Friday, March 29, 2024
Homeតារាខ្មែរស្រីតូច ចំណាន កាក់កបហាងលក់ហូល ផាមួង គ្រាន់តែការឌីហ្សាញហាងក៏ទាក់ទាញខ្លាំងផងដែរ

ស្រីតូច ចំណាន កាក់កបហាងលក់ហូល ផាមួង គ្រាន់តែការឌីហ្សាញហាងក៏ទាក់ទាញខ្លាំងផងដែរ

អតីតតារាសម្ដែងដែលក្លាយទៅជា ”ជំទាវ” មានទ្រព្យរាប់រយលានដុល្លារ អ្នកនាងម៉ៅ ចំណាន ហៅស្រីតូច ចំណាន ដែលទោះជាដេកចាយលុយយ៉ាងណា ក៏មិនអស់នោះ ស្រាប់តែពេលនេះសេដ្ឋិនីរូបនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះថាទោះជាមានទ្រព្យហូរហៀរយ៉ាងណា ក៏អ្នកនាងមិននៅស្ងៀមឡើយ ដោយបើកហាងលក់ប៉ាក់ ហូល ផាមួង ចំណាយទុនអស់រាប់សែនដុល្លារ។

ទស្សនិកជនមានចម្ងល់ថា តើអ្នកនាងស្រីតូច ចំណាន ចង់បានលុយចំណេញយកទៅធ្វើអីទៀត បើពេលនេះស្វាមីមហាសេដ្ឋីរបស់អ្នកនាង លោកឧកញ៉ាគិត ម៉េង មានមុខជំនួញរាប់មិនអស់ទៅហើយនោះ?

ហាងម៉ូឌែន និងក្លាសិក ខូលិកសិន (Modern & Classic Collection) មានលក់ប៉ាក់ ហូល ផាមួង ខ្មែរ​គ្រប់ប្រភេទ ដែលនៅផ្ទះលេខ៨៤-៨៦ Eo,E1  ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ (ក្បែរផ្សារទំនើបសូរិយា) ដែលនៅផ្ទះ២ល្វែងជាប់គ្នា ហើយឌីហ្សាញជាពណ៌អគារដូចផ្ទះបារាំងនោះ ត្រូវបានគដឹងថា ម្ចាស់ហាងនេះគឺជាសេដ្ឋិនី ស្រីតូច ចំណាន ដែលជាភរិយារបស់លោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង។

ប្រភពបានឲ្យដឹងថា ហាងនេះនាំចូលក្រណាត់ដែលមានគុណភាព និងមានតម្លៃថ្លៃបំផុត ហើយអ្នកដែលចូលទៅទិញ ភាគច្រើន គឺជាជំទាវៗ ព្រោះសាច់ក្រណាត់ហូលផាមួងទាំងនោះ តម្រូវការគ្រួសារអភិជនគ្រប់ប្រភេទទាំងអស់។

ព័ត៌មានបានឲ្យដឹងថា ការដែលអ្នកនាងស្រីតូច ចំណាន បើកហាងនេះឡើង គឺដោយសារតែអ្នកនាងស្គាល់ជំទាវៗ និងអ្នកជំនួញជាច្រើន ហេតុនេះហើយឲ្យតែគេត្រូវការក្រណាត់ប៉ាក់ ហូល ផាមួង គឺតែងតែទៅហាងនោះ។

លោកម៉ម រស្មី ជំនួយការលោកឧកញ៉ាគិត ម៉េង ស្វាមីរបស់អ្នកនាងស្រីតូច ចំណាន បានឲ្យដឹងថា “ហាងនោះគឺពិតជារបស់អ្នកនាងចំណាន មែន ហើយគាត់លក់តែរបស់ដែលមានគុណភាពមែន  ដោយសារគាត់ស្រលាញ់ខាងហ្នឹង ទើបបើកហាងនេះឡើង។

លោករស្មី អះអាងប្រាប់អ្នកយកព័ត៌មានយើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភោគិត្រា ថា ”ហាងលោកជំទាវចំណាន នេះ បើកដំណើរការបានប្រហែល៦ខែហើយ តែមិនមានកម្មវិធីសម្ពោធអីទេ។ ហាងនេះមានលក់ហូល ផាមួង និងរបស់របរនារីផ្សេងៗទៀត ដែលមានគុណភាពល្អ។ មូលហេតុដែលលោកជំទាវបើកហាងនេះ ព្រោះគាត់មានស្គាល់គេច្រើន អីចឹងគាត់ស្រលាញ់ខាងរកស៊ីខាងហ្នឹងផង មានគេគាំទ្រផង ក៏បើកទៅ តែខ្ញុំមិនដឹងថា គាត់ចំណាយលុយប៉ុន្មានបើកហាងនេះទេ គ្រាន់តែមើលទៅមិនជាតិចនោះទេ…”។

អ្នកនាងស្រីតូច ចំណាន បានដឹកដៃឧកញ៉ាមហាសេដ្ឋី គិត​ ម៉េង ចូលរោងការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាជាង១០ឆ្នាំ និងមានកូន៤នាក់ (ស្រី២)។ អតីតតារាសម្ដែង និងពិធីការិនីល្បីឈ្មោះ ស្រីតូច ចំណាន រូបនេះក្លាយទៅជាសេដ្ឋិនីដែលមិនអាចមានអតីតតារារូបណាអាចប្រៀបផ្ទឹមទ្រព្យសម្បត្តិស្មើអ្នកនាងឡើយ។

ប្រភពបានឲ្យដឹងថា អ្នកនាងស្រីតូច ចំណាន ត្រូវបានស្វាមីអ្នកនាងលោកឧកញ៉ា គិត ម៉េង បានប្រគល់ឲ្យគ្រប់គ្រងនូវភាគហ៊ុនមួយចំនួនជំនួសលោក ដែលមានទឹកប្រាក់រាប់រយលានដុល្លារឯណោះ។ ប៉ុន្តែទោះជាមុខជំនួញធំយ៉ាងណា ក៏អ្នកនាងចំណាន នៅតែមិនភ្លេចការបើកហាងលក់ប៉ាក់ ហូល ផាមួង នេះដែរ ព្រោះវាជាមុខរបរមួយដែលអ្នកនាងស្រលាញ់ និងចង់បើកវាតាំងពីចូលសិល្បៈដំបូងមកម្ល៉េះ ហើយពេលនេះបំណងរបស់អ្នកនាងបានសម្រេចហើយ។

អ្នកសិល្បៈមួយចំនួនបានឲ្យដឹងថា កុំថាឡើយបើកហាងហូល ផាមួង មួយ ដែលចំណាយលុយរាប់សែនដុល្លារ ទោះជាបើកហាងគ្រប់ផ្លូវទាំងអស់នៅរាជធានីភ្នំពេញ និងគ្រប់បណ្ដាខេត្តទៀតនោះ ក៏នឹងអាចធ្វើបានភ្លាមដែរ ឲ្យតែអ្នកនាងចំណាន ចង់ ព្រោះថាអតីតតារាសម្ដែងរូបនេះមានទ្រព្យរាប់រយលានដុល្លារក្នុងកណ្ដាប់ដៃ។

ប្រភពបានឲ្យដឹងថា ក្រោយមានហាងថ្មីនេះ អ្នកនាងស្រីតូច ចំណាន ក៏ត្រៀមយកកូនក្នុងពេលឆាប់ៗនេះឲ្យបានម្នាក់ទៀតផងដែរព្រោះថាការមានកូន៤នាក់ មិនគ្រប់គ្រាន់ឡើយសម្រាប់គ្រួសារសេដ្ឋីមួយនេះ។

លោកម៉ម រស្មី បន្ថែមទាំងលាយឡំសំណើចថា ”អូ! អត់ទេ គាត់មិនទាន់យកកូនទៀតទេ។ តាមមើលប្រហែលជាលោកជំទាវ គាត់ឈប់យកទៀតហើយ មើលទៅ។ កូន៤នាក់ហ្នឹង គាត់មិនយកថែមទៀតទេ…”។

មុនបើកហាងម៉ូឌែន និងក្លាសិក ខូលិកសិន នេះ អ្នកនាងស្រីតូច ចំណាន ធ្លាប់លេចឮថា បានក្លាយទៅជានាយិកាទូរទស្សន៍ CTN និងធនាគារ ANZ Royal ផងដែរ តែដំណឹងនេះត្រូវបានលោកម៉ម រស្មី អះអាងថា នោះគ្រាន់តែជាការលេចឮ តាមពិត អ្នកស្រីចំណាន គ្មានពេលទៅគ្រប់គ្រងការងារទាំងនោះទេ ព្រោះគាត់យកពេលវេលាទៅមើលថែរកូនៗគាត់ទាំង៤វិញ តែលោករស្មី ថា ការដែលគេថា អ្នកនាងចំណានជានាយិកា CTN និងធនាគារ ANZ Royal នោះ ក៏មិនខុសដែរ ព្រោះក្រុមហ៊ុនទាំងនោះជារបស់ស្វាមីអ្នកនាង អីចឹងរបស់ស្វាមី ក៏ដូចជារបស់ភរិយាដែរ។

គួរបញ្ជាក់ថា អ្នកនាងស្រីតូច ចំណាន ដែលជិះរថយន្ដថ្លៃៗផុតលេខ មានដូចជា BMW , Lexus Lx 570 , Rolls-Royce ជាដើម ហើយមានអង្គរក្ស៥ទៅ៦នាក់នោះ ភរិយាលោកឧកញ៉ាគិត ម៉េង រូបនេះ ត្រូវគេដឹងថាជាអ្នកចូលចិត្តប្រើរបស់ម៉ាកល្បីៗដល់កំពូល ដូចជា កាបូបដៃមួយរបស់អ្នកនាងចំណាន កាន់មានតម្លៃជាង១០ម៉ឺនដុល្លារ នាឡិកាដៃ១គ្រឿង ជាង១០មម៉ឺនដុល្លារដែរ ទើបធ្វើឲ្យជំទាវៗដទៃទៀតតែងស្ញប់ស្ញែងពីអ្នកនាងចំណានហើយទោះជាមានកូនដល់ទៅ៤នាក់មែន តែអតីតតារារូបនេះ គឺនៅតែរក្សារូបសម្រស់ស្រស់ស្អាត មិនចាញ់កាលនៅប្រឡូកសិល្បៈឡើយ ហេតុនេះហើយបានជាស្វាមីនាងកាន់តែស្រលាញ់អ្នកនាងចំណាន ខ្លាំងឡើងៗ រហូតបណ្ដើរគ្នាតាមកម្មវិធីថ្នាក់ជាតិជាច្រើន ហើយគ្រប់គ្នាបានហៅអ្នកនាងចំណាន ថា ”លោកជំទាវៗ”៕

RELATED ARTICLES