Friday, March 29, 2024
Homeព័ត៌មានជាតិតាសម្រួលសរសៃតូចធំម្តង អស់៤០០ដុល្លារ

តាសម្រួលសរសៃតូចធំម្តង អស់៤០០ដុល្លារ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីធ្វើការហត់នឿយអស់កម្លាំងខ្លាំងពេក ក៏ចូលទៅកន្លែងម៉ាស្សាមួយកន្លែង ដើម្បីសម្រួលសរសៃតូចធំ ដឹងអី! ក្រោយពីម៉ាស្សារួច ត្រឡប់ទៅដល់ផ្ទះវិញ ទើបដឹងថា បានបាត់លុយអស់ចំនួន៤០០ដុល្លារ និងមាស៣ហ៊ុន ព្រមទាំងលុយខ្មែរ ១០ម៉ឺនរៀលទៀត ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅចំណុចហាងកោសជប់ម៉ាស្សាមួយកន្លែង “យីហោ១៦៨” តាមបណ្តាយផ្លូវជាតិលេខ៥ ចំណុចផ្លូវភ្លោះឬស្សីកែវ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

បុរសចំណាស់ដែលចូលម៉ាស្សា រួចអះអាងថា បាត់ប្រាក់អស់៤០០ដុល្លារ មានឈ្មោះប៉ាក ហេន អាយុ៥២ឆ្នាំ មុខរបរកម្មករជីកលូ ដាក់លូ ស្នាក់នៅបុរីវិមានភ្នំពេញ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមសម្តីបុរសចំណាស់រងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ទើបនឹងបើកលុយថ្មីៗ បានចំនួន៤០០ដុល្លារ ក្នុងនោះ ក្រដាស១០០ដុល្លារ មាន៣សន្លឹក ក្រដាស៥០ដុល្លារ មាន២សន្លឹក និងមានលុយខ្មែរ ចំនួន១០ម៉ឺនរៀល ក្រដាស៥ម៉ឺនរៀល ២សន្លឹក ព្រមទាំងមាស៣ហ៊ុនទៀតផង ដាក់ក្នុងហោប៉ៅខោ។

ប្រភពដដែលបន្តថា ក្រោយមក ដោយសារតែអស់កម្លាំងពេក ទើបគាត់បានចូលកន្លែងម៉ាស្សា “យីហោ១៦៨” ដើម្បីម៉ាស្សាសម្រួលសរសៃ លុះចូលទៅដល់ គាត់ក៏បានដោះខោអាវដាក់នៅចុងជើង ហើយក៏មាននារីម្នាក់ចូលមកម៉ាស្សាកោសជប់ឱ្យគាត់ បន្ទាប់ពីម៉ាស្សារួច គាត់ក៏បានចេញទៅកន្លែងម៉ាស្សា១ទៀត តែមិនបានដោះខោវអាវដាក់ឆ្ងាយពីខ្លួនទេ គឺខោអាវគាត់នៅជិតខ្លួន។

ប្រភពខាងលើ បន្តថា លុះក្រោយពីគាត់ត្រឡប់ទៅដល់ផ្ទះវិញ លូកហោប៉ៅខោរកមើលលុយ ស្រាប់តែប្រទះឃើញសុទ្ធតែលុយខ្មោច ចំណែកលុយដុល្លារពិតប្រាកដ រួមនឹងមាសផង បានបាត់អស់រលីងទៅហើយ។

ក្រោយកើតហេតុ បុរសចំណាស់ខាងលើ បានវិលត្រលប់ទៅកន្លែងម៉ាស្សាយីហោ១៦៨ ដើម្បីធ្វើការសួរនាំវិញ តែត្រូវបុរសជាម្ចាស់ហាងម៉ាស្សា បដិសេធថា បុរសចំណាស់រូបនេះ បានចូលទៅម៉ាស្សានៅកន្លែង១ទៀត លុះបាត់លុយ បែរជាមកចោទកន្លែងគាត់ទៅវិញ។

ជុំវិញករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំភាគីទាំងពីរទៅដោះស្រាយគ្នានៅប៉ុស្ពិ៍នគរបាលគីឡូម៉ែតលេខ៦៕

RELATED ARTICLES