Thursday, April 25, 2024
Homeព័ត៌មានជាតិផឹកសុីតុក្បែរគ្នា ខឹងមើលមុខ ទាញដំបងវាយបែកថ្ងាស

ផឹកសុីតុក្បែរគ្នា ខឹងមើលមុខ ទាញដំបងវាយបែកថ្ងាស

ខេត្តកណ្តាល ៖ ក្មេងស្ទាវ២ក្រុម បានអង្គុយផឹកស៊ីតុក្បែរគ្នា លុះក្រោយពីផឹកស្រវឹងជោកជាំ ក៏កើតមានជម្លោះរឿងសម្លឹងមុខ រហូតដល់ភាគីម្ខាងទាញដំបងវាយគូទំនាស់ចំថ្ងាស បណ្តាលឱ្យបែកថ្ងាសរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារកៀនស្វាយផ្លាហ្សា ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

ជនរងគ្រោះដែលត្រូវគូទំនាស់សំពង១ដំបងរយះថ្ងាស មានឈ្មោះម៉ាត់ ចិន អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង មានលំនៅក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម។ ចំណែកជនដៃដល់ មានឈ្មោះមិន រាជ អាយុ២២ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់បានអង្គុយផឹកស្រាជាមួយមិត្តភក្តិរបស់ខ្លួនចំនួន២នាក់ទៀត ចំណែកជនរងគ្រោះក៏បានអង្គុយផឹកស្រានៅតុក្បែរគ្នានោះដែរ ដោយជួបជុំផឹកស៊ីជាមួយមិត្តភក្តិចំនួន៥នាក់។ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជនដៃដល់ក៏បានប្រកាន់ខឹងនឹងរឿងជនរងគ្រោះសម្លឹងមើលមុខ ទើបរករឿងឈ្លោះប្រកែកគ្នាមួយប៉្រាវ រួចក៏ស្ងាត់ទៅវិញ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីផឹកស៊ីចប់ ជនរងគ្រោះឡើងជិះម៉ូតូជាមួយមិត្តភក្តិ បំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែជនដៃដល់ទាញដំបងសំពងទៅលើជនរងគ្រោះចំកណ្តាលថ្ងាស បណ្តាលឱ្យបែករយះថ្ងាសរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនដៃដល់បានឡើងជិះម៉ូតូជាមួយមិត្តភក្តិគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិជួយដឹកបញ្ជូន ទៅព្យាបាល និងត្រូវគ្រូពេទ្យដេរមុខរបួសចំនួន៩ថ្នេរ។

ជុំវិញករណីហិង្សាខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមវែកមុខជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES