កូនប្រុសចិត្តខ្លាំង មកពីសប្បាយអស់ចិត្ត រករឿងឪពុកម្តាយ ចាក់សាំងដុតផ្ទះ

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានដើរលេងសេពគប់មិត្តភក្តិមិនល្អ រហូតដល់ធ្លាក់ខ្លួនប្រើប្រាស់ថ្នាំញៀន លុះប្រើប្រាស់ហួសកម្រិត ក៏ធ្វើសកម្មភាពរករឿងឪពុកម្តាយ រួចក៏ចាក់សាំងដុតផ្ទះ បណ្តាលឱ្យឆេះហ្មត់គ្មានសល់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត។

ជនបង្កហេតុដែលបែកថ្នាំហួសកម្រិត ចាក់សាំងដុតផ្ទះឪពុកម្តាយឆេះហ្មត់នោះ មានឈ្មោះ យ៉ាន សុផល អាយុ២៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះគ្មានសល់ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះយ៉ាន ភឿន ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនបង្កហេតុ។

តាមប្រភពពីបុរសជាឪពុកជនបង្កហេតុខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ គឺជាមនុស្សចូលចិត្តដើរលេងប៉ោឡែ មិនមានការងារអ្វីធ្វើនោះទេ លុះពេលដើរលេងយូរៗទៅ ក៏សេពគប់ប៉ះចំមិត្តភក្តិប្រមឹក និងញៀនថ្នាំ រហូតធ្វើឱ្យកូនប្រុសគាត់ម្នាក់នេះ ក៏ក្លាយជាមនុស្សប្រមឹកស្រា និងញៀនថ្នាំ ហើយទោះបីពួកគាត់ជាឪពុកម្តាយព្យាយាមអប់រំទូន្មានអូសទាញឱ្យគេចចេញពីគ្រឿងញៀន យ៉ាងណា ក៏កូនប្រុសនេះមិនខ្ចីស្តាប់សោះ និងថែមទាំងរករឿងឈ្លោះប្រកែកអុកឡុកក្រុមគ្រួសារជាញឹកញាប់ ពិសេសនៅពេលបែកថ្នាំម្តងៗ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កូនប្រុសនេះ ទើបនឹងត្រឡប់មកពីជក់គ្រឿងញៀនវិញ ក៏បានស្រែកឡូឡា រករឿងអុកឡុកពេញផ្ទះ បន្ទាប់មក កូនប្រុសកំណាចរូបនេះ ក៏បានចាក់សាំង រួចដុតផ្ទះ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទោះជាសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ ក៏យឺតពេលវេលាដែរ ពោលគឺភ្លើងបានឆេះផ្ទះរបស់គាត់អស់ទាំងស្រុងទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួន ជនបង្កហេតុដែលដុតផ្ទះឪពុកឆេះហ្មត់ខាងលើនេះ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕