡោតខឹង ក៏ទាញកាំបិតផ្គាក់ដើរចេញពីផ្ទះ សំដៅទៅ រកជនរងគ្រោះដល់ក្នុងផ្ទះ រួចក៏កាប់ប្រហារជនរងគ្រោះ១កាំបិត តែត្រូវជនរងគ្រោះលើកដៃទៅចាប់កាំបិត បណ្តាលឱ្យរយះបាតដៃខាងឆ្វេង ស្ទើរដាច់ រងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីដេរមុខរបួស រហូតដល់ទៅ៣៥ថ្នេរឯណោះ។ ចំណែកជនដៃដល់ ក្រោយពីកាប់ប្រហារបងជីដូនមួយរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយយកវត្ថុតាងទៅជាមួយផង។
រហូតមកដល់វេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីក្រុមគ្រូពេទ្យដេរមុខរបួសរួចរាល់ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឈើទាល ដើម្បីឱ្យជួយអន្តរាគមន៍តាមចាប់ខ្លួនជនដៃដល់ នាំយកមកផ្តន្ទាទោសតាមច្បាប់៕